តុលាការ​ខែត្រ​សៀមរាប​គ្រោង​បើក​សវនាការ​ជម្រះ​ក្ដី​លើ​ពលរដ្ឋ​៩​នាក់

2009-10-20

មន្ត្រី​តុលាការ​ខេត្ត​សៀមរាប​បាន​ឲ្យ​ដឹង​ថា គេ​មាន​គម្រោង​បើក​សវនាការ​ជំនុំ​ជម្រះ​ទៅ​លើ​ប្រជាពលរដ្ឋ​នៅ​ឃុំ​ជីក្រែង ស្រុក​ជីក្រែង ចំនួន​៩​នាក់ នៅ​ថ្ងៃ​អង្គារ ទី​២០ ខែ​តុលា បន្ទាប់​ពី​សមត្ថកិច្ច​បាន​ចាប់​ឃុំ​ខ្លួន​ជា​ច្រើន​ខែ​មក​ហើយ​ក្នុង​រឿង​ទំនាស់​ដី​ធ្លី។

RFA/Savyouth

ពលរដ្ឋ​រង​របួស​ដោយសារ​ការ​បាញ់​រះ​របស់​សមត្ថកិច្ច​ក្នុង​ទំនាស់​ដី​ធ្លី​នៅ​ឃុំ​ជីក្រែង ខេត្ត​សៀមរាប នា​ថ្ងៃ​ទី​២២ មីនា ២០០៩។

លោក សួស ឡា ដែល​ជា​ចៅក្រម​និង​ជំនុំ​ជម្រះ បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៩ ខែ​តុលា ថា អ្នក​ភូមិ​ទាំង​៩​នាក់​នោះ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ចំនួន​២​ករណី ហើយ​ពេល​បើក​សវនាការ​ដេញដោល​នៅ​ថ្ងៃ​ស្អែក ប្រសិន​បើ​រក​ឃើញ​កំហុស​នឹង​ត្រូវ​ផ្តន្ទា​ទោស។
លោក សួស ឡា បាន​បញ្ជាក់​ថា ៖ «នេះ​អង្គ​សវនាការ​អង្គ​សេចក្ដី ជម្រះ​ថ្ងៃ​ស្អែក​នេះ​គឺ​ចោទ​ពីរ​បទ ទី​១​បង្ក​របួស​ស្នាម និង​មួយ​ទៀត​គឺ​បទ​ប្លន់។ អា​ហ្នឹង​ចាំ​មើល​ដល់​ពេល​សវនាការ​សួរ​ដេញ​ដោល បើ​មាន​ទោស គឺ​ផ្ដន្ទា​ទោស​ហើយ»

ក្រុម​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​បាន​រក​មេធាវី​ដើម្បី​ជួយ​ការពារ​ក្តី​ដល់​ក្រុម​អ្នក​ភូមិ​ទាំង​នោះ ហើយ​បាន​បញ្ជូន​ក្រុម​មេធាវី​ក្រៅ​រដ្ឋាភិបាល​ដើម្បី​ឲ្យ​ត្រៀម​ខ្លួន​ការពារ​កូន​ក្តី ក៏​ប៉ុន្តែ​ទោះ​យ៉ាង​ណា​គេ​មិន​អាច​ធ្វើការ​អធិប្បាយ​បញ្ហា​នោះ​បាន​ទេ។

ប្រធាន​ផ្នែក​ឃ្លាំ​មើល​និង​ការពារ​សិទ្ធិ​មនុស្ស​របស់​អង្គការ លីកាដូ លោក ហម សុណារិទ្ធ បាន​មាន​ប្រសាសន៍​ថា ដោយសារ​បញ្ហា​នេះ​វា​កំពុង​ស្ថិត​នៅ​ក្នុង​ការ​សម្ងាត់​នៃ​រឿង​ក្តី​ក្រុម​មេធាវី​របស់​លោក​សុំ​សិទ្ធិ​មិន​ធ្វើការ​អធិប្បាយ​ទេ។

លោក ហម សុណារិទ្ធ បាន​មាន​ប្រសាសន៍​ថា ៖ «បញ្ហា​នេះ​វា​ទាក់ទង​ទៅ​នឹង​ភាព​សម្ងាត់​នៃ​រឿង​ក្ដី ហើយ​ទី​២ វា​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​នៃ​ការ​ស៊ើប​អង្កេត​នៅ​ឡើយ ដូច្នេះ​មេធាវី​គាត់​មិន​ទាន់​អាច​និយាយា​ជាមួយ​បាន បាន​ប៉ុណ្ណឹង​សិន»

សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក ខេត្ត​សៀមរាប បាន​និយាយ​ថា តាម​ដឹង​អាច​នឹង​មាន​ក្រុម​ប្រជាពលរដ្ឋ​មក​ពី​ឃុំ​ជីក្រែង​មាន​គម្រោង​នាំ​គ្នា​មក​មុខ​សាលា​ដំបូង​ខេត្ត​សៀមរាប​ដើម្បី​មក​ស្តាប់​ការ​ បើក​សវនាការ​ជំនុំ​ជម្រះ​ទោស​តំណាង​ពួក​គេ​ចំនួន​៩​នាក់​នោះ។

អ្នក​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក ខេត្ត​សៀមរាប លោក សួស ណារិន បាន​មាន​ប្រសាសន៍​ថា លោក​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​លើក​គ្នា​មក​របស់​ក្រុម​អ្នក​​ភូមិ​នោះ ខ្លាច​ក្រែង​មាន​ការ​រារាំង​ពី​ក្រុម​សមត្ថកិច្ច​ហើយ​អាច​កើត​នូវ​អំពើ​ហិង្សា។

លោក សួស ណារិន បាន​អះអាង​ថា ៖ «យើង​ព្រួយ​បារម្ភ​ខ្លាច​លោ​មាន​ការ​ចូលរួម​ស្ដាប់​ពី​ប្រជាពលរដ្ឋ​ភាគ​ច្រើន​ទៅ មាន​ការ​រារាំង​ពី​សមត្ថកិច្ច ព្រោះ​គ្រាន់​តែ​លើក​មុន​យើង​ហៅ​គាត់​មក​រៀន​ហើយ វា​មាន​ការ​រារាំង​អី​អ៊ីចឹង។ បើ​តាម​មើល​ទៅ​ពួក​គាត់​ធ្លាប់​ដុត​កង់​ឡាន​មុខ​តុលាការ​ផង យើង​បារម្ភ​ខ្លាច​មាន​ការ​ប្រើ​ហិង្សា​អី​អ៊ីចឹង ប៉ុន្តែ​ពួក​គាត់​ប្រាប់​ថា គាត់​មក​ធម្មតា​ទេ»

កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០០៩​កន្លង​មក ក្រុម​ប្រជាពលរដ្ឋ​ឃុំ​ជីក្រែង​រាប់​រាយ​នាក់​បាន​លើក​គ្នា​តវ៉ា​បញ្ហា​ដី​ស្រែ​ប្រាំង​នៅ​ទំនប់​៧៨​សួង​ចំនួន​ជាង​៩០​ហិកតារ ដែល​មាន​ទំនាស់​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ឃុំ​អន្លង់​សំណរ​ជាប់​គ្នា​នោះ។ បន្ទាប់​មក​​សមត្ថកិច្ច​ចម្រុះ​បាន​បើក​ការ​បង្រ្កាប​ដោយ​បាញ់​រះ​បណ្តាល​ឲ្យ​រង​របួស​អ្នក​ភូមិ​ចំនួន​៤​នាក់​និង​ចាប់​ខ្លួន​ជាង​៣០​នាក់ ប៉ុន្តែ​ក្រោយ​មក​អ្នក​ភូមិ​ជា​ច្រើន​ត្រូវ​ដោះលែង ហើយ​៩​នាក់​ក្នុង​ចំណោម​នោះ​ត្រូវ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ ដោយ​ចោទ​ប្រកាន់​ពី​បទ​ប្លន់​និង​បង្ក​របួស​ស្នាម​ដល់​អ្នក​ដទៃ៕

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

អាជ្ញាធរ​ខែត្រ​កំពង់ធំ​ចាប់​ខ្លួន​ពលរដ្ឋ​៤​នាក់​បន្ថែម​ទៀត​ក្នុង​រឿង​ជម្លោះ​ដី

ជន​ជាតិ​ភាគ​តិច​នៅ​មណ្ឌលគិរី​បារម្ភ​ថា​ក្រុមហ៊ុន​ធ្វើ​ឲ្យ​បាត់​ដី​ចម្ការ​វិល​ជុំ

ពលរដ្ឋ​មាន​ជម្លោះ​ដី​នៅ​ឧត្ដរមានជ័យ​បន្ត​តវ៉ា​នៅ​ទីស្ដីការ​គណៈរដ្ឋមន្រ្តី

ស្ថានភាព​បញ្ហា​ជម្លោះ​ដី​នៅ​ស្រុក​សន្ទុក​ខេត្ត​កំពង់ធំ

សង្គម​ស៊ីវិល​ស៊ើប​អង្កេត​ករណី​ក្រុមហ៊ុន​រំលោភ​បំពាន​លើ​ជនជាតិ​ភាគ​តិច

សមត្ថកិច្ច​ខែត្រ​កំពង់ធំ​ចាប់​ខ្លួន​ពលរដ្ឋ​៣​នាក់​​ក្នុង​រឿង​ជម្លោះ​ដី

សមត្ថកិច្ច​ខែត្រ​កំពង់ធំ​បាញ់​បង្រ្កាប​ការ​តវ៉ា​របស់​ពលរដ្ឋ​ក្នុង​រឿង​ជម្លោះ​ដី

អាជ្ញាធរ​វៀតណាម​ហាម​ឃាត់​ខ្មែរ​ក្រោម​មិន​ឲ្យ​ធ្វើ​ស្រែ​លើ​ដី​ដូនតា

ក្រឡា​បញ្ជី​តុលាការ​ខេត្ត​កំពង់ធំ​រង​ការ​ចោទ​ថា​គំរាម​ពលរដ្ឋ​ក្នុង​រឿង​ទំនាស់​ដី

អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​គ្រោង​កោះ​ប្រជុំ​ក្រុមហ៊ុន​ដែល​មិន​វិនិយោគ​ចំ​គោលដៅ