សមរង្ស៊ី​នឹង​រង​ការ​ចោទ​បន្ថែម​បើ​មិន​ឈប់​ផ្សព្វផ្សាយ​ពី​បញ្ហា​ព្រំដែន

មន្ត្រី​រដ្ឋាភិបាល​មាន​ប្រសាសន៍​ថា លោក សម រង្ស៊ី អាច​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​បន្ថែម​ទៀត​ប្រសិន​បើ​​លោក​មិន​បញ្ឈប់​ការ​ផ្សព្វផ្សាយ​ឯកសារ​មួយ​ចំនួន​ទាក់ទង​នឹង​បញ្ហា​ព្រំដែន​កម្ពុជា-​វៀតណាម​នោះ​ទេ។

ទី​ប្រឹក្សា​រដ្ឋាភិបាល​និង​ជា​អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការ​គណៈរដ្ឋមន្រ្តី លោក ទិត សុធា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៦ មករា​ថា លោក សម រង្ស៊ី ត្រូវ​បញ្ឈប់​ការ​ផ្សព្វផ្សាយ​ឯកសារ​របស់​ខ្លួន​ចំនួន​១៥​ទំព័រ​និយាយ​អំពី​វៀតណាម​បាន​ឈ្លាន​ពាន​យក​ទឹក​ដី​កម្ពុជា​នៅ​ខែត្រ​ស្វាយរៀង​នោះ​ជា​បន្ទាន់ បើ​មិន​ដូច្នេះ​ទេ​រដ្ឋាភិបាល​នឹង​ពិចារណា​ប្តឹង​លោក សម រង្ស៊ី បន្ថែម​ទៀត​ពី​រឿង​នេះ។

លោក ទិត សុធា មាន​ប្រសាសន៍​ដូច្នេះ ៖ «ការ​បង្កើត​នូវ​ឯកសារ ការ​អះអាង​ទាំង​ប៉ុន្មាន​របស់​ឯកឧត្ដម សម រង្ស៊ី គឺ​ជា​ការ​ភូតភរ​កុហក គឺ​ជា​ការ​បង្កើត​បញ្ហា​មួយ​ដើម្បី​បំពុល​បរិយាកាស​នៅ​ក្នុង​សង្គម ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​និង​សណ្ដាប់​ធ្នាប់»

លោក ទិត សុធា បាន​បន្ថែម​ថា រាជ​រដ្ឋាភិបាល​បោះ​បង្គោល​ព្រំដែន​កម្ពុជា-​វៀតណាម គឺ​ឈរ​លើ​គោលការណ៍​ត្រឹមត្រូវ ដោយ​ផ្អែក​លើ​ផែនទី​ដែល​បាន​តម្កល់​ទុក​នៅ​អង្គការ​សហ​ប្រជាជាតិ​ឆ្នាំ​១៩៦៤ និង​យោង​លើ​សន្ធិ​សញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ និង​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ សភា​បាន​អនុម័ត​ហើយ​ព្រះមហាក្សត្រ​ក៏​បាន​ឡាយ​ព្រះហស្ដ​និង​ប្រកាស​ឲ្យ​ប្រើ​ផង​ដែរ។

យ៉ាង​នេះ​ក្តី មន្រ្តី​នាំ​ពាក្យ​គណបក្ស​ប្រឆាំង លោក យឹម សុវណ្ណ បាន​បញ្ជាក់​ថា ឯកសារ​១៥​ទំព័រ​ដែល​លោក សម រង្ស៊ី បាន​ចេញ​ផ្សាយ គឺ​ជា​ព័ត៌មាន​ពិត​ដែល​បាន​រៀបចំ​ដោយ​អ្នក​ជំនាញ​និង​អ្នក​ប្រវត្តិសាស្រ្ត​នៅ​ប្រទេស​បារាំង ហើយ​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ដែល​សភា​អនុម័ត​នោះ គឺ​តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី បាន​ប្រឆាំង​ទាំង​អស់​មិន​ទទួល​ស្គាល់​នោះ​ទេ។

លោក យឹម សុវណ្ណ បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «ឯកសារ​ដែល​ប្រមូល​និង​ចង​ក្រង​ដោយ​អ្នក​ជំនាញ​នៅ​ប្រទេស​បារាំង អ្នក​ជំនាញ​ការ​ខាង​ព្រំដែន ហើយ​អ្នក​ប្រវត្តិសាស្រ្ដ អ្នក​ព័ត៌មាន​វិទ្យា ដែល​គេ​បាន​ប្រជុំ​គ្នា គេ​រៀបចំ​ជា​ឯកសារ​ដើម្បី​បង្ហាញ​ជូន​សាធារណៈ​ជាតិ​និង​អន្តរជាតិ​ថា បង្គោល​ដែល​ឯឝឧត្ដម​ប្រធាន​(សម រង្ស៊ី)​បាន​ដក​នោះ គឺ​មិន​ខុស​ច្បាប់​ទេ ពីព្រោះ​បង្គោល​ហ្នុង​បោះ​នៅ​លើ​ដី​ខ្មែរ។ យើង​បង្ហាញ​ទៅ​មតិ​សាធារណៈ​ជាតិ​និង​អន្តរជាតិ​ថា ប្រទេស​វៀតណាម​និង​ប្រទេស​កម្ពុជា​សហការ​គ្នា​បោះ​បង្គោល​ព្រំដែន គឺ​ប៉ះពាល់​ទៅ​ដល់​បូរណភាព​ទឹក​ដី​ខ្មែរ»

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​បាន​ប្រើ​តុលាការ​ដើម្បី​គំរាម​លោក សម រង្ស៊ី ដូច្នេះ គឺ​ជា​ការ​គាប​សង្កត់​ដើម្បី​ចំណេញ​នយោបាយ​របស់​ខ្លួន។

លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា ៖ «ពេល​យើង​មាន​ជម្លោះ​ព្រំដែន​ជាមួយ​នឹង​ថៃ រដ្ឋាភិបាល​ព្យាយាម​ខ្លាំង​ណាស់​ក្នុង​ការ​បង្ហាញ​នូវ​ភស្តុតាង​ឬ​មួយ​ឯកសារ​បែប​ហ្នឹង តែ​ព្រំដែន​ជាមួយ​ប្រទេស​កម្ពុជា​និង​វៀតណាម​នេះ​វិញ មិន​ត្រឹម​តែ​មិន​យក​ចិត្ត​ទុក​ដាក់​ទេ បែរ​ជា​រារាំង​មិន​ឲ្យ​មាន​ការ​ជួយ​ក្នុង​ការ​ផ្សព្វផ្សាយ»

លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​ខែត្រ​ស្វាយរៀង ចោទ​ប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ​ថា បាន​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​នៃ​ការ​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា-​វៀតណាម លេខ​១៨៥ នៅ​ក្នុង​ស្រុក​ចន្ទ្រា ខែត្រ​ស្វាយរៀង កាល​ពី​ខែ​តុលា​កន្លង​ទៅ ហើយ​តុលាការ​នឹង​កាត់​ទោស​លោក​នៅ​ថ្ងៃ​ពុធ ទី​២៧ មករា ជាមួយ​ប្រជាពលរដ្ឋ​ម្ចាស់​ដី​ស្រែ​ចំនួន​៥​នាក់​ផ្សេង​ទៀត៕