ពលរដ្ឋ​នៅ​សៀមរាប​សម្ដែង​កង្វល់​ពី​ការ​បាត់បង់​ដី

ក្រុម​សហគមន៍​​បាត់បង់​ដី​ធ្លី​មក​ពី​ស្រុក​ចំនួន​៤ ក្នុង​ខេត្ត​សៀមរាប បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា​មួយ​បង្ហាញ​ថា ពួកគេ​ប្រមាណ​ជាង ១.០០០​គ្រួសារ បាន​ទទួល​រង​ទុក្ខ​វេទនា​ចំពោះ​ការ​បាត់បង់ និង​ការ​ប្រឈម​មុខ​នឹង​ភាព​បាត់បង់​ដី​លំនៅឋាន និង​ដី​ស្រែ​ចម្ការ​ប្រមាណ​ជាង ៣.១០០​ហិកតារ ដោយសារ​តែ​ការ​ដោះស្រាយ​បញ្ហា​ជម្លោះ​​​ដីធ្លី​នៅ​ក្នុង​ខេត្ត​នេះ។

0:00 / 0:00

អ្នក​ភូមិ​ប្រមាណ ២០០​នាក់ ដែល​មក​ពី​សហគមន៍​ដីធ្លី​​ចំនួន​៦ បាន​​ប្រមូល​គ្នា​ទៅ​ជួប​ជុំ​នៅ​ក្នុង​ភូមិ​តាពេន ឃុំ​ត្បែង ស្រុក​បន្ទាយស្រី កាល​ពី​រសៀល​ថ្ងៃ​សុក្រ ទី​២ ខែ​កញ្ញា កន្លង​ទៅ ក្នុង​គោលបំណង​​ដើម្បី​ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្ត​សៀមរាប​ ចុះ​ដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​របស់​ពួកគេ​ឱ្យ​បាន​ឆាប់ និង​ខ្លះ​ទៀត​បាន​សំណូម​ពរ​ឱ្យ​អាជ្ញាធរ​ពន្លឿន​ក្នុង​ការ​ស្វែង​រក​ដី​សម្បទាន​សង្គម​កិច្ច​មក​ឱ្យ​ពួក​គេ​វិញ បន្ទាប់​ពី​ពួកគេ​អះអាង​ថា ដី​ស្រែ​ចម្ការ​របស់​ពួកគេ​បាន​បាត់​បង់​ទៅ​​ដោយសារ​តែ​ជម្លោះ​នោះ។

ក្រុម​អ្នក​ភូមិ​ប្រមាណ ២០០​នាក់​នោះ ត្រូវ​បាន​គេ​ដឹង​ថា មក​ពី​សហគមន៍​ដីធ្លី​​ភូមិ​តាពេន សហគមន៍​ភូមិ​ត្បែង និង​ភូមិ​ស្គន់ សហគមន៍​ភូមិ​ចំបក់​៣​ដើម ​នៃ​ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ​សហគមន៍​ភូមិ​ភ្នៀត ឃុំ​ជីក្រែង ​ស្រុក​ជីក្រែង សហគមន៍​ភូមិ​ស្រែណូយ ឃុំ​ស្រែណូយ ស្រុក​វ៉ារិន និង​សហគមន៍​​​ភូមិ​ស្នាសង្គ្រាម ឃុំ​បល្ល័ង្គ ស្រុក​ប្រាសាទបាគង។

អ្នកស្រី កែវ សុភី ដែល​ជា​តំណាង​សហគមន៍​ដីធ្លី​នៅ​ភូមិ​តាពេន នៃ​ឃុំ​ត្បែង ស្រុក​បន្ទាយស្រី បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី​៣ ខែ​កញ្ញា ថា កាល​ពី​ឆ្នាំ​២០០៣ កន្លង​ទៅ អ្នក​ភូមិ​របស់​គាត់​បាន​បាត់បង់​ដី​ចម្ការ និង​ដី​លំនៅឋាន​ចំនួន​ជាង ១៨០​ហិកតារ ដោយសារ​តែ​អគ្គ​បញ្ជា​ការដ្ឋាន​នៃ​កង​យោធពល​ខេមរភូមិន្ទ បាន​យក​ទៅ​ដាំ​កូន​ឈើ​ដើម្បី​ថែទាំ និង​ការពារ​ព្រៃ​ឈើ​នៅ​តំបន់​នោះ។ ប៉ុន្តែ​រហូត​មក​ដល់​បច្ចុប្បន្ន​​នេះ ​អាជ្ញាធរ​ខេត្ត​សៀមរាប មិន​ទាន់​បាន​ធ្វើ​ការ​ដោះស្រាយ​ដីធ្លី​ឱ្យ​ពួកគាត់​វិញ​ទេ ដូច្នេះ​បាន​ជា​ពួកគាត់​បាន​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​សេចក្ដី​ថ្លែងការណ៍​ដើម្បី​​​​ទាមទារ​ឱ្យ​អាជ្ញាធរ​ចុះ​ធ្វើ​ការ​ដោះស្រាយ​ដីធ្លី​ឱ្យ​បាន​ឆាប់​រហ័ស។

អ្នកស្រី កែវ សុភី ៖ «ដី​ដែល​ទាហាន​គេ​ដក​យក​កាល​ពី​ឆ្នាំ​២០០៣ នោះ អត់​ទាន់​ដោះស្រាយ​រហូត​ដល់​ពេល​នេះ ហើយ​ថ្មីៗ​នេះ​ដី​ដែល​កំពុង​ទាមទារ​ហ្នឹង​ ទាហាន​គេ​ជួល​ទៅ​ឱ្យ​ឈ្មួញ​យក​ទៅ​ដាំ​ដំឡូង​បន្ត​ទៀត។ សុទ្ធ​តែ​ថា ដី​ហ្នឹង​ដក​ទៅ​ដើម្បី​ដាំ​ដើម​អាកាស្យា​ហ្នឹង​ទុក​ជា​ព្រៃ​ឧទ្យាន​ជាតិ ដល់​កន្លង​មក​ហ្នឹង​គេ​អនុវត្ត​លើ​ដី​ហ្នឹង​ដាំ​ដំឡូង​វិញ អា​ហ្នឹង​ជា​រឿង​មួយ​ផ្សេង»

ចំណែក​លោក តូក ពន្លឹក តំណាង​សហគមន៍​ដីធ្លី​​នៃ​ឃុំ​ជីក្រែង ស្រុក​ជីក្រែង បាន​មាន​ប្រសាសន៍​ថា អ្នក​ភូមិ​របស់​លោក​ចំនួន ៥​ភូមិ បាន​បាត់បង់​ដី​ស្រែ​ប្រាំង​ជា​ច្រើន​រយ​ហិកតារ បន្ទាប់​ពី​មាន​ទំនាស់​ជាមួយ​អ្នក​ឃុំ​អន្លង់សំណរ យ៉ាង​ជូរ​ចត់​​កន្លង​ទៅ។

លោក តូក ពន្លឹក បាន​អំពាវនាវ​ឱ្យ​មន្ត្រី​រដ្ឋាភិបាល​ទាំង​ថ្នាក់​មូលដ្ឋាន និង​ថ្នាក់​ជាតិ ​ធ្វើ​យ៉ាង​ណា​ជួយ​រក​ដី​ស្រែ​មក​ចែក​ឱ្យ​ពួក​គេ​វិញ​ឱ្យ​បាន​ឆាប់ៗ ៖ «ប្រជាពលរដ្ឋ​ពួក​ខ្ញុំ​ពេល​ឥឡូវ​នេះ​កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​អត់​ឃ្លាន អ៊ីចឹង​ខាង​រដ្ឋាភិបាល​ដែល​បាន​សន្យា​ថា រក​ដី​សម្បទាន​​ជូន​ដល់​ពួក​ខ្ញុំ ១៧៥​គ្រួសារ ជួយ​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​រក​ដី​សម្បទាន​នេះ​ឱ្យ​បាន​ឆាប់​រហ័ស»

ទោះ​យ៉ាង​ណា​លោក ស៊ូ ភិរិន្ទ អភិបាល​ខេត្ត​សៀមរាប មិន​អាច​ទាក់ទង​បាន​ដើម្បី​សុំ​ការ​អធិប្បាយ​ឆ្លើយ​តប​ចំពោះ​សេចក្ដី​ថ្លែងការណ៍​របស់​សហគមន៍​ដីធ្លី​ទាំង​នោះ​បាន​ទេ។

​កាល​ពី​ថ្ងៃ​ទី​២ ខែ​កញ្ញា សហគមន៍​ដីធ្លី​ចំនួន​៦ នៅ​ក្នុង​ខេត្ត​សៀមរាប​ បាន​ធ្វើ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា​មួយ​ថា ប្រជាពលរដ្ឋ​ប្រមាណ​ជាង ១.០០០​គ្រួសារ ដែល​កំពុង​រស់​នៅ​ក្នុង​ស្រុក​ចំនួន​៤ នៃ​ខេត្ត​នេះ​ បាន​ទទួល​រង​ទុក្ខ​វេទនា​ចំពោះ​ការ​បាត់បង់ និង​ការ​ប្រឈម​មុខ​នឹង​ភាព​បាត់បង់​ដី​លំនៅឋាន និង​ដី​ស្រែ​ចម្ការ​ចំនួន​ប្រមាណ​ជាង ៣.១០០​ហិកតារ ដោយសារ​តែ​ការ​ដោះស្រាយ​បញ្ហា​ជម្លោះ​​​ដីធ្លី​នៅ​ក្នុង​ខេត្ត​នេះ​មិន​មាន​ផល​វិជ្ជមាន​សម្រាប់​ពួកគេ។

កន្លង​ទៅ​អ្នក​ភូមិ​ខ្លះ​បាន​​ទទួល​រង​នូវ​ការ​បង្ក្រាប​ ការ​គំរាមកំហែង ការ​​​​​​​​បាញ់​រះ និង​ការ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ ដោយសារ​តែ​ពួកគេ​ខំ​ប្រឹង​តស៊ូ​ដើម្បី​ការពារ​ដីធ្លី​របស់​ពួក​គេ។

លោក វណ្ណ សូផាត អ្នក​សម្របសម្រួល​គម្រោង​បណ្ដាញ​សិទ្ធិ​មនុស្ស​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា លោក​ចង់​ជំរុញ​ឱ្យ​គណៈកម្មការ​ដោះស្រាយ​វិវាទ​ដីធ្លី​​នៅ​ខេត្ត​សៀមរាប​ ប្រើប្រាស់​តួនាទី​របស់​ខ្លួន ដើម្បី​ធ្វើការ​ដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​ជា​ច្រើន​ករណី​នៅ​ក្នុង​ខេត្ត​នោះ​​ឱ្យ​បាន​ឆាប់​រហ័ស ពីព្រោះ​តាម​លោក​សង្កេត​ឃើញ​ថា បញ្ហា​ដីធ្លី​ជា​ច្រើន​កំពុង​ជាប់​គាំង​នៅ​ឡើយ៕​​​​​​​​​​​​​​​​​​