ការដាក់លក្ខខណ្ឌខាងលើនេះ គឺនៅស្របពេលដែលតុលាការសាលាដំបូងរាជធានីភ្នំពេញ បានកោះហៅឲ្យលោក សម រង្ស៊ី ឲ្យចូលខ្លួនមកឆ្លើយបំភ្លឺនៅថៃ្ងទី៩ ខែមីនា នេះ ចំពោះបណ្តឹងរបស់រដ្ឋាភិបាលកម្ពុជា ក្រោមបទក្លែងបន្លំឯកសារសាធារណៈនិងបទផ្សាយព័ត៌មានមិនពិត។
លោក សម រង្ស៊ី បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីតាមទូរស័ព្ទពីប្រទេសបារាំងមកថា ៖ «គឺខ្ញុំនឹងទៅខ្លួនខ្ញុំ ប៉ុន្តែរដ្ឋាភិបាល អាជ្ញាធរតុលាករ ត្រូវតែដោះលែងកសិករខ្មែរពីរនាក់ដែលគេចាប់ ហើយត្រូវប្រគល់ដីស្រែជូនពួកគាត់វិញ។ ពីព្រោះរឿងនេះមិនមែនរឿង សម រង្ស៊ី ទេ រឿងនេះជារឿងប្រជារាស្រ្ដខ្មែរ រឿងបូរណភាពទឹកដីប្រទេសកម្ពុជារបស់យើងទាំងអស់គ្នា។ មេធាវីរបស់ខ្ញុំគឺអ្នកដែលស្រលាញ់យុត្តិធម៌ មេធាវីរបស់ខ្ញុំគឺអ្នកដែលជួយលាតត្រដាងការពិត»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីខែកុម្ភៈ កន្លងទៅនេះ ធ្លាប់បានប្រកាសឲ្យដឹងថា លោកមិនទទួលយកការដាក់លក្ខខណ្ឌនោះទេ។
មេធាវីរបស់លោក សម រង្ស៊ី លោក ជូង ជូងី បានមានប្រសាសន៍ថា ៖ «ខ្ញុំនឹងដាក់ពាក្យការពារគាត់ទៅតាមផ្លូវច្បាប់ ហើយយកសំណុំរឿងមកសិក្សាថា តើមេធាវីរដ្ឋាភិបាលគាត់ផ្អែកទៅលើឯកសារណាក្នុងការចោទប្រកាន់ហ្នឹង?»។
ទាក់ទងនឹងបញ្ហាខាងលើនេះ មេធាវីរបស់រដ្ឋាភិបាលកម្ពុជា លោក គី តិច ដែលបានដាក់ពាក្យបណ្ដឹងកាលពីថៃ្ងទី២៦ ខែកុម្ភៈ កន្លងទៅនេះ ទៅសាលាដំបូងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ៖ «ចំពោះខ្ញុំ ខ្ញុំយល់ថា ការធ្វើឡើងដោយបំពេញតាមនីតិវិធីត្រឹមត្រូវតាមច្បាប់វាជាការប្រសើរសម្រាប់ខាងខ្ញុំ»។
តុលាការខេត្តស្វាយរៀង កាលពីថៃ្ងទី២៧ ខែមករា កន្លងទៅនេះ បានផ្តន្ទាទោសកំបាំងមុខឲ្យលោក សម រង្ស៊ី ជាប់គុក២ឆ្នាំ ក្រោមបទបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងបទញុះញ៉ង់ឲ្យមានការរើសអ៊ើងជាតិសាសន៍ ដោយសារតែរូបលោកបានដកតម្រុយបង្គោលព្រំដែនលេខ១៨៥ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០០៩ កន្លងទៅ នៅក្នុងភូមកោះក្បានកណ្តាល ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង ជាប់ព្រំដែនកម្ពុជា-វៀតណាម។
ប្រជាកសិករខ្មែរចំនួន២នាក់ គឺលោក ព្រំ ជា និងលោកស្រី មាស ស្រី ដែលបានចូលរួមដកផងដែរនោះ ត្រូវបានតុលាការខេត្តស្វាយរៀងដដែល បានផ្តន្ទាទោសចំពោះមុខឲ្យជាប់គុកម្នាក់ៗ១ឆ្នាំ។
ការប្តឹងរបស់រដ្ឋាភិបាលកម្ពុជាបន្ថែមទៀតលើលោក សម រង្ស៊ី ទៅតុលាការសាលាដំបូងរាជធានីភ្នំពេញ គឺក្រោយពីលោក សម រង្ស៊ី បានចេញផ្សាយនិងលាតត្រដាងនូវឯកសារផែនទី Google Earth អះអាងថា តម្រុយបង្គោលព្រំដែនរវាងកម្ពុជានិងវៀតណាមក្រោមសន្ធិសញ្ញាឆ្នាំ១៩៨៥ ត្រង់តម្រុយបង្គោលលេខ១៨៤ លេខ១៨៥ លេខ១៨៦និងលេខ១៨៧ គឺភាគីកម្ពុជាបាត់បង់ទឹកដីរវាង២០០ម៉ែត្រទៅ៥០០ម៉ែត្រ ដោយមិនទាន់បានគិតនៅក្នុងខេត្តមួយចំនួននៅភាគឦសាននៃប្រទេសកម្ពុជា។
ប្រធានគណៈកម្មការដោះស្រាយវិវាទព្រំដែនកម្ពុជា លោក វ៉ា គឹមហុង និងប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានបញ្ចេញប្រតិកម្មបន្តបន្ទាប់គ្នាកាលពីខែកុម្ភៈ ច្រានចោលការអះអាងរបស់មេដឹកនាំបក្សប្រឆាំងខាងលើថា ជាការបំភ្លៃការពិត ហើយបានញ៉ាំងឲ្យមានចំណាត់ការប្តឹងទៅតុលាការប្រឆាំងលោក សម រង្ស៊ី កាលពីខែកុម្ភៈថ្មីៗនេះ៕