ប្រធានគណបក្សសង្គ្រោះជាតិ អះអាងថា យន្តការរបស់គណបក្សមួយនេះអាចធ្វើឲ្យតម្លៃសាំងនៅក្នុងប្រទេសកម្ពុជា ធ្លាក់ចុះនៅក្នុងកម្រិតទាបបាន បើប្រៀបធៀបទៅនឹងប្រទេសជិតខាង ប្រសិនបើខ្លួនទទួលបានការគាំទ្រនៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣ ខាងមុខ។
ថ្លែងពីប្រទេសបារាំង តាមរយៈ វីដេអូ ខនហ្វើរិន (Video Conference) លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងជាប្រធានគណបក្ស សម រង្ស៊ី ដែលកំពុងរស់នៅដោយនិរទេសខ្លួន បញ្ជាក់ថា គណបក្សដែលទើបទទួលបានច្បាប់អនុញ្ញាតជាផ្លូវការពីក្រសួងមហាផ្ទៃ នៅចុងខែកញ្ញា នេះ ពិតជាអាចមានសមត្ថភាពក្នុងការបញ្ចុះថ្លៃសាំងឲ្យស្ថិតក្នុងតម្លៃមួយដែលទៀបបាន ប្រសិនបើគណបក្សមួយនេះទទួលបានការគាំទ្រសម្រាប់ការបោះឆ្នោតសកលឆ្នាំ២០១៣។
លោក សម រង្ស៊ី៖ «ប្រេងសាំងនៅស្រុកខ្មែរថ្លៃណាស់ ថ្លៃហួសហេតុ! គណបក្សសង្គ្រោះជាតិអាចបញ្ជាក់តាំងពីពេលនេះថា យើងនឹងកំណត់ថ្លៃប្រេងសាំងមិនឲ្យលើសតម្លៃប្រេងសាំងនៅប្រទេសជិតខាងទេ។ ប្រេងសាំងថ្លៃជាងនៅស្រុកសៀម ថ្លៃជាងនៅស្រុកយួន ដោយសារអ្វី? ដោយយើងពុករលួយ អ្នកដឹកនាំប្រទេសសព្វថ្ងៃពុករលួយហួសហេតុ ជញ្ជក់ឈាមរាស្ត្រ បានធ្វើឲ្យទំនិញឡើងថ្លៃ ហើយជាពិសេសប្រេងសាំង។ ប្រេងសាំងហ្នឹងប៉ះពាល់តែបងប្អូនអ្នករត់ម៉ូតូឌុបទេ ប៉ះពាល់ទាំងអស់គ្នា»។
ការថ្លែងបែបនេះរបស់លោក សម រង្ស៊ី ធ្វើឡើងនៅក្នុងពិធីជួបជុំគ្នាមួយដែលមានការចូលរួមរបស់អ្នករតម៉ូតូឌុប និងរ៉ឺម៉កកង់បី នៅទីស្នាក់កណ្ដាលរបស់គណបក្សសិទ្ធិមនុស្សក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែតុលា។
បើតាមលោក សម រង្ស៊ី គណបក្សដែលទើបបង្កើតថ្មីនេះមិនត្រឹមតែអាចកាត់បន្ថយតម្លៃសាំងឲ្យធ្លាក់ចុះទេ តែថែមទាំងអាចដំឡើងប្រាក់ខែរបស់មន្ត្រីរាជការ គ្រូបង្រៀន និងប៉ូលិស យ៉ាងហោចណាស់ឲ្យបានមួយលានរៀលក្នុងមួយខែ។ បន្ថែមពីនេះលោក សម រង្ស៊ី ដែលតុលាការក្រុងភ្នំពេញ កាត់ទោសកំបាំងចំនួន ១២ឆ្នាំ ក្រោមបទចោទដកតម្រុយបង្គោលព្រំដែន ក្លែងបន្លំឯកសារផែនដីទី និង បទបរិហារកេរ្តិ៍ ក៏អះអាងថា គណបក្សសង្គ្រោះជាតិនឹងផ្ដល់លុយចំនួន ៤ម៉ឺនរៀលជារៀលរាល់ខែសម្រាប់មនុស្សចាស់ជរា ជនពិការ និងមនុស្សគ្មានទីពឹង។
ក៏ប៉ុន្តែលោកស្រី ឈុន សារឹម សមាជិកគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសវនកម្មនៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលស្វាយរៀង មកពីគណបក្សប្រជាជនកម្ពុជា ចំអកឡកឡឺយដោយចាត់ទុកលោក សម រង្ស៊ី ថាជាមនុស្សដែលពុំមានសមត្ថភាពណាមួយក្នុងការធ្វើឲ្យតម្លៃសាំងដែលពិភពលោកកំពុងឡើងថ្លៃនេះអាចធ្លាក់ចុះបាននោះទេ៖ «អូ! និយាយតែប៉ុណ្ណឹងទៅហើយ... មានប្រយោជន៍អី...»។
យ៉ាងនេះក្តីលោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ ទទួលស្គាល់ថា ការធ្វើឲ្យតម្លៃសាំងចុះថោក និងលើកកម្ពស់ជីវភាពពលរដ្ឋ មន្ត្រីរាជការតាមរយៈការដំឡើងប្រាកបៀវត្ស គឺជារឿងងាយស្រួលពុំមែនជាពិការនោះទេ ប្រសិនបើរដ្ឋាភិបាលមានឆន្ទៈពិតប្រាកដក្នុងការបញ្ចុះថ្លៃសាំង។
លោកចាត់ទុកថា អ្វីដែលជាឧបសគ្គមិនអាចដំណើរការបានដូចបច្ចុប្បន្ននេះ នោះក៏ព្រោះតែការគ្របគ្រងក្នុងការប្រមូលពន្ធរដ្ឋមិនបានល្អ និងអំពើពុករលួយដែលបានចាក់ឫស្សាយ៉ាងជ្រៅជាប្រព័ន្ធ៖ «ដូច្នេះគឺថា យើងអាចពិនិត្យមើលពីរឿងពន្ធដារ ពីរឿងប្រសិទ្ធភាពក្នុងការចែកចាយប្រេងក្នុងស្រុកបាន។ កត្តាអស់ហ្នឹងត្រូវពិនិត្យមើល ហើយជាពិសេសបើកាលណាយើងចង់ប្រណាំងប្រជែងជាមួយគេឲ្យស្មើភាពនៅក្នុងឆាកអន្តរជាតិយើងត្រូវពិនិត្យមើលអាហ្នឹងដែរនោះ»។
មន្ត្រីបក្សប្រឆាំង និងមជ្ឈដ្ឋាននានា រិះគន់ថា រដ្ឋាភិបាលដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា ពុំមានសមត្ថភាពក្នុងទប់ស្កាត់ការឡើងថ្លៃខ្ពស់នៃប្រេងសាំងនោះទេ។ បញ្ហានេះត្រូវបានក្រុមអ្នកឃ្លាំមើលសង្គមគិតថា សាំងនៅតែបន្តឡើងថ្លៃខ្ពស់បែបនេះបានជះឥទ្ធិពលទៅលើទំនិញនៅលើទីផ្សារ និងប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋដែលមានប្រាកចំណូលក្រោមមធ្យម។ ក៏ប៉ុន្តែបញ្ហានេះត្រូវបានមន្ត្រីរដ្ឋាភិបាលតែងអះអាងថា រដ្ឋបានចំណាយលុយដើម្បីទប់ស្កាត់ការហក់ឡើងថ្លៃនៃប្រេងសាំងនេះក្នុងមួយឆ្នាំៗរាប់លានដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
