ក្រុមគ្រូពេទ្យមនុស្សធម៌នៃអង្គការមិត្តគ្មានព្រំដែនដែលកំពុងធ្វើការងារអប់រំផ្នែកសុខភាពនៅតាមសហគមន៍ខេត្តសៀមរាប បានអំពាវនាវឲ្យមន្ត្រីតុលាការនៃខេត្តនេះពន្លឿនចំណាត់ការស៊ើបអង្កេតទៅលើករណីបុគ្គលិករបស់គេម្នាក់ ដែលគេជឿថាត្រូវបានជនមិនស្គាល់មុខសម្លាប់រយៈពេលជិតមួយឆ្នាំមកហើយ ខណៈដែលបុគ្គលិកពេទ្យរូបនោះចុះបំពេញបេសកកម្មក្នុងឃុំមួយនៃស្រុកសូទ្រនិគមកន្លងមក។
លោក ម៉ៅ គង់ នាយករដ្ឋបាលរបស់អង្គការមិត្តគ្មានព្រំដែន បានមានប្រសាសន៍កាលពីព្រឹកថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ថា បុគ្គលិកប្រុសរបស់អង្គការនេះមួយរូបឈ្មោះ ហុង ពិភក្តិ អាយុ៤៣ឆ្នាំត្រូវបានជនមិនស្គាល់មុខសម្លាប់ជិតមួយឆ្នាំមកហើយ ដោយអង្គការរបស់លោកបានចំណាយលើមធ្យោបាយក្នុងការស៊ើបអង្កេតនិងប្រមូលភស្តុតាងសាក្សីមួយចំនួនដាក់ជូនតុលាការ ប៉ុន្តែរហូតមកដល់ពេលនេះនៅតែមិនទាន់មានចំណាត់ការផ្លូវច្បាប់ណាមួយចំពោះករណីនេះនៅឡើយទេ។
លោក ម៉ៅ គង់ បានបញ្ជាក់ថា ៖ «ឃើញថាមានភាពយឺតយ៉ាវបន្តិចក្នុងការស៊ើបអង្កេតហ្នឹង។ ខ្ញុំសូមសំណូមពរទទូចយ៉ាងម៉ឺងម៉ាត់ដល់លោកប្រធានតុលាការ ក៏ដូចជាចៅក្រមស៊ើបអង្កេតដើម្បីលោកពន្លឿនការស៊ើបអង្កេត ហើយតាមវែកមុខឲ្យឃើញ ពីព្រោះភស្តុតាងតម្រុយអ្វីក៏វានៅក្បែរៗហ្នឹងដែរ មិននៅឆ្ងាយទេ»។
កញ្ញា ហួត ពេជ្រមុន្នី ជាមេធាវីអង្គការជំនួយផ្នែកច្បាប់នៅកម្ពុជា ដែលការពារឲ្យគ្រួសារជនរងគ្រោះ បានមានប្រសាសន៍ថា រឿងក្តីនេះពេលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងដំណាក់កាលចៅក្រមស៊ើបនៅឡើយ។
កញ្ញា ហួត ពេជ្រមុន្នី បានអះអាងថា ៖ «នៅក្នុងដំណាក់កាលដែលខ្ញុំការពារហ្នឹង គឺព្រះរាជអាជ្ញាគាត់បានបើកការចោទប្រកាន់ទៅលើជនអត់ស្គាល់មុខ ហើយដល់ឥឡូវហ្នឹងគេបញ្ជូនមកចៅក្រមស៊ើប ហើយចៅក្រមស៊ើបគាត់កំពុងស៊ើបអង្កេតរឿងហ្នឹង កោះហៅសាក្សីហើយអ្នកដែលពាក់ព័ន្ធទាំងប៉ុន្មានហ្នឹងមកសាកសួរ ប៉ុន្តែយើងអត់ទាន់ដឹងថា ចំណាត់ការរបស់ចៅក្រមស៊ើបហ្នឹងគាត់អាចនឹងស្នើសុំឲ្យព្រះរាជអាជ្ញាបើកចោទទៅលើជនណាម្នាក់នៅឡើយ អត់ទាន់ដឹងទេ!»។
ចៅក្រមស៊ើបសួររបស់សាលាដំបូងខេត្តសៀមរាបដែលកាន់សំណុំរឿងក្តីនេះមិនអាចទាក់ទងបានទេកាលពីថ្ងៃអាទិត្យ។
អ្នកស្រី ស៊ុន សាខន ជាភរិយារបស់បុរសរងគ្រោះដោយគេសម្លាប់នោះ ក៏បានអំពាវនាវឲ្យតុលាការនិងច្បាប់ជួយរកយុត្តិធម៌សម្រាប់គ្រួសារគាត់និងវែកមុខរកជនដៃដល់ដែលបានសម្លាប់ប្តីរបស់គាត់ឲ្យឃើញដែរ។
អ្នកស្រី ស៊ុន សាខន បានបញ្ជាក់ថា ៖ «ចង់ឲ្យខាងតុលាការរកយុត្តិធម៌ឲ្យបាន។ សូមឲ្យច្បាប់ជួយរកឲ្យឃើញ»។
អ្នកគ្រប់គ្រងរបស់អង្គការមនុស្សធម៌មិត្តគ្មានព្រំដែនបាននិយាយថា បុគ្គលិកម្នាក់ឈ្មោះ ហុង ពិភ័ក្តិ បានចុះបំពេញបេសកកម្មអប់រំសុខភាពនៅសហគមន៍ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប កាលពីខែវិច្ឆិកា ឆ្នាំ២០០៨កន្លងមក ប៉ុន្តែមួយថ្ងៃក្រោយពីចុះបេសកកម្មគាត់បានបាត់ខ្លួន ហើយកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០០៨ គេបានប្រទះឃើញសាកសពគាត់ត្រូវបានគេនាំមកទម្លាក់ចោលក្បែរផ្លូវនៃឃុំរលួស ស្រុកប្រាសាទបាគង ដោយសាកសពមានដាច់រលាត់ជើង។
ក្រុមអង្គការដដែលបាននិយាយទៀតថា បច្ចុប្បន្ននេះបុគ្គលិកអង្គការនៅពេលដែលចុះបេសកកម្មទៅឃុំចាន់សតែងតែមានការភ័យខ្លាចនៅឡើយ ខណៈដែលមិត្តរួមការងាររបស់គេត្រូវបានសម្លាប់ហើយមិនទាន់មានការវែកមុខរកជនដៃដល់នៅឡើយនោះ៕
