ស្រី្តមកពីខេត្តកំពង់ស្ពឺ សុំមិនប្រាប់ឈ្មោះ មានប្រសាសន៍ថា កូនប្រុសគាត់បានទៅប្រឡងរៀនច្បាប់កីឡាដើម្បីបានជាប់ជាគ្រូកីឡាពេញសិទ្ធិនិងមានការងារធ្វើ បន្ទាប់ពីរៀនចប់ច្បាប់កីឡា។
អ្នកស្រីចោទថា មន្រ្តីក្រសួងអប់រំនៃនាយកដ្ឋានអប់រំកាយនិងកីឡា ក្នុងពេលប្រឡង បានរឹតបន្តឹងដល់បេក្ខជនណាដែលមិនព្រមសូកប្រាក់ដើម្បីជាប់ចូលរៀនច្បាប់កីឡានូវតម្លៃក្នុងម្នាក់១.៨០០ ទៅ ២.៥០០ដុល្លារអាមេរិក ៖ «សាលាកីឡាហ្នឹង វាអំពើពុករលួយខ្លាំងពេក ខ្ញុំក្រីក្រពេក ខ្ញុំគ្មានលុយទេដល់ ១.៨០០ ទៅ ២.៥០០[ដុល្លារ] គឺគេទារអ៊ីចឹងតែម្ដងសម្រាប់ប្រឡងជាប់ចេញទៅខេត្ត»។
អ្នកស្រីបន្តថា គាត់ក្រីក្រគ្មានប្រាក់សូកទៅមន្រ្តីពុករលួយទាំងនោះ និងមិនសង្ឃឹមថា កូនប្រុសអាចនឹងប្រឡងជាប់ ដោយការប្រកួតប្រជែងយុត្តិធម៌នោះ អ្នកស្រីចង់ឲ្យដំណឹងនេះ បានឮដល់ប្រមុខរដ្ឋាភិបាលនិងរដ្ឋមន្រ្តីក្រសួងអបរំ យុវជននិងកីឡា ឲ្យជួយកែប្រែអំពើពុករលួយដែលនាំឲ្យខូចស្ថាប័នសិក្សា ៖ «អ៊ីចឹងខ្ញុំចង់សុំឲ្យឯកឧត្ដមរដ្ឋមន្រ្តី លោកជួយចាត់វិធានការស៊ើបអង្កេតហ្នឹង ចុះទៅត្រួតពិនិត្យនៅសាលាកីឡាផ្ទាល់ហ្នឹងតែម្ដង ពីអំពើពុករលួយរបស់សាលាកីឡាហ្នឹង សូមឯកឧត្ដមជួយស្រាវជ្រាវ»។
ជុំវិញការអំពាវនាវជួយបន្ថយអំពើពុករលួយក្នុងក្រសួងអបរំនោះ រដ្ឋមន្រ្តីក្រសួងនោះ លោក អ៊ឹម សិទ្ធី ជាប់រវល់មិនផ្តល់ចម្លើយបានឡើយ។
ប៉ុន្តែលោកអគ្គនាយកនៃនាយកដ្ឋានអប់រំកាយនិងកីឡា គឺលោក ឡាក់ សំអាត ឆ្លើយថា គ្មានអំពើពុករលួយកើតមានទេ ក្នុងពេលប្រឡងនោះ។ នៅពេលទទួលដំណឹងនេះ លោកនឹងប្រជុំរៀបចំកែទម្រង់ ប្រសិនបើរកឃើញ មានអ្នកប្រព្រឹត្តអំពើពុករលួយ ដូចការចោទមែន ៖ «ខ្ញុំអត់បានដឹងរឿងហ្នឹងដែរ ព្រោះការប្រឡងវាប្រព្រឹត្តទៅធម្មតា។ ចាំយើងស៊ើបសួរមើលតើវាយ៉ាងម៉េចទៀត?»។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ លោក រ៉ុង ឈុន មានប្រសាសន៍ថា ប្រទេសកម្ពុជាក្លាយជាប្រពៃណី ឬជាទម្លាប់នៃលក្ខណៈសូកប៉ាន់ក្នុងពេលប្រឡង សូម្បីតែប្រឡងឆមាស។ លោកថា អំពើនេះកើតឡើងដោយសារតែគ្មានការដាក់ទោសចំពោះអ្នកប្រព្រឹត្ត។
លោក រ៉ុង ឈុន មានប្រសាសន៍ដូច្នេះថា ៖ «ជាទូទៅ តែងតែមានហាងឆេង ៨០០ ទៅ ១០០០[ដុល្លារ] ប៉ុន្តែពេលនេះ យើងឃើញថា តម្លៃនេះជាតម្លៃខ្ពស់ មាន ១៨០០ ទៅដល់ ២៥០០[ដុល្លារ] គ្រាប់តែសម្រាប់គ្រូកីឡា។ ហើយបើយើងយោងទៅតាមផ្លូវច្បាប់ វាអត់មានច្បាប់ទម្លាប់ណាត្រូវឲ្យបេក្ខជនប្រឡងហ្នឹង បង់លុយនោះទេ ប៉ុន្តែគ្រាន់តែស្រុកយើងវាសឹងតែទៅជាលក្ខណៈទម្លាប់ ឬប្រពៃណីហើយ ការសំណូកសូកប៉ាន់ ពុករលួយ ដែលរដ្ឋាភិបាលធ្វើមិនដឹងមិនឮ»។
តាមអគ្គនាយកនៃនាយកដ្ឋានអប់រំកាយនិងកីឡា លោក ឡាក់ សំអាត មានប្រសាសន៍ថា បេក្ខជនជ្រើសរើសឲ្យចូលរៀនច្បាប់កីឡា នាឆ្នាំសិក្សាថ្មីនេះ មានចំនួន ១២០នាក់ ដែលមានសញ្ញាបត្រទុតិយភូមិបញ្ចប់មធ្យមសិក្សា៕
