លោក សួស ឡា ដែលជាចៅក្រមនិងជំនុំជម្រះ បានមានប្រសាសន៍កាលពីព្រឹកថ្ងៃច័ន្ទ ទី១៩ ខែតុលា ថា អ្នកភូមិទាំង៩នាក់នោះត្រូវបានតុលាការចោទប្រកាន់ចំនួន២ករណី ហើយពេលបើកសវនាការដេញដោលនៅថ្ងៃស្អែក ប្រសិនបើរកឃើញកំហុសនឹងត្រូវផ្តន្ទាទោស។
លោក សួស ឡា បានបញ្ជាក់ថា ៖ «នេះអង្គសវនាការអង្គសេចក្ដី ជម្រះថ្ងៃស្អែកនេះគឺចោទពីរបទ ទី១បង្ករបួសស្នាម និងមួយទៀតគឺបទប្លន់។ អាហ្នឹងចាំមើលដល់ពេលសវនាការសួរដេញដោល បើមានទោស គឺផ្ដន្ទាទោសហើយ»។
ក្រុមអង្គការការពារសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលបានរកមេធាវីដើម្បីជួយការពារក្តីដល់ក្រុមអ្នកភូមិទាំងនោះ ហើយបានបញ្ជូនក្រុមមេធាវីក្រៅរដ្ឋាភិបាលដើម្បីឲ្យត្រៀមខ្លួនការពារកូនក្តី ក៏ប៉ុន្តែទោះយ៉ាងណាគេមិនអាចធ្វើការអធិប្បាយបញ្ហានោះបានទេ។
ប្រធានផ្នែកឃ្លាំមើលនិងការពារសិទ្ធិមនុស្សរបស់អង្គការ លីកាដូ លោក ហម សុណារិទ្ធ បានមានប្រសាសន៍ថា ដោយសារបញ្ហានេះវាកំពុងស្ថិតនៅក្នុងការសម្ងាត់នៃរឿងក្តីក្រុមមេធាវីរបស់លោកសុំសិទ្ធិមិនធ្វើការអធិប្បាយទេ។
លោក ហម សុណារិទ្ធ បានមានប្រសាសន៍ថា ៖ «បញ្ហានេះវាទាក់ទងទៅនឹងភាពសម្ងាត់នៃរឿងក្ដី ហើយទី២ វាស្ថិតនៅក្នុងដំណាក់កាលនៃការស៊ើបអង្កេតនៅឡើយ ដូច្នេះមេធាវីគាត់មិនទាន់អាចនិយាយាជាមួយបាន បានប៉ុណ្ណឹងសិន»។
សមាគមការពារសិទ្ធិមនុស្ស អាដហុក ខេត្តសៀមរាប បាននិយាយថា តាមដឹងអាចនឹងមានក្រុមប្រជាពលរដ្ឋមកពីឃុំជីក្រែងមានគម្រោងនាំគ្នាមកមុខសាលាដំបូងខេត្តសៀមរាបដើម្បីមកស្តាប់ការ បើកសវនាការជំនុំជម្រះទោសតំណាងពួកគេចំនួន៩នាក់នោះ។
អ្នកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្ស អាដហុក ខេត្តសៀមរាប លោក សួស ណារិន បានមានប្រសាសន៍ថា លោកមានការព្រួយបារម្ភអំពីការលើកគ្នាមករបស់ក្រុមអ្នកភូមិនោះ ខ្លាចក្រែងមានការរារាំងពីក្រុមសមត្ថកិច្ចហើយអាចកើតនូវអំពើហិង្សា។
លោក សួស ណារិន បានអះអាងថា ៖ «យើងព្រួយបារម្ភខ្លាចលោមានការចូលរួមស្ដាប់ពីប្រជាពលរដ្ឋភាគច្រើនទៅ មានការរារាំងពីសមត្ថកិច្ច ព្រោះគ្រាន់តែលើកមុនយើងហៅគាត់មករៀនហើយ វាមានការរារាំងអីអ៊ីចឹង។ បើតាមមើលទៅពួកគាត់ធ្លាប់ដុតកង់ឡានមុខតុលាការផង យើងបារម្ភខ្លាចមានការប្រើហិង្សាអីអ៊ីចឹង ប៉ុន្តែពួកគាត់ប្រាប់ថា គាត់មកធម្មតាទេ»។
កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០០៩កន្លងមក ក្រុមប្រជាពលរដ្ឋឃុំជីក្រែងរាប់រាយនាក់បានលើកគ្នាតវ៉ាបញ្ហាដីស្រែប្រាំងនៅទំនប់៧៨សួងចំនួនជាង៩០ហិកតារ ដែលមានទំនាស់ជាមួយប្រជាពលរដ្ឋនៅឃុំអន្លង់សំណរជាប់គ្នានោះ។ បន្ទាប់មកសមត្ថកិច្ចចម្រុះបានបើកការបង្រ្កាបដោយបាញ់រះបណ្តាលឲ្យរងរបួសអ្នកភូមិចំនួន៤នាក់និងចាប់ខ្លួនជាង៣០នាក់ ប៉ុន្តែក្រោយមកអ្នកភូមិជាច្រើនត្រូវដោះលែង ហើយ៩នាក់ក្នុងចំណោមនោះត្រូវបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ដោយចោទប្រកាន់ពីបទប្លន់និងបង្ករបួសស្នាមដល់អ្នកដទៃ៕
