សុន​ឆ័យ​រិះគន់​សេចក្ដី​ព្រាង​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ

តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង លោក សុន ឆ័យ បាន​ប្រតិកម្ម​ចំពោះ​សេចក្តី​ព្រាង​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ ដោយ​រិះគន់​ថា នៅ​មាន​ចន្លោះ​ប្រហោង​ច្រើន។

តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី គឺ​លោក សុន ឆ័យ នៅ​ថៃ្ង​សុក្រ​នេះ​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​និង​រិះគន់​ថា សេចក្តី​ព្រាង​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល ដែល​សភា​ជាតិ​គ្រោង​បើក​ការ​ពិភាក្សា​ដើម្បី​អនុម័ត​នៅ​សប្តាហ៍​ក្រោយ​នេះ គឺ​នៅ​មាន​ចំណុច​ចន្លោះ​ប្រហោង​ច្រើន ហើយ​បាន​ញ៉ាំង​ឲ្យ​មាន​ការ​សង្ស័យ​ថា ច្បាប់​នេះ​ក្លាយ​ជា​ឧបករណ៍​បម្រើ​ឲ្យ​ជន​ពុក​រលួយ​និង​អ្នក​មាន​អំណាច​ទៅ​វិញ។

ប៉ុន្តែ​មន្រ្តី​ជាន់​ខ្ពស់​និង​តំណាង​រាស្រ្ត​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​សម្ដែង​ការ​សាទរ​ចំពោះ​សេចក្តី​ព្រាង​ច្បាប់​នេះ​ថា ជា​ឧបរណ៍​សំខាន់​នៅ​ក្នុង​ការ​ប្រឆាំង​អំពើ​ពុក​រលួយ និង​បម្រើ​ប្រទេស​ជាតិ។

ប្រភព​ដដែល​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា សេចក្តី​ព្រាង​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​នេះ​ត្រូវ​បាន​គណៈកម្មការ​អចិន្រៃ្តយ៍​របស់​សភា​ជាតិ​ប្រជុំ​សម្រេច​នៅ​ថៃ្ង​សុក្រ​នេះ ដាក់​ចូល​ក្នុង​របៀបវារៈ​ដើម្បី​ពិភាក្សា​និង​អនុម័ត​នៅ​ក្នុង​កិច្ច​ប្រជុំ​សភា​វិសាមញ្ញ នៅ​ថៃ្ង​ទី​១០ ខែ​មីនា សប្តាហ៍​ក្រោយ​នេះ តាម​សំណើ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា គឺ​លោក ហ៊ុន សែន។

តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ថៃ្ង​សុក្រ​នេះ ថា ៖ «យើង​បារម្ភ​ថា អាច​នឹង​យក​ទៅ​ប្រើប្រាស់​ក្នុង​ការ​ទៅ​រំខាន​ដល់​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស ផ្នែក​អី​ដែល​មាន​ការ​រិះគន់​ទៅ​រដ្ឋាភិបាល ហើយ​ជា​កត្តា​មួយ​ដែល​គេ​អាច​រក​ឃើញ​ការ​ចាយ​លុយ​ខុស​បន្តិច​បន្តួច​អ៊ីចឹង​អី​ទៅ យក​ទៅ​បង្កើត​បញ្ហា ហើយ​និង​គណបក្ស​ប្រឆាំង ឬ​ក៏​អ្នក​ណា​ដែល​សហការ​ជាមួយ​បក្ស​ប្រឆាំង អាច​ផ្ដល់​ធនធាន​អី គេ​អាច​រក​ឃើញ គឺ​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​ការ​រកស៊ី​របស់​គាត់។ ដូច្នេះ​គឺ​ថា អ្នក​ដែល​កាន់​ការ​នេះ​គឺ​អាច​ដឹង​ទាំង​អស់ អ្នក​ណា​ដែល​មាន​កំហុស​អី ដឹង​ទាំង​អស់ នៅ​លើ​តុ​ទាំង​អស់ ហើយ​គេ​សម្រេច​ជា​ឯកច្ឆន្ទ​ថា តើ​គេ​អាច​ដាក់​ទោស​អ្នក​ណា​បាន?»

ផ្ទុយ​ពី​ការ​រិះគន់​ខាង​លើ​នេះ លោក ជាម យៀប តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​ទទួល​បន្ទុក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​របស់​សភា​ជាតិ បាន​មាន​ប្រសាសន៍​ថា សេចក្តី​ព្រាង​ច្បាប់​នេះ​មាន​សារសំខាន់​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ។

លោក ជាម យៀប បាន​បញ្ជាក់​ថា ៖ «អា​នេះ​គឺ​ជា​ដង​ដាវ​មួយ​ដែល​យើង​ចាំបាច់​ត្រូវ​ប្រគល់​ជូន​ទៅ​តុលាការ ដើម្បី​អនុវត្ត​នូវ​រាល់​ការងារ ក្រោយ​ពេល​ព្រះ​ករុណា ព្រះអង្គ​ឡាយ​ព្រះហស្ត​លេខា លោក​រៀបចំ​ឲ្យ​ប្រើប្រាស់។ ខ្ញុំ​គ្រាន់តែ​សុំ​ជម្រាប​ថា អ្វី​ដែល​លោក សុន ឆ័យ បាន​លើក​ឡើង​គឺ​ជា​សិទ្ធិ​របស់​គាត់​ទេ ប៉ុន្តែ​គ្រាន់​តែ​ថា គាត់​លៃ​យ៉ាង​ម៉េច​កុំ​ឲ្យ​តែ​ប៉ះ​សិទ្ធិ​អ្នក​ដទៃ​បាន​ហើយ!»

លោក សុន ឆ័យ តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង បាន​លើក​បង្ហាញ​អំពី​ចំណុច​ចន្លោះ​ប្រហោង​សំខាន់ៗ នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នោះ​ថា ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​រៀងរាល់ ២​ឆ្នាំ​ម្តង ត្រូវ​បាន​គេ​ចាត់ទុក​ជា​ឯកសារ​ព័ត៌មាន​យ៉ាង​សម្ងាត់​បំផុត មិន​ឲ្យ​សាធារណ​ជន​បាន​ដឹង​ឮ ឬ​តាមដាន​ទ្បើយ។

ពុំ​មាន​មាត្រា​ណា​មួយ​ចែង​អំពី​ការ​ផ្តន្ទា​ទោស​ចំពោះ​មន្រ្តី​ប្រឆាំង​អំពើ​ពុក​រលួយ ក្នុង​ករណី​មាន​ការ​ឃុបឃិត​គ្នា​ជាមួយ​អ្នក​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នោះ។

សេចក្តី​ព្រាង​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​សភា​ជាតិ​គ្រោង​បើក​កិច្ច​ប្រជុំ​វិសាមញ្ញ​ពិភាក្សា​និង​អនុម័ត​នៅ​ថៃ្ង​ទី​១០ ខែ​មីនា​សប្តាហ៍​ក្រោយ​នេះ គឺ​មាន​ចំនួន ៥៧​មាត្រា និង ៩​ជំពូក។

សហគមន៍​ប្រទេស​ម្ចាស់​ជំនួយ​អន្តរជាតិ និង​សង្គម​ស៊ីវិល​នានា​ក្នុង​ប្រទេស​កម្ពុជា កំពុង​តែ​ទន្ទឹង​រង់ចាំ​សេចក្ដី​ព្រាង​ច្បាប់​នេះ​អស់​រយៈពេល​ជាង ១៥​ឆ្នាំ​មក​ហើយ តាំង​ពី​ឆ្នាំ​១៩៩៤​មក។

ឯកសារ​ស្រាវជ្រាវ​ឯករាជ​មួយ​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ​២០០៤​កន្លង​ទៅ ស្តីពី​ការ​វាយ​តម្លៃ​ស្ថានការណ៍​អំពើ​ពុក​រលួយ​ក្នុង​ប្រទេស​កម្ពុជា បាន​រក​ឃើញ​ថា ប្រទេស​កម្ពុជា​បាន​បាត់បង់​ថវិកា​ចំណូល​រដ្ឋ​រវាង​ពី ៣០០​លាន​ដុល្លារ​អាមេរិក ទៅ ៥០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ ដោយសារ​អំពើ​ពុក​រលួយ អំពើ​រត់​ពន្ធ​ខុស​ច្បាប់ និង​អំពើ​ខុស​ច្បាប់​នានា។

កាល​ពី​ថៃ្ង​ទី​១៧ ខែ​មករា​កន្លង​ទៅ​នេះ មាន​ការ​បើក​វគ្គ​បណ្តុះ​បណ្តាល​មួយ​ដល់​សិក្ខាកាម​ចំនួន ៦២​នាក់ សម្រាប់ ៤​វគ្គ ផ្តោត​លើ​វិធី​សាស្រ្ត​និង​ជំនាញ​នានា​សម្រាប់​ការ​ស្ទង់​មតិ ស្រាវជ្រាវ ស៊ើប​អង្កេត​អំពើ​ពុក​រលួយ យន្តការ​បណ្ដឹង ការ​រៀបចំ​សំណុំ​រឿង​ពុក​រលួយ និង​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ។

វគ្គ​បណ្តុះ​បណ្តាល​នោះ​ត្រូវ​បាន​បង្រៀន​ដោយ​អ្នក​ឯកទេស​មាន​បទពិសោធន៍​ខ្ពស់​លំដាប់​អន្តរជាតិ​មក​ពី​សហរដ្ឋ​អាមេរិក និង​ទីក្រុង​ហុងកុង ក្រោម​កិច្ច​ឧបត្ថម្ភ​ដោយ USAID សហការ​ជាមួយ​នឹង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល៕