អព្យាក្រឹតភាពរបស់កម្ពុជា ដែលជាប្រធានអាស៊ាន កំពុងស្ថិតក្នុងភាពមន្ទិលសង្ស័យពីមជ្ឈដ្ឋានផ្សេងៗ ពាក់ព័ន្ធនឹងការដោះស្រាយជម្លោះនៅសមុទ្រចិនខាងត្បូង រវាងប្រទេសជាសមាជិកអាស៊ានមួយចំនួន ជាមួយនឹងប្រទេសចិន។
ទោះយ៉ាងណា អ្នកវិភាគនយោបាយសង្គម បានមើលឃើញថា បញ្ហាជម្លោះសមុទ្រចិនខាងត្បូង គឺជារឿងដ៏ស្មុគស្មាញមួយ ហើយអាចហួសពីសមត្ថភាពកម្ពុជា ក្នុងការដើរតួសម្របសម្រួលក្នុងរឿងនេះ។
ប្រទេសហ្វីលីពីន និងជប៉ុន ប្រតិកម្មមិនយល់ស្របចំពោះកិច្ចប្រជុំអាស៊ានលើកទី២១ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ហើយបាននិយាយថា មិនចាត់ទុកបញ្ហាជម្លោះសមុទ្រចិនខាងត្បូង ជាបញ្ហាអន្តរជាតិ។
ក្នុងកិច្ចប្រជុំអាស៊ានបូកជប៉ុន កាលពីថ្ងៃចន្ទ ទី១៩ វិច្ឆិកា មេដឹកនាំប្រទេសហ្វីលីពីន បានសម្ដែងការមិនពេញចិត្តចំពោះប្រធានអង្គប្រជុំ ដែលលើកមិនចំបញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូង នៅពេលដែលមេដឹកនាំអាស៊ានទាំង១០ ជួបជាមួយប្រទេសជប៉ុននោះ។
ប្រធានាធិបតីហ្វីលីពីន លោក បិននិងណូ អាគីណូ (Benigno Aquino) បានច្រានចោលចំពោះការលើកឡើងរបស់រដ្ឋាភិបាលកម្ពុជា ដែលថាប្រទេសសមាជិកសហគមន៍អាស៊ានទាំង១០ បានយល់ស្របគ្នាជាឯកច្ឆន្ទថានឹងមិនលើកយកជម្លោះនៅសមុទ្រចិនខាងត្បូងទៅដោះស្រាយក្នុងកម្រិតថ្នាក់អន្តរជាតិ។
កាសែតឌឹខេមបូឌាដេលី (The Cambodia Daily) បានស្រង់ប្រសាសន៍របស់ប្រធានាធិបតីហ្វីលីពីន លោក បិននិងណូ អាគីណូ ចុះផ្សាយនៅថ្ងៃអង្គារ ទី២០ វិច្ឆិកា នេះ ដែលបានអោយដឹងថា៖ «នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន (Retreat) កាលពីថ្ងៃអាទិត្យ ម្សិលមិញ មានការបញ្ចេញទស្សនៈផ្សេងៗស្តីអំពីការឯកភាពគ្នានៅក្នុងប្រទេសសមាជិកអាស៊ាន។ ប៉ុន្តែបែរជាត្រូវបានប្រធានអាស៊ាន គឺកម្ពុជា បកស្រាយថា អាស៊ានមានការយល់ស្របជាខន់សិនសើស (Consensus = ឯកច្ឆន្ទ) ចំពោះការមិនដាក់បញ្ហាសមុទ្រចិនខាងត្បូងទៅជាបញ្ហាអន្តរជាតិទៅវិញ។ ប្រទេសហ្វីលីពីន មិនបានយល់ឃើញដូច្នេះទេ ហើយយ៉ាងហោចណាស់ ក៏មានប្រទេសមួយទៀតដែរ ដែលយល់ឃើញដូចប្រទេសហ្វីលីពីន»។
លោក បិននិងណូ អាគីណូ បន្តថា បើទោះជាប្រទេសហ្វីលីពីន បានលើកបញ្ជាក់ជំហររបស់ខ្លួនម្តងទៀតនៅក្នុងកិច្ចប្រជុំកំពូលរវាងអាស៊ាន និងជប៉ុន ក៏ដោយ ក៏រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា លោក កៅ គឹមហ៊ួន នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃចន្ទ ទី១៩ វិច្ឆិកា នៅតែលើកឡើងថា ប្រទេសសមាជិកសហគមន៍អាស៊ានទាំង១០ បានយល់ស្របគ្នាជាកុងសង់ស៊ុស (Consensus = ឯកច្ឆន្ទ) ថា មិនលើកយកជម្លោះនៅសមុទ្រចិនខាងត្បូង ទៅដោះស្រាយជាកម្រិតថ្នាក់អន្តរជាតិទេ។ លោកថា ប្រទេសហ្វីលីពីន ប្រកាន់ជំហរប្រើប្រាស់សិទ្ធិ និងមធ្យោបាយខ្លួន ដើម្បីការពារផលប្រយោជន៍របស់ប្រទេសខ្លួន។
ទាក់ទងនឹងការខ្វែងយោបល់គ្នានេះ អគ្គលេខាធិការអាស៊ាន លោក សុរិន្ទ ពិតសុវណ្ណ (Surin Pit suwan) អោយដឹងថា ក្នុងកិច្ចប្រជុំកាលពីថ្ងៃអាទិត្យ រដ្ឋាភិបាលហ្វីលីពីន ពិតជាបានជំទាស់ដូច្នេះមែន។ ចំណែកប្រទេសជប៉ុន វិញ ដែលមិនមែនជារដ្ឋសមាជិកនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នោះ បានព្រមានដែរថា ជម្លោះនៅសមុទ្រចិនខាងត្បូង អាចនឹងធ្វើឲ្យមានអស្ថិរភាពក្នុងតំបន់។
ប្រទេសជប៉ុន បានបញ្ជាក់ជំហរថា ខ្លួនចង់ឃើញបញ្ហានៅសមុទ្រចិនខាងត្បូង ត្រូវបានដោះស្រាយក្នុងកម្រិតថ្នាក់អន្តរជាតិ គឺមានន័យថា ជម្លោះនេះមិនគួរត្រូវបានលើកមកដោះស្រាយត្រឹមទ្វេភាគីរវាងប្រទេសចិន និងប្រទេសដែលមានជម្លោះជាមួយប្រទេសចិន នោះទេ។ នាយករដ្ឋមន្ត្រីជប៉ុន លោក យូស្សីហ៊ីកូ ណូដា (Yoshihiko Noda) មានប្រសាសន៍ថា ជម្លោះផលប្រយោជន៍ក្នុងដែនសមុទ្រចិនខាងត្បូង គឺជាបញ្ហាអន្តរជាតិ ដែលអាចប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ តែទោះជាយ៉ាងណា លោកថាជម្លោះនេះគួរតែត្រូវបានដោះស្រាយដោយសន្តិវិធី និងផ្អែកតាមច្បាប់អន្តរជាតិ។
ទាក់ទងបញ្ហានេះ វិទ្យុអាស៊ីសេរី ពុំទាន់អាចរកការពន្យល់ពីមន្ត្រីរដ្ឋាភិបាលកម្ពុជា បាននៅឡើយ នៅថ្ងៃអង្គារ ទី២០ វិច្ឆិកា។
ប៉ុន្តែ ប្រតិកម្មបែបនេះធ្វើឡើងផ្ទុយពីការបញ្ជាក់របស់រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា លោក កៅ គឹមហ៊ួន ដែលបានធ្វើសន្និសីទកាសែតកាលពីថ្ងៃទី១៨ វិច្ឆិកា បញ្ជាក់ថា ប្រមុខរដ្ឋាភិបាលអាស៊ាន បានជជែកផ្លាស់ប្ដូរមតិយោបល់គ្នាក្នុងកិច្ចប្រជុំជាផ្លូវការ និងបានឯកភាពគ្នាទាំងស្រុងលើបញ្ហាសមុទ្រចិនខាងត្បូង ដោយមិនធ្វើអន្តរជាតូបនីយកម្ម ឬមិនធ្វើឲ្យទៅជារឿងអន្តរជាតិនោះឡើយ៖ «នេះជាគោលជំហរថ្មីដែលប្រមុខរដ្ឋាភិបាលអាស៊ាន បានសម្រេចយកនៅពេលនេះ ហើយនឹងបន្តការអនុវត្តឌី.អូ.ស៊ី (DOC) ឲ្យពេញលេញដោយមានប្រសិទ្ធភាព»។
ស្របពេលគ្នានោះដែរ អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រកាសដែរថា រដ្ឋាភិបាលចិន ប្ដេជ្ញាបន្តពិភាក្សាជាមួយអាស៊ាន លើបញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូងនោះ។
លោក ហ្គ័ង ចេង (Qin Gang) ប្រធាននាយកដ្ឋានព័ត៌មានទូទៅ និងជាអ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា "ចិនបានធ្វើការប្ដេជ្ញាចិត្តធ្វើការពិភាក្សាជាមួយអាស៊ាន ពិសេសប្រទេសដែលពាក់ព័ន្ធ ហើយវាមិនមែនជាបញ្ហាធំទេ ហើយគ្រប់គ្នាក៏មិនគួរយកបញ្ហានេះធ្វើជាឧបសគ្គដល់ទំនាក់ទំនងអាស៊ាន-ចិន នោះទេ"។
រដ្ឋជាសមាជិកក្នុងសមាគមអាស៊ាន ដែលមានជម្លោះដែនសមុទ្រជាមួយប្រទេសចិន មានប្រទេសហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និងប្រទេសប្រ៊ុយណេ។
នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនលុង (Lee Hsien Loong) ក៏បានអំពាវនាវទៅកាន់ប្រទេសអាស៊ាន និងចិន ថា គេមិនគួរយកបញ្ហាសមុទ្រចិនខាងត្បូង មកកំណត់វាសនានៃចំណងទាក់ទងរវាងក្រុមប្រទេសអាស៊ានទាំង ១០ប្រទេសនេះ និងចិន នោះទេ។ លោកថា វាមានសារសំខាន់ក្នុងការរក្សាជំនឿចិត្តលើអាស៊ីបូព៌ា និងបានកត់សម្គាល់ថា ការទាមទារទឹកដីបាននាំឲ្យមានភាពតានតឹងនៅអាស៊ីបូព៌ា។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ បានមានប្រសាសន៍ថា កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន មើលទៅទំនងជាមិនអាចលប់ស្នាមប្រេះស្រាំដ៏ធ្ងន់ធ្ងរនេះបានទេ៖ «ខ្ញុំមិនជឿថាទំនាស់នេះនឹងអាចដោះស្រាយបានឆាប់នោះទេ ហើយជំហរចិន រឹងត្អឹង ហើយចិន នេះមានអំណាចកាន់តែខ្លាំងទៅៗទាំងអំណាចសេដ្ឋកិច្ចផង និងអំណាចយោធាផង។ ដូច្នេះ អ្នកដទៃក៏ពិបាកធ្វើអី ភាពតានតឹងប្រហែលជាអត់ធូរស្រាលទេ ហើយសម្រាប់ប្រទេសតូចតាចដូចប្រទេសយើង ក៏មានការលំបាកដែរ»។
ជម្លោះសមុទ្រចិន ដដែលនេះ បានធ្វើឲ្យកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៤៥ និងកិច្ចប្រជុំវេទិកាតំបន់អាស៊ាន ព្រមទាំងកិច្ចប្រជុំសំខាន់ៗមួយចំនួនទៀត នៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១២ មិនទទួលបានជោគជ័យម្តងរួចមកហើយ។ ពេលនោះ កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន មិនអាចចេញសេចក្តីថ្លែងការណ៍រួមស្ដីពីលទ្ធផលនៃកិច្ចប្រជុំនោះបានទេ ដោយសារតែប្រទេសសមាជិកអាស៊ានមួយចំនួន មិនទាន់បានចុះសម្រុងគ្នាលើការដោះស្រាយនៃជម្លោះនៅសមុទ្រចិនខាងត្បូងនោះ។
កាលណោះដែរ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង បានមានប្រសាសន៍ថា ប្រទេសមួយចំនួនជាសមាជិកអាស៊ាន កំពុងតែយកបញ្ហាជម្លោះទ្វេភាគីជាមួយប្រទេសចិន នោះ មកធ្វើជាចំណាប់ខ្មាំង មិនឲ្យចេញសេចក្តីថ្លែងការណ៍រួមនោះបាន នៅថ្ងៃបញ្ចប់នៃកិច្ចប្រជុំ។
សមុទ្រចិនខាងត្បូង ជាផ្លូវទឹកយ៉ាងសំខាន់សម្រាប់ប្រទេសជប៉ុន សម្រាប់នាវាដឹកប្រេងឆៅឆ្លងកាត់ពីមជ្ឈិមបូព៌ា។
ប្រទេសហ្វីលីពីន និងកម្ពុជា ធ្លាប់ប្រឈមមុខការទូតដាក់គ្នាម្តងហើយ ក្រោយពីកិច្ចប្រជុំអាស៊ាន កាលពីខែកក្កដា នៅក្នុងក្រុងភ្នំពេញ ដែលពេលនោះកម្ពុជា ត្រូវបានគេចោទថាព្យាយាមគេចវេសមិនដាក់ជម្លោះសមុទ្រចិនខាងត្បូងទៅក្នុងរបៀបវារៈប្រជុំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
