អាជ្ញាធរខេត្តសៀមរាបបានឲ្យដឹងថា គេបានដឹកជញ្ជូនអង្ករជាច្រើនតោនដែលជារបស់រដ្ឋាភិបាលដើម្បីយកទៅចែកជូនប្រជាពលរដ្ឋជាច្រើនភូមិជាង៧០០គ្រួសារនៅឃុំខ្វាវនៃស្រុកជីក្រែង ខេត្តសៀមរាប ដែលថាកំពុងប្រឈមមុខនឹងការខ្វះស្បៀងអាហារដោយហូបក្តួចនិងដំឡូងព្រៃជំនួសបាយទាំងនោះហើយកាលពីពេលថ្មីៗក្នុងសប្តាហ៍នេះ។
អភិបាលខេត្តសៀមរាប លោក ស៊ូ ភិរិន្ទ បានមានប្រសាសន៍កាលពីព្រឹកថ្ងៃសៅរ៍ ទី១៧ ខែតុលា ថា លោកបានដឹកនាំអង្ករប្រមាណជិត២០តោនយកទៅចែកឲ្យប្រជាពលរដ្ឋជាច្រើនភូមិនៅឃុំខ្វាវ ដែលមានភូមិសាស្រ្តនៅជាប់ព្រំប្រទល់ខេត្តព្រះវិហារ ដើម្បីសង្រ្គោះបន្ទាន់ដល់ក្រុមអ្នកភូមិដែលខ្វះខាតស្បៀងអាហារជាច្រើននោះ។
លោក ស៊ូ ភិរិន្ទ បានបញ្ជាក់ថា ៖ «បានយកទៅកាលពីថ្ងៃទី១៥ នៅឃុំមួយហៅថាឃុំខ្វាវ ជិត២០តោន ក្នុងនាមសម្ដេចអគ្គមហាសេនាបតី និងប៉ុន្មានថ្ងៃយកទៅ៧០០-៨០០គ្រួសារទៀត ដើម្បីជួយសង្គ្រោះជាបន្ទាន់ដល់ប្រជាពលរដ្ឋយើងពីរលើកហើយ»។
លោក គុញ ហ៊ត មេឃុំខ្វាវ បានមានប្រសាសន៍កាលពីល្ងាចថ្ងៃសៅរ៍ ថា អង្ករទាំងនោះបានចែកជូនប្រជាពលរដ្ឋជាង៧៣០គ្រួសារ គឺបាន២៥គីឡូក្រាមក្នុងមួយគ្រួសារ ហើយលោកក៏ដូចជាប្រជាពលរដ្ឋជាច្រើនបានសម្ដែងការត្រេកអរជាពន់ពេក ដោយការចែកស្បៀងសង្រ្គោះនេះបានធ្វើឡើងទាន់ពេលវេលា។
លោក គុញ ហ៊ត បានឲ្យដឹងថា ៖ «អរគ្មានអ្វីប្រៀបបានទេ វាអស់ចិត្ត អស់ថ្លើមណាស់ហើយ។ អរគុណ និយាយរួមគឺសម្ដេចនេះឯងដែលអ្នកដឹកនាំបានជួយអំណោយដល់ប្រជាពលរដ្ឋ...»។
អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប អ្នកស្រី កែ សុវណ្ណារ័ត្ន បានមានប្រសាសន៍ថា អ្នកស្រីបានចាត់តំណាងឲ្យទៅពិនិត្យមើល ហើយឃើញថា ប្រជាពលរដ្ឋនៅទីនោះកំពុងប្រឈមមុខនឹងការខ្វះស្បៀងមែន ហើយបញ្ហាគ្រោះមហន្តរាយនេះ រដ្ឋាភិបាលធ្វើត្រឹមត្រូវក្នុងការផ្តល់ជំនួយសង្រ្គោះជាបន្ទាន់ ប៉ុន្តែមិនមែនធ្វើសម្រាប់តែមួយពេលនេះទេ គឺរដ្ឋាភិបាលត្រូវតែយកចិត្តទុកដាក់ទៅលើវិស័យកសិកម្មនិងបញ្ហាដីធ្លី បញ្ហាទឹកសម្រាប់អ្នកភូមិទាំងនោះដើម្បីឲ្យមានសន្តិសុខស្បៀងជាប្រចាំទើបជាការល្អ។
អ្នកស្រី កែ សុវណ្ណារ័ត្ន បានថ្លែងថា ៖ «មហន្តរាយនេះ ករណីសង្គ្រោះបន្ទាន់ហ្នឹងយើងត្រូវតែដោះស្រាយចាំបាច់នៅពេលដែលគាត់កំពុងតែរងគ្រោះ ប៉ុន្តែមិនមែនមានន័យថា ដោះស្រាយមួយពេលហ្នឹងចប់ទេ រដ្ឋាភិបាលត្រូវតែមានវិធានការបន្តទៀត ត្រូវតែចាប់អារម្មណ៍លើវិស័យកសិកម្ម»។
សូមបញ្ជាក់ថា ការផ្តល់ស្បៀងជាអង្ករជិត២០តោនសម្រាប់ចែកជូនប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលនេះបានធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថា ប្រជាពលរដ្ឋចំនួន៧ភូមិនៃឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប បានខ្វះខាតស្បៀងអាហារជាច្រើនខែមកហើយ ដោយប្រជាពលរដ្ឋខ្លះបាននាំគ្នាចូលព្រៃជីកក្តួចនិងដំឡូងព្រៃមកចម្អិនហូបជំនួសបាយ ដោយមានខ្លះពុលក្តួចនិងខ្លះទៀតកើតជំងឺ។
អភិបាលខេត្តសៀមរាប លោក ស៊ូ ភិរិន្ទ បានមានប្រសាសន៍ថា ក្នុងពេលដឹកអង្ករយកទៅចែកជូនប្រជាពលរដ្ឋទីនោះ គឺលោកបានឃើញតំបន់នោះមានសក្តានុពលខាងប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋល្អ ប៉ុន្តែការខ្វះខាតស្បៀងរបស់អ្នកភូមិរស់នៅទីនោះនៅពេលដែលមានទឹកជំនន់ និងមួយចំនួនទៀតជាអ្នកភូមិដែលពនេចរទើបតែមករស់នៅថ្មី មិនទាន់មានលំនឹង ទើបមានការខ្វះខាតខ្លះ ប៉ុន្តែអ្នកភូមិដែលរស់នៅចាស់ជាយូរមកហើយនោះមិនមានការខ្វះខាតទេ៕
ជនរងគ្រោះដោយទឹកជំនន់ប្រមាណ១៥ពាន់គ្រួសារកំពុងដាច់ស្បៀង
អ្នកភូមិដងរ៉ែកក្នុងខែត្របន្ទាយមានជ័យជួបប្រទះនឹងកង្វះស្បៀង
ព្យុះកេតសាណាធ្វើឲ្យសាលាចំនួន១ពាន់ត្រូវទឹកលិច
ពលរដ្ឋនៅកំពង់ឆ្នាំងប្រឈមបញ្ហាដាច់ស្បៀងបន្ទាប់ពីទឹកជន់លិចភូមិ
អាជ្ញាធរគ្រោងជួបប្រជុំរៀបចំផែនការជួសជុលក្រុងសៀមរាប
គ្រោះទឹកជំនន់បំផ្លាញស្រូវប្រមាណ២០ម៉ឺនហិកតារនៅកម្ពុជា
មន្រ្តីអង្គការសេដាក់ខេត្តពោធិ៍សាត់រងការចោទថាមិនមានតម្លាភាព
អ្នកភូមិក្រីក្រនៅពោធិ៍សាត់ចោទអាជ្ញាធរថាមិនមានតម្លាភាព
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
Good action from Authorities. Cambodia is really impacted by natural tempest, world financial crisis, swine flu epedemic and the unabled solving border confliction. I request the authorities and Cambodian red cross to take more action every covered flood places.
2009-10-19 21:40
មើលមតិទាំងអស់.