បទ​ចម្រៀង​ព្រះ​រាជ​និពន្ធ​ដោយ​ព្រះ​មហា​វីរក្សត្រ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​បាន​លើក​ឡើង​ថា ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះ​មហាវី​រក្សត្រ ជា​ស្ដេច​មួយ​ព្រះ​អង្គ​ដែល​មាន​សិល្បៈ​នយោបាយ​ខ្ពស់ គឺ​ព្រះអង្គ​មាន​មធ្យោបាយ​នយោបាយ​ជា​ច្រើន ដើម្បី​ដឹកនាំ​ប្រទេស​នៅ​ខណៈ​ព្រះអង្គ​គ្រប់​ប្រទេស។

0:00 / 0:00

អ្វី​ដែល​ជា​សិល្បៈ​នយោបាយ និង​ឆ្លុះ​បញ្ចាំង​អំពី​ភាព​មនុស្ស​ធម៌ និង​គុណធម៌​របស់​ព្រះអង្គ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​មនោសញ្ចេតនា និង​ចាប់​អារម្មណ៍​ព្រះអង្គ​ថែម​ទៀត​នោះ គឺ​តាម​រយៈ​បទ​ចម្រៀង​ដែល​ព្រះ​រាជ​និពន្ធ​ដោយ​ព្រះអង្គ​ផ្ទាល់។

បទ​ចម្រៀង​មាន​ចំណង​ជើង​ថា "រាត្រី​ជួប​ភក្ត្រ" ជា​ស្នាព្រះហស្ត​ព្រះរាជ​និពន្ធ​ដោយ​អតីត​ព្រះ​មហាក្សត្រ នរោត្តម សីហនុ គឺ​ជា​បទ​ចម្រៀង​ដែល​ល្បី​ជាង​គេ​ក្នុង​ចំណោម​បទ​ចម្រៀង​ដទៃ​ទៀត ដែល​ព្រះអង្គ​បាន​ព្រះ​រាជ​និពន្ធ​ប្រហែល​ជាង ៣០​បទ។

បទ​ចម្រៀង​ "​រាត្រី​ជួប​ភក្ដ្រ" ​ជា​បទ​ចម្រៀង​​មួយ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ពេញ​និយម​តាំង​ពី​ទស្សវត្សរ៍​​១៩៧០ ​មក​ដល់​បច្ចុប្បន្ន។ បទ​ចម្រៀង​នេះ ប្រជាពលរដ្ឋ​តែងតែ​ចាក់​ស្ដាប់​កម្សាន្ត​នៅ​ក្នុង​ពិធី​បុណ្យ​នា​នា។

អតីត​លេខា​ផ្ទាល់​ព្រះ​មហា​វីរក្សត្រ ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មាន​ព្រះ​រាជ​បន្ទូល​ថា ព្រះរាជ​និពន្ធ​បទ​ចម្រៀង​របស់​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ មាន​ប្រមាណ​ជាង ៣០​បទ ក្នុង​នោះ​បទ​ចម្រៀង​ដែល​ព្រះ​មហា​វីរក្សត្រ​ព្រះរាជ​និពន្ធ​ចុង​ក្រោយ​គេ​នៅ​ចន្លោះ​ឆ្នាំ​១៩៥៥ និង​ឆ្នាំ​១៩៧០ គឺ​មាន​បទ "រាត្រី​បាន​ជួប​ភក្ត្រ" "ម៉ូនីកា" និង​បទ "កុលាប​ភ្នំពេញ"។

បទ​​ចម្រៀង "លា​ហើយ​កម្ពុជា"

ព្រះ​មហា​វីរក្សត្រ នរោត្តម សីហនុ ព្រះអង្គ​បាន​ចាប់​ផ្ដើម​ព្រះ​រាជ​និពន្ធ​បទ​ចម្រៀង​តាំង​ពី​ទសវត្សរ៍​១៩៤០ ដល់​ទសវត្សរ៍​១៩៥០។ ដោយ​ឡែក​ចាប់​ពី​ទសវត្សរ៍​១៩៥៥ ដល់​ទសវត្សរ៍​១៩៧០ ព្រះអង្គ​ព្រះ​រាជ​និពន្ធ​បទ​ចម្រៀង​តែ​បី​បទ​នេះ​ទេ។

ទាក់ទង​នឹង​បញ្ហា​នេះ ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មាន​បន្ទូល​ថា ក្នុង​ចំណោម​បទ​ចម្រៀង​ទាំង​បី​បទ​នេះ គឺ​បទ "រាត្រី​ជួប​ភក្ត្រ" ជា​បទ​ចម្រៀង​ព្រះអង្គ​យល់​ថា ជា​បទ​ល្បី និង​ពេញ​និយម​ជាង​គេ។

ព្រះ​រាជ​និពន្ធ​បទ​ចម្រៀង​របស់​ព្រះ​មហា​វីរក្សត្រ នរោត្តម សីហនុ ក្នុង​នោះ​ទាក់ទង​នឹង​រឿង​នយោបាយ ពិសេស​ទាក់ទង​ទៅ​នឹង​រឿង​ស្នេហា។ រី​ឯ​បទ​ចម្រៀង​ចុង​ក្រោយ​ចំនួន​បី​បទ​នេះ ព្រះអង្គ​ចាប់​ផ្ដើម​ព្រះ​រាជ​និពន្ធ​នៅ​ពេល​ព្រះអង្គ​បាន​ចាប់​ផ្ដើម​សព្វ​ព្រះ​រាជ​ហរទ័យ​ទៅ​លើ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ។

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ អ្នក​ឃ្លាំមើល​អំពី​បញ្ហា​សង្គម​បាន​លើក​ឡើង​ថា ព្រះរាជ​និពន្ធ​បទ​ចម្រៀង​របស់​ព្រះ​ករុណា ព្រះបាទ នរោត្តម សីហនុ ជា​រឿង​មួយ​ដែល​ព្រះអង្គ​បាន​បង្កប់​អត្ថន័យ​នយោបាយ​ជ្រាលជ្រៅ ដើម្បី​ធ្វើ​ឲ្យ​ទាក់ទាញ និង​ចំណាប់​អារម្មណ៍​ពី​ប្រជាពលរដ្ឋ ដែល​មេដឹកនាំ​ខ្មែរ​ដទៃ​ទៀត​មិន​អាច​ធ្វើ​បាន។

អ្នក​ស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា ព្រះ​ករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះអង្គ​បាន​ព្រះ​រាជ​និពន្ធ​បទ​ចម្រៀង​ជា​សិល្បៈ​នយោបាយ ដែល​ព្រះអង្គ​បាន​ប្រើ​វិធី​សាស្ត្រ​នយោបាយ​ជា​ច្រើន​នៅ​ឱកាស​ដែល​ព្រះអង្គ​បាន​ដឹកនាំ​ប្រទេស។

ក្រៅ​ពី​ព្រះ​រាជ​និពន្ធ​បទ​ចម្រៀង​ពីរោះ​ៗ ដែល​រៀបរាប់​អំពី​សេចក្ដី​ស្នេហា​នោះ គឺ​មាន​បទ​ចម្រៀង​ជា​ច្រើន​ទៀត​ដែល​ព្រះ​រាជ​និពន្ធ​ដោយ​អតីត​ព្រះ​មហាក្សត្រ បាន​រៀបរាប់​អំពី​តថភាព​ជាក់​ស្ដែង​នៅ​ក្នុង​សង្គម​ និង​ឆ្លុះ​បញ្ចាំង​អំពី​បញ្ហា​កិច្ចការ​សង្គម​កិច្ច​ជា​ដើម។

លោក កែម ឡី បាន​ពន្យល់​ទៀត​ថា រាល់​បទ​ចម្រៀង​ដែល​ព្រះរាជ​និពន្ធ​ដោយ​ព្រះ​មហា​វីរក្សត្រ ទោះ​បី​ជា​បទ​ចម្រៀង​នោះ​រៀបរាប់​ពី​រឿង​ស្នេហា​ក្ដី ប៉ុន្តែ​គ្រប់​បទ​ចម្រៀង​ទាំង​នោះ​មាន​គោល​បំណង​ច្បាស់​លាស់​សម្រាប់​អប់រំ​មនុស្ស បញ្ជាក់​អំពី​ភូមិសាស្ត្រ​ទី​កន្លែង​ច្បាស់លាស់ បញ្ជាក់​អំពី​ខ្លឹមសារ និង​មូលហេតុ​នៃ​បទ​ចម្រៀង​នីមួយៗ​ច្បាស់លាស់។

ទាក់ទង​ទៅ​បទ​ចម្រៀង​ដែល​ព្រះរាជ​និពន្ធ​ដោយ​អតីត​ព្រះ​មហា​វីរក្សត្រ​នេះ ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​ចាប់​អារម្មណ៍​ទៅ​នឹង​បទ​ចម្រៀង​របស់​ព្រះអង្គ។

ប្រជាពលរដ្ឋ​មួយ​ចំនួន​មាន​ចំណាប់​អារម្មណ៍​ទៅ​លើ​បទ​ចម្រៀង​ទាំង​នោះ ប្រហាក់​ប្រហែល​គ្នា គឺ​បទ "កុលាប​ភ្នំពេញ" បទ "រាត្រី​ជួប​ភក្ត្រ" និង​បទ "លា​ហើយ​កម្ពុជា" ជាដើម។

បទ​ចម្រៀង​លា​ហើយ​កម្ពុជា ដែល​ជា​បទ​ព្រះ​រាជ​និពន្ធ និង​ច្រៀង​ដោយ​អតីត​ព្រះ​មហា​ក្សត្រ​ដែរ​នោះ ជា​បទ​មួយ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អាឡោះអាល័យ​ព្រះអង្គ​កាន់​តែ​ខ្លាំង និង​ចងចាំ​ព្រះអង្គ​ជានិច្ច ពីព្រោះ​ថា អត្ថន័យ​នៅ​ក្នុង​បទ​នេះ ព្រះ​ករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ហាក់​បី​ដូច​ជា​ព្រះអង្គ​បាន​ដឹង​ព្រះទ័យ​ជា​មុន​ថា ព្រះអង្គ​នឹង​លា​ទៅ​សែន​ឆ្ងាយ​ពី​ប្រជាពលរដ្ឋ​របស់​ព្រះអង្គ តែ​ព្រះទ័យ​របស់​ព្រះអង្គ​នៅ​ដក់​ជាប់ និង​បម្រើ​ការពារ​ប្រជាពលរដ្ឋ​ជានិច្ច។

អត្ថន័យ​បទ​ចម្រៀង​ដែល​មាន​ចំណង​ជើង​ថា លា​ហើយ​កម្ពុជា នៅ​ក្នុង​វគ្គ​ដំបូង​គេ មាន​ន័យ​ថា៖ លា​ហើយ កម្ពុជា​អើយ សុំ​លា​ដោយ​អាឡោះអាល័យ ចិត្ត​ខ្ញុំ​ជា​រៀង​រាល់​ថ្ងៃ សុំ​ភ្ជាប់​និស្ស័យ​នឹង​អ្នក​នេះ​ហើយ

ដោយ​ឡែក​នៅ​វគ្គ​បញ្ចប់​នៃ​បទ​ចម្រៀង​នេះ​វិញ មាន​ន័យ​ថា៖ ទោះ​ជា​ខ្ញុំ​ក្ស័យ​ជីវា សុំ​បម្រើ​ការពារ​អ្នក បំរើ​ដោយ​សែន​ស្មោះស្ម័គ្រ រួមរក្ស​នឹង​អ្នក​លុះ​អវសាន

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។