ពលរដ្ឋ​នៅ​សៀមរាប​បាន​ផល​តិចតួច​ពី​វិស័យ​ទេសចរណ៍

​ខេត្ត​សៀមរាប គឺ​ជា​ខេត្ត​មួយ​ដែល​ទទួល​បាន​ថវិកា​ចំណូល​ច្រើន​លើសលប់​ពី​ខាង​វិស័យ​ទេសចរណ៍។ ទោះ​បី​ជា​មាន​ចំណូល​ខ្ពស់​ក៏ដោយ ប្រជាពលរដ្ឋ​ភាគ​ច្រើន​ក្នុង​ខេត្ត​នេះ មិន​បាន​ទទួល​ផល​ប្រយោជន៍​ពី​ការ​លូតលាស់​ពី​វិស័យ​ទេសចរណ៍​នេះ​ឡើយ។

0:00 / 0:00

​របាយការណ៍​របស់​វិទ្យាស្ថាន​ជាតិ​សិ្ថតិ​កន្លង​មក បាន​បង្ហាញ​ថា ខេត្ត​សៀមរាប ជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​ដែល​ក្រី​ក្រ​ជាង​គេ ដែល​មាន​ប្រជាជន​ជិត​ពាក់​កណ្តាល​រស់​នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ។ នេះ​គឺ​ជា​រឿង​មួយ​ដែល​អ្នក​ខ្លះ​មិន​ជឿ​ឡើយ ពីព្រោះ​ខេត្ត​នេះ​មាន​ប្រភព​ចំណូល​ពី​វិស័យ​ទេសចរណ៍ និង​មាន​ឱកាស​បង្កើត​ការងារ​ជា​ច្រើន​ទាក់ទង​ជាមួយ​វិស័យ​ទេសចរណ៍។

មាន​មូលហេតុ​ច្រើន​ដែល​ធ្វើ​ឲ្យ​ខេត្ត​មួយ​នេះ​ក្លាយ​ជា​ខេត្ត​ដែល​ក្រីក្រ ប៉ុន្តែ​មូលហេតុ​សំខាន់​​​​មួយ​ចំនួន​នោះ គឺ​ប្រជាជន​ភាគ​ច្រើន​ដែល​ប្រកប​របរ​កសិកម្ម​ ដោយ​ពួក​គាត់​គ្មាន​ដី ឬ​មាន​ដី​តិច​តួច​សម្រាប់​ចិញ្ចឹម​ជីវិត។ ផល​ដំណាំ​របស់​គាត់​រង​គ្រោះ​ដោយ​សារ​គ្រោះ​ធម្មជាតិ​ និង​មាន​ឧកាស​តិច​តួច​សម្រាប់​រក​ការ​ងារ​ក្រៅ​ពី​វិស័យ​កសិកម្ម។

របាយការណ៍​របស់​ក្រសួង​កសិកម្ម បាន​បង្ហាញ​ថា នៅ​ខេត្ត​សៀមរាប ចំនួន​អ្នក​ដែល​រស់​នៅ​ទី​ជនបទ​ដែល​គ្មាន​ដី​សោះ​សម្រាប់​ធ្វើ​កសិកម្ម​ មាន​​ប្រមាណ ១៤​ភាគរយ អ្នក​មាន​ដី​តិច​ជាង ១​ហិកតារ​មាន​ប្រមាណ ៣៧​ភាគរយ និង​ចំនួន​ដែល​មាន​ដី​ចន្លោះ​ពី​១ ទៅ ៣​ហិកតារ មាន​ប្រមាណ ៤២​ភាគរយ។ ក្នុង​ចំណោម​អ្នក​ដែល​មាន​ដី ភាគ​ច្រើន​​គាត់​​ធ្វើ​កសិកម្ម​​តែ​ក្នុង​រដូវ​វស្សា​ប្រមាណ​ជាង ៨០​ភាគរយ។

បញ្ជាក់​បន្ថែម​ពី​បញ្ហា​នេះ នាយក​ប្រតិបត្តិ​​អង្គការ​សហព័ន្ធ​​អភិវឌ្ឍ​កសិកម្ម​ចម្រុះ​នៅ​ខេត្ត​សៀមរាប លោក ព្រំ ម៉ៅ បាន​អង្កេត​ឃើញ​ថា ​ប្រជាជន​ភាគ​ច្រើន​ធ្វើ​ស្រែ​លើ​ទំហំ​ដី​តូច ដែល​ជា​មូលហេតុ​សំខាន់​ធ្វើ​ឲ្យ​ខេត្ត​មួយ​នេះ​ក្លាយ​ជា​ខេត្ត​មួយ​ដែល​ក្រី​ក្រ​ជាង​គេ។

​​លោក ព្រំ ម៉ៅ មាន​ប្រសាសន៍​បន្ត​ទៀត​ថា ក្រៅ​ពី​ធ្វើ​កសិកម្ម​ទាំង​នោះ​ សមាជិក​គ្រួសារ​ខ្លះ​​ធ្វើ​ចំណាក​ស្រុក​រក​ការងារ​នៅ​ទីក្រុង ដូច​ជា​ការងារ​សំណង់​ និង​ការងារ​មួយ​ចំនួន​ទៀត​ក្នុង​វិស័យ​ទេសចរណ៍​សម្រាប់​រក​ចំណូល​ចិញ្ចឹម​គ្រួសារ ភាគ​ច្រើន​គាត់​មាន​ដី​ធ្វើ​កសិកម្ម​តិច​តួច។ ប៉ុន្តែ​ដោយសារ​តែ​ខេត្ត​សៀមរាប សម្បូរ​ដោយ​​តំបន់​ទេសចរណ៍​ជា​ច្រើន​កន្លែង​ ដូច​ច្នេះ​​ជា​ឧកាស​ល្អ​សម្រាប់​អ្នក​ដែល​ទំនេរ​ពី​វិស័យ​កសិកម្ម​ អាច​ឆ្លៀត​ពេល​រក​ចំណូល​បន្ថែម​ពី​វិស័យ​ទេសចរណ៍។

ប្រធាន​សមាគម​ទី​ភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោក អាង គឹមអ៊ាង បាន​ឲ្យ​ដឹង​ថា វិស័យ​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប បាន​បង្កើត​ការងារ​យ៉ាង​ច្រើន​ដល់​ប្រជាជន និង​អ្នក​ចំណូល​ថ្មី​​ពី​ខេត្ត​ផ្សេង​មួយ​ចំនួន​ដែល​កំពុង​រក​ការងារ​លើ​​វិស័យ​ទេសចរណ៍។

​​ទោះ​ជា​យ៉ាង​នេះ​ក្តី​ លោក ព្រំ​ ម៉ៅ​ អង្កេត​ឃើញ​ថា វិស័យ​ទេស​ចរណ៍​នេះ​បាន​ផ្តល់​ផល​តិច​តួច​ចំពោះ​អ្នក​ដែល​រស់​នៅ​ជន​បទ ដោយ​លោក​លើក​ហេតុ​ផល​ថា ភាគ​ច្រើន​គាត់​ធ្វើ​ស្រែ​ ចំការ និង​ដាំ​ដំណាំ​ផ្សេង​ៗ ហើយ​ដំណាំ​បន្លែ​ដែល​ផលិត​ក្នុង​ស្រុក​នៅ​នឹង​កន្លែង មិន​អាច​ផលិត​ដើម្បី​ផ្គត់ផ្គង់​ឆ្លើយ​តប​បាន​គ្រប់គ្រាន់​តាម​សេចក្ដី​ត្រូវ​ការ​ពី​បណ្ដា​សណ្ឋាគារ​ជាច្រើន​ដែល​មាន​នៅ​ខេត្ត​សៀមរាប​នេះ​ទេ។

លោក ព្រំ ម៉ៅ មាន​ប្រសាសន៍​បន្ត​ទៀត​ថា ភាគ​ច្រើន​នៃ​តម្រូវ​ការ​កសិផល និង​បន្លែ​ផ្សេងៗ​ត្រូវ​បាន​នាំ​ចូល​​ពី​ខាង​ក្រៅ​ ដូច្នេះ​ការ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ផលិត​ក្នុង​ស្រុក គឺ​ជា​រឿង​សំខាន់​ដើម្បី​ធ្វើ​ឲ្យ​មាន​​ការ​រីក​ចម្រើន​ទាំង​អស់​គ្នា។ មាន​ន័យ​ថា នៅ​ពេល​វិស័យ​ទេសចរណ៍​បាន​រីក​ចម្រើន ប្រជាជន​នឹង​មាន​ចំណូល​ច្រើន​ដែរ។

ប្រធាន​មន្ទី​កសិកម្ម​​ រក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​សៀមរាប លោក មឿង សុវិត្យា មិន​អាច​សុំ​អត្ថាធិប្បាយ​បាន​ទេ​នៅ​ថ្ងៃ​ទី​៦ មីនា។

ប្រធាន​សមាគម​ទេសចរណ៍​ លោក អាង គឹមអ៊ាង បាន​ឲ្យ​ដឹង​ថា ប្រជាជន​ភាគ​ច្រើន​មិន​បាន​ដើរ​តួ​ជា​ប្រតិបត្តិករ​ទេសចរណ៍​ដោយ​ផ្ទាល់​ទេ។ លោក គឹម អ៊ាន បញ្ជាក់​ថា ភាគ​ច្រើន​នៃ​អ្វី​ដែល​គាត់​ផលិត​បាន​ត្រូវ​លក់​ទៅ​សណ្ឋាគារ​តាម​រយៈ​ឈ្មួញ​កណ្តាល​ដែល​ធ្វើ​ឲ្យ​កសិករ​បាត់​បង់​ផល​ចំណេញ។

លោក គឹម អ៊ាង មាន​ប្រសាសន៍​បន្ត​ទៀត​ថា លោក​យល់​ស្រប​ចំពោះ​ការ​បាត់​បង់​​ចំណូល​ក្នុង​ស្រុក​ចំពោះ​សណ្ឋាគារ​មួយ​ចំនួន​បាន​ប្រើ​ប្រាស់​ទំនិញ​នាំ​ចូល ដើម្បី​បម្រើ​ដល់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ទន្ទឹម​ការ​ផ្គត់​ផ្គង់​នៅ​ក្នុង​ស្រុក​បាន​តិច​តួច​​នៅ​ឡើយ។

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក គឹម អ៊ាង បញ្ជាក់​ទៀត​ថា សណ្ឋាគារ​មួយ​ចំនួន​គ្រប់​គ្រង​ដោយ​ជន​ជាតិ​ខ្មែរ​ដែល​ជា​កត្តា​មួយ​កាត់​បន្ថយ​ការ​ហូរ​ចេញ​ប្រាក់​ចំណេញ​ទៅ​ក្រៅ​ប្រទេស ហើយ​គុណភាព និង​សេវាកម្ម​ទៀត​សោត មាន​ភាព​ល្អ​ប្រសើរ។

បញ្ជាក់​បន្ថែម​ពី​បញ្ហា​នេះ ប្រធាន​មន្ទី​ទេសចរណ៍​ខេត្ត​សៀមរាប លោក ង៉ូវ សេងកាក់ មាន​ប្រសាសន៍​ថា មន្ទី​ទេសចរណ៍​ខេត្ត​កំពុង​ពង្រឹង​វិស័យ​ទេសចរណ៍ និង​ខិត​ខំ​ដើម្បី​ធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍​មាន​ការ​ទាក់​ទាញ​ភ្ញៀវ​កាន់​តែ​ច្រើន​នៅ​ពេល​ដែល​កម្ពុជា ធ្វើ​ជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ​២០១២។

​​អ្នក​ឯក​ទេស​កសិកម្ម​យល់​ឃើញ​ថា ការ​អភិវឌ្ឍ​ព្រម​គ្នា​ទាំង​ផ្នែក​ទេសចរណ៍ និង​​ពង្រីក​ផ្នែក​ដែល​គាំទ្រ​វិស័យ​ទេសចរណ៍ ដូច​ជា​ការ​ផ្គត់​ផ្គង់​កសិផល និង​បន្លែ​ឲ្យ​​បាន​ទូលំទូលាយ គឺ​រឿង​ចាំបាច់​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ជួយ​លើក​កំពស់​ស្ថានភាព​រស់​នៅ​​របស់​ប្រជាជន​ទូទាំង​​ខេត្ត​សៀមរាប បាន​យ៉ាង​ឆាប់​រហ័ស៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។