អាជីវករផ្សារសុវណ្ណាជាង១០០នាក់នាំគ្នាទៅសុំកិច្ចជួយអន្តរាគមន៍ពីនាយករដ្ឋមន្រ្តី ហ៊ុន សែន ដល់គេហដ្ឋានឯខេត្តកណ្តាល ខណៈការតវ៉ាអំពីការសុំបញ្ចុះតម្លៃជួលតូបជាមួយអ្នកគ្រប់គ្រងផ្សារមិនបានសម្រេច។
ក្រុមអាជីវករផ្សារសុវណ្ណាមានអ្នកលក់ខោអាវ ស្បែកជើង កាបូប គ្រឿងអេឡិចត្រូនិក គ្រឿងក្រអូប ជាដើម បានទាមទារឲ្យមានការបញ្ចុះតម្លៃជួលតូប៣០% ប៉ុន្តែម្ចាស់ផ្សារយល់ព្រមចុះថ្លៃឲ្យតែ១៣%ប៉ុណ្ណោះ។
តំណាងអាជីវករឲ្យដឹងថា ពួកគាត់១៣៨នាក់នេះគ្រាន់តែជួលតូបក្នុងផ្សារសុវណ្ណានោះលក់របស់របរប្រើប្រាស់ មុខរបរនោះតាំងពីបើកផ្សារលក់មិនដាច់សោះ ទន្ទឹមនឹងនោះសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ មនុស្សកាន់តែគ្មានប្រាក់ទិញយកទៅប្រើប្រាស់ ទើបពួកគាត់តវ៉ាសុំឲ្យម្ចាស់ផ្សារបញ្ចុះតម្លៃជួលតូបដល់៣០%នោះ បើពុំដូច្នោះទេពួកគាត់មិនអាចរកប្រាក់បង់ថ្លៃជួលក្នុងមួយខែៗរួចទេ ដូច្នេះហើយបានជាគាត់នាំគ្នារត់មករក លោក ហ៊ុន សែន ឲ្យជួយដោះស្រាយ។
តំណាងអាជីវករដដែលបានឲ្យដឹងថា ៖ «អ៊ីចឹងយើងចង់ឲ្យគេជួយសម្រួលចុះ៣០%ហ្នឹង មិនមែនបានន័យថា យើងអាជីវករហ្នឹងអត់ខាតទេ យើងខាតដែរតែយើងខាតមួយចំណែកហើយឲ្យផ្សារជួយខាតយើងមួយចំណែក»។
អាជីវករម្នាក់ទៀតបន្ថែមថា ប្រាក់ជួលទីតាំងក្នុងផ្សារសុវណ្ណា ១ម៉ែត្រការ៉េ ៣០ដុល្លារ អាជីវករយល់ព្រមជួលក្នុងតម្លៃនោះពេលមិនទាន់ចូលលក់ក្នុងផ្សារ។ នៅពេលផ្សារដំណើរការមិនដល់មួយឆ្នាំសេដ្ឋកិច្ចទូទៅធ្លាក់ចុះ អ្នកទិញជាច្រើនគ្រាន់តែនាំគ្នាមកមើលផ្សារទំនើបទើបបង្កើតថ្មី ពួកគេមិនសំបូរលុយជួយទិញរបស់របរយកទៅប្រើប្រាស់ទេ នាំឲ្យអ្នកលក់ដូរលក់ចេះតែមិនដាច់ ហើយខាតប្រាក់ឈ្នួលតូបរាល់ខែហើយខាតដើមកប់របស់របរទៀត បានសុំឲ្យម្ចាស់គ្រប់គ្រងផ្សារបន្ថយតម្លៃជួល។
អាជីវករនោះបន្តថា កាលពីដើមឆ្នាំ២០០៩ ម្ចាស់ផ្សារបានចុះឲ្យ១០%សម្រាប់ឆមាសទី១។ ឥឡូវចូលដល់ឆមាសទី២ ម្ចាស់ផ្សារចុះឲ្យ១៣% ប៉ុន្តែខាងអាជីវករសុំចុះ៣០ដោយសារការលក់ដូរកាន់តែមិនដាច់ ៖ «គេគំរាមយើងថា បើសិនជាយើងអត់ព្រមទៅផ្ដិតមេដៃទទួលយក១៣%ថ្ងៃហ្នឹងទេ គឺគេឈប់ចុះឲ្យហើយ។ ជំនុំគ្នាថា យើងសុខចិត្តមិនបើកតូបតែម្ដង រហូតដល់មានដំណោះស្រាយ យើងផ្អាកធ្វើអាជីវកម្មរហូតដល់មានដំណោះស្រាយ»។
វិទ្យុអាស៊ីសេរីបានទៅដល់ផ្សារនិងសុំការបំភ្លឺពីអគ្គនាយកផ្សារសុវណ្ណានោះ ប៉ុន្តែក្រុមសន្តិសុខក្នុងផ្សារបានឲ្យដឹងថា លោកអគ្គនាយកនិងនាយករងជាប់រវល់មិនអាចជួបបាន។
តាមការសង្កេតក្នុងផ្សារសុវណ្ណានោះក៏នៅមានតូបលក់ខោអាវ កាបូប មួយចំនួន នៅបន្តបើកលក់ និងកន្លែងលក់ដូរផ្សេងៗរបស់ក្រុមហ៊ុននានាកំពុងលក់ដូរផងដែរ ក្រោមការជួយការពារពីមន្រ្តីនគរបាល អាវុធហត្ថ រួមទាំងសន្តិសុខផ្សារជាច្រើននាក់ នៅខាងក្នុងនិងជុំវិញផ្សារសុវណ្ណានោះ។
បន្ទាប់ពីក្រុមអាជីវករធ្វើការតវ៉ានៅគេហដ្ឋានលោកនាយករដ្ឋមន្រ្តីនោះ ពួកគាត់បានឲ្យដឹងថា ខុទ្ទកាល័យនាយករដ្ឋមន្រ្តីបានទទួលយកលិខិតស្នើសុំឲ្យជួយអន្តរាគមន៍ដើម្បីបញ្ចុះតម្លៃជួលតូបផ្សារសុវណ្ណានោះហើយ ប៉ុន្តែការជួយបានឬអត់យ៉ាងណានោះ ពួកគាត់នឹងនាំគ្នាទៅខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តីនៅថ្ងៃសុក្រ ទី៣ កក្កដាទៀត៕
អង្គការសេដាក់គ្រោងនាំអង្ករសរីរាង្គទៅទីផ្សារអឺរ៉ុបនិងអាមេរិក
អាជ្ញាធរស្វែងរកការបិទមន្ទីរព្យាបាលជំងឺមួយនៅរតនគិរី
អតីតប្រធានាធិបតីអាមេរិកសម្ពោធផ្ទះសម្រាប់ជនក្រីក្រនៅខែត្រកណ្ដាល
ទីតាំងផលិតប្រេងម្រះព្រៅភ្នំ២កន្លែងនៅពោធិ៍សាត់ត្រូវបានកម្ទេច
គណៈកម្មការខ្មែរម្ចាស់ស្រុកនឹងរៀបចំកិច្ចប្រជុំស្ដីពីបញ្ហានៅកម្ពុជា
អាជ្ញាធរខេត្តឧត្ដរមានជ័យរារាំងរថយន្តដឹកព្រះពុទ្ធបដិមារបស់ម៉មសូណង់ដូ
ប្រជានេសាទប្រតិកម្មចំពោះការកំណត់ប្រភេទឧបករណ៍នេសាទ
បញ្ហាធូលីហុយនៅតាមផ្លូវជាតិលេខ៣ប៉ះពាល់ដល់សុខភាពអ្នកស្រុក
ពលរដ្ឋនៅព្រៃវែងត្អូញពីបញ្ហាសមត្ថកិច្ចស្ទាក់ទារប្រាក់តាមផ្លូវ
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
មើលមតិទាំងអស់.