មន្ត្រី​រដ្ឋាភិបាល​ជំរុញ​ឲ្យ​សុនឆ័យ​ឈប់​ប្រឆាំង​សាលដីកា​រឹប​អូស​ដី

មន្ត្រី​រដ្ឋាភិបាល​កំពុង​ព្យាយាម​ជំរុញ​ឲ្យ​លោក សុន ឆ័យ អ្នក​តំណាង​រាស្ត្រ​បក្ស​សមរង្ស៊ី បញ្ឈប់​ការ​ប្រឆាំង​សាលដីកា​របស់​តុលាការ​កំពូល​ដែល​បាន​សម្រេច​រឹប​អូស​យក​ដី​​របស់​លោក​នៅ​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ទំហំ ៣​ហិកតា ដោយ​ថា ស្ថិត​នៅ​ក្នុង​តំបន់​ការពារ និង​ប្រគល់​ទៅ​ឲ្យ​អាជ្ញាធរ​អប្សរា​គ្រប់គ្រង កាល​ពី​ថ្ងៃ​១ មេសា។

លោក ទិត សុធា ទីប្រឹក្សា​របស់​រាជ​រដ្ឋាភិបាល និង​ជា​អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​៤ ខែ​មេសា ថា ប្រជាពលរដ្ឋ​ដែល​ធ្លាប់​រស់​នៅ​ជាប់​ដី​​របស់​លោក សុន ឆ័យ ចំនួន ២៦៥​គ្រួសារ គឺ​គេ​បាន​​យល់​ព្រម​ចាក​ចេញ​អស់​ហើយ នៅ​តែ​លោក សុន ឆ័យ ម្នាក់​ប៉ុណ្ណោះ​ដែល​នៅ​តែ​ជំទាស់​សាលដីកា​របស់​តុលាការ​កំពូល ដែល​សម្រេច​ឲ្យ​រឹប​អូស​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ។

លោក ទិត សុធា បាន​មាន​ប្រសាសន៍​ថា មក​ដល់​ពេល​នេះ​សមត្ថកិច្ច​ក៏​បាន​អនុវត្តន៍​សាលដីកា​រួច​រាល់​អស់​ហើយ ប្រសិន​បើ​លោក សុន ឆ័យ មិន​ទទួល​យក គឺ​រដ្ឋាភិបាល​នឹង​មាន​វិធានការ​ជា​បន្តបន្ទាប់​ទៀត។

លោក ទិត សុធា មាន​ប្រសាសន៍​ដូច្នេះ ៖ «ចំនួន​ប្រជាពលរដ្ឋ​ទាំងអស់ ២៦៦​គ្រួសារ គឺ ២៦៥​គ្រួសារ​គេ​បាន​ឯកភាព​អស់​ហើយ ដូច្នេះ​មិន​អាច​យក​បុគ្គល​ម្នាក់​មក​ប្រឆាំង​ទៅ​នឹង​ទិដ្ឋភាព​ច្បាប់ ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេចក្ដី​សម្រេច​សាលដីកា​ស្ថាពរ​របស់​តុលាការ​បាន​ទេ។ សាលដីកា​ហ្នឹង​គឺ​មាន​តម្លៃ មាន​អធិបតេយ្យ ដែល​ឆន្ទានុសិទ្ធិ​របស់​តុលាការ ហើយ​លោក សុន ឆ័យ គឺ​មិន​អាច​ប្រឆាំង​នឹង​សាលដីកា​នេះ​បាន​ទេ។ មក​ដល់​ពេល​នេះ សមត្ថកិច្ច​ក៏​បាន​អនុវត្ត​នូវ​សាលដីកា​រួច​រាល់​អស់​ហើយ បើសិនជា​គាត់​មិន​ទទួល គឺ​នឹង​មាន​វិធានការ​ជា​បន្តបន្ទាប់​ទៀត»

នៅ​ថ្ងៃ​អាទិត្យ ទី​៤ មេសា​នេះ វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​សុំ​ប្រតិកម្ម​ពី​លោក​តំណាង​រាស្ត្រ សុន ឆ័យ ថា​តើ​មាន​គម្រោង​ធ្វើ​ដូច​ម្ដេច​ទៀត​នោះ​ទេ។

ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​១ ខែ​មេសា នៅ​ពេល​ដែល​សមត្ថកិច្ច​ចុះ​អនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល​រឹប​អូស​យក​ដី​របស់​លោក​នោះ លោក សុន ឆ័យ បាន​សម្ដែង​ការ​​មិន​ពេញ​ចិត្ត​ចំពោះ​សាលដីកា​របស់​តុលាការ​កំពូល​នោះ​ទេ ដោយ​មាន​ប្រ​សាសន៍​យ៉ាង​ដូច​នេះ ៖ «គឺ​ជា​ការ​ប្លន់​យក​ដី​តាម​រយៈ​ប្រព័ន្ធ​តុលាការ ការ​យក​ដី​ដោយ​មិន​គោរព​តាម​ច្បាប់​ភូមិបាល។ ប្រើ​កម្លាំង​ប្រដាប់​អាវុធ​បែប​នេះ គឺ​ជា​អំពើ​យង់ឃ្នង​ដែល​ផ្ទុយ​អំពី​គោលការណ៍​ច្បាប់។ នេះ​មិន​ប្រព្រឹត្ត​ត្រឹម​តែ​ខ្ញុំ​ទេ ពលរដ្ឋ​ដែល​លោក​មាន​ដី​បន្តិច​បន្តួច​ក៏​ទទួល​រង​គ្រោះ​បែប​នេះ​ជា​ច្រើន​ករណី​ហើយ»