កាលពីព្រឹកថ្ងៃអង្គារ អង្គសវនាការបានដេញដោលសួររយៈពេលប្រមាណជា ៣ម៉ោង ដែលមន្ត្រីតុលាការបានឲ្យដឹងថា នេះគឺជាការជម្រះទៅលើករណីចុងក្រោយរបស់តំណាងអ្នកឃុំជីក្រែងទាំង ៩នាក់ ដែលបានជាប់ឃុំក្នុងរឿងទំនាស់ដីស្រែប្រាំងជាង ៩០ហិកតារ ក្នុងចំណោមបទចោទប្រកាន់ទាំងអស់ចំនួន ៨ករណីផ្សេងគ្នា។
លោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប និងជាតំណាងអយ្យការក្នុងអង្គសវនាការបានមានប្រសាសន៍បន្ទាប់ពីបញ្ចប់សវនាការថា ចៅក្រមនៃអង្គសវនាការបានសម្រេចជាឯកច្ឆន្ទឲ្យតំណាងអ្នកឃុំជីក្រែងទាំង ៩នាក់នោះរួចផុតពីការចោទប្រកាន់ទៅនឹងបទប្លន់ស្រូវនោះហើយ។
ព័ត៌មានចុងក្រោយពីមន្ត្រីអង្គការលីកាដូ បានឲ្យវិទ្យុអាស៊ីសេរីដឹងថា នៅម៉ោងជិត ៧យប់ថ្ងៃអង្គារ ទី២២ ខែមីនា តុលាការបានសម្រេចដោះលែងតំណាងអ្នកឃុំជីក្រែងទាំង ៩នាក់នោះឲ្យរួចពីការឃុំឃាំងមានសេរីភាពបានវិលទៅជួបក្រុមគ្រួសាររបស់ពួកគេវិញហើយ។
ក្រុមអង្គការក្រៅរដ្ឋាភិបាលដែលតាមដានករណីនោះ បានឲ្យដឹងថា តំណាងអ្នកឃុំជីក្រែងចំនួន ៩រូប ត្រូវបានតុលាការសម្រេចដាក់ទោសចំនួន ២៥ខែ ក្នុងការចោទប្រកាន់ករណីមុនៗជាច្រើន ហើយរហូតមកដល់ពេលនេះ ការអនុវត្តទោសបានចំនួន ២៤ខែហើយនៅក្នុងពន្ធនាគារ។
តំណាងអ្នកតវ៉ាទំនាស់ដីស្រែជាង ៩០ហិកតារនៅឃុំជីក្រែងទាំង ៩រូប ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅពន្ធនាគារកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០០៩ បន្ទាប់ពីមានទំនាស់ដីស្រែប្រាំង ៩២ហិកតារនៅតំបន់ទំនប់៧៨សួង យ៉ាងស្រួចស្រាល់ជាមួយអ្នកឃុំអន្លង់សំណរ ហើយសមត្ថកិច្ចបានធ្វើការបង្ក្រាបដោយប្រើអាវុធបាញ់រះបណ្ដាលឲ្យរងរបួសប្រជាពលរដ្ឋឃុំជីក្រែងចំនួន ៤នាក់ផងនោះ៕