ប៉ុន្តែប្រភពពីអាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា ការចោទប្រកាន់ខាងលើនេះគឺខុសពីការពិត។
លោក សម រង្ស៊ី ជាមេដឹកនាំគណបក្សប្រឆាំង បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា ការព្យាយាមរារាំងនោះគឺជាទង្វើរើសអើងធ្ងន់ធ្ងរ។
លោក សម រង្ស៊ី បានបញ្ជាក់ថា ៖ «គណបក្សសមរង្ស៊ីរៀបចំធ្វើបុណ្យកឋិនមួយ សូត្រមន្តថ្ងៃ២៤ ហើយថ្ងៃ២៥ នឹងដង្ហែទៅវត្តមួយស្ថិតនៅស្រុកចន្ទ្រា ខេត្តស្វាយរៀង។ មានអាជ្ញាធរនៅទីនោះបានទៅគំរាមកំហែងព្រះសង្ឃ គំរាមកំហែងពុទ្ធបរិស័ទ ហាមកុំឲ្យទទួលកឋិនរបស់ សម រង្ស៊ី។ ទង្វើបែបនេះមិនសមរម្យទាល់តែសោះ ពីព្រោះយើងជាអ្នកកាន់ព្រះពុទ្ធសាសនា យើងទៅវត្ត យើងធ្វើបុណ្យ ធ្វើទាន ហែកឋិន គឺអត់ប្រកាន់ថាគណបក្សណាៗទេ រឿងនយោបាយជារឿងមួយ រឿងសាសនាជារឿងមួយទៀត ហើយសិទ្ធិប្រជាពលរដ្ឋទាំងអស់គ្នា យើងអាចធ្វើបុណ្យ ធ្វើទាន ពេលណាក៏បាន ទីកន្លែងណាក៏បាន អ្នកចូលរួមមកពីណាមកចូលរួមក៏បានដែរ»។
លោកបានបញ្ជាក់ថា លោកនឹងដង្ហែក្បួនកឋិនទាននោះតាមការគ្រោងទុកនៅថៃ្ងទី២៥ តុលា ចុងសប្តាហ៍នេះ។
លោក គឹម ម៉ៅ ជាមេឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង បានមានប្រសាសន៍បញ្ជាក់ថា មានការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន ហើយសម្រាប់ការធ្វើបុណ្យកឋិនទាននោះ ៖ «គេអនុញ្ញាតហើយតើ! គេឲ្យធ្វើបុណ្យតើ!»។
សុខ សេរី ៖ អ៊ីចឹងមិនបានរារាំងទេ? គឹម ម៉ៅ ៖ បាទៗ។
អភិបាលស្រុកចន្រ្ទា ខេត្តស្វាយរៀង បានមានប្រសាសន៍បញ្ជាក់ថា ការចោទប្រកាន់ខាងលើនេះគឺខុសពីការពិត។ អាជ្ញាធរបានអនុញ្ញាតកឋិននោះកាលពីពេលថ្មីៗនេះហើយ ៖ «ឲ្យច្បាប់ហើយតើ!»។
សុខ សេរី ៖ ចុះឮសូរថា មានការគំរាមមិនឲ្យព្រះសង្ឃទទួលយកអង្គកឋិនគណបក្សសមរង្ស៊ី។ រឿងនេះពិតឬទេ? អភិបាលស្រុកចន្រ្ទា ៖ អត់មានទេ។ ខ្ញុំស៊ីញ៉េសំបុត្របុណ្យឲ្យរួចហើយតើ! ខ្ញុំស៊ីញ៉េឲ្យតាំងពីថ្ងៃមុន។
លោក ង៉ែត ណារ៉ា ជាមន្រ្តីសម្របសម្រួលនៃអង្គការការពារសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល ឈ្មោះថា អាដហុក នៅក្នុងខេត្តស្វាយរៀង បានមានប្រសាសន៍ថា ស្ថានការណ៍នៅមូលដ្ឋានមានការតឹងតែង។
លោក ង៉ែត ណារ៉ា បានឲ្យដឹងថា ៖ «មានការត្បិតត្បៀតក្នុងខេត្តនេះ ហើយមានលក្ខណៈតឹងតែងណាស់ ព្រោះស្ថានភាពមួយៗហ្នឹង គេមិនបានយល់អំពីតម្លៃនៃព្រះពុទ្ធសាសនាទេ គេយល់និន្នាការនយោបាយ និន្នាការបក្ស ដាក់ខ្លួនវិញ។ ពេលដែលខ្ញុំចុះទៅបង្រៀនវគ្គសហគមន៍ ឬក៏បង្រៀនប្រជាពលរដ្ឋហ្នឹង ខ្ញុំឃើញថា អាជ្ញាធរមួយចំនួនមានលក្ខណៈត្បិតត្បៀត មានលក្ខណៈតឹងតែងក្នុងការបង្រៀនហ្នឹង»។
គណបក្សសមរង្ស៊ីមានគម្រោងការដង្ហែបុណ្យកឋិនទាននោះនៅថៃ្ងអាទិត្យ ទី២៥ ខែតុលា ចុងសប្តាហ៍នេះ ដែលប្រភពពីមន្រ្តីខុទ្ទការល័យរបស់គណបក្សប្រឆាំងនេះបានឲ្យដឹងថា នឹងមានតំណាងរាស្រ្តចំនួន២៦នាក់ សមាជិកព្រឹទ្ធសភា និងសកម្មជនគាំទ្រគណបក្សជាច្រើននាក់នឹងចូលរួម៕