ប្រភពពីសកម្មជនការពារសិទ្ធិមនុស្សនៃអង្គការក្រៅរដ្ឋាភិបាលនិងតំណាងរាស្រ្តគណបក្សប្រឆាំង បានអះអាងថា តុលាការខេត្តស្វាយរៀងបានបញ្ចូនលិខិតមួយច្បាប់កាលពីពេលថ្មីៗនេះមកក្រសួងយុត្តិធម៌ដើម្បីស្នើសុំឲ្យមានការលើកអភ័យឯកសិទ្ធិតំណាងរាស្រ្តពីលោក សម រង្ស៊ី ដើម្បីបើកផ្លូវឲ្យមានការស៊ើបអង្កេតនិងចោទប្រកាន់ក្រោមបទបំផ្លាញទ្រព្យសម្បត្តិសាធារណៈចំពោះអ្វីដែលលោកបានដកបង្គោលព្រំដែនកម្ពុជាវៀតណាម នៅក្នុងស្រុកចន្រ្ទាកន្លងទៅនេះ។
លោក អំ សំអាត ប្រធានក្រុមស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ បានមានប្រសាសន៍ថា ៖ «ទទួលព័ត៌មាននេះដែរថា តុលាការខេត្តស្វាយរៀងនឹងដាក់លិខិតមកក្រសួងយុត្តិធម៌ដើម្បីសុំព្យួរអភ័យឯកសិទ្ធិឯកឧត្ដម សម រង្ស៊ី ដើម្បីឲ្យតុលាការគេធ្វើការតាមផ្លូវច្បាប់។ នេះវាជារឿងមួយដែលគួរឲ្យបារម្ភផងដែរចំពោះគណបក្សប្រឆាំង គេតែងតែប្ដឹងពីបទបរិហារកេរ្តិ៍ ក៏ដូចជាបទផ្សេងៗទៀត ដើម្បីព្យួរនូវអភ័យឯកសិទ្ធិ»។
លោក យឹម សុវណ្ណ តំណាងរាស្រ្តនៃគណបក្សសមរង្ស៊ី និងជាអ្នកនាំពាក្យនៃគណបក្សនេះ បានមានប្រសាសន៍ថា ៖ «ទទួលបាន SMS (សារតាមទូរស័ព្ទ) ពីសហការីហើយ ប៉ុន្តែមិនទាន់មានលិខិតអីជាផ្លូវការមកខុទ្ទកាល័យនៅឡើយទេ។ ខ្ញុំកំពុងតែឆែកមើលរឿងហ្នឹង»។
សុខ សេរី ៖ តើលោកមានប្រតិកម្មយ៉ាងម៉េចចំពោះបញ្ហានេះ? យឹម សុវណ្ណ ៖ ជារឿងនយោបាយ ជាការគំរាមកំហែងបំបិទសិទ្ធិសេរីភាពអ្នកស្នេហាជាតិ។
លោក ផង់ សាមុន ជាអនុប្រធាននៃតុលាការខេត្តស្វាយរៀង បានមានប្រសាសន៍ថា លោកមិនបានដឹងរឿងនេះនៅទ្បើយទេ ៖ «អត់ដឹងមានរឿងហ្នឹងផង»។
សុខ សេរី ៖ មកពីបងមិនបានទទួលបន្ទុករឿងហ្នឹងឬយ៉ាងម៉េច? ផង់ សាមុន ៖ ខ្ញុំមិនបានដឹងផង នៅកន្លែងហ្នឹងអត់មានឮអ្នកណានិយាយថាមានករណីអីផង! អត់ដឹងដែរហ្នឹង។
លោក អង្គវង្ស វឌ្ឍានា ជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា លោកជាប់រវល់ប្រជុំនៅពេលដែលវិទ្យុអាស៊ីសេរីទាក់ទងសាកសួរជុំវិញរឿងលិខិតនៃតុលាការខេត្តស្វាយរៀងនោះ។
លោក សម រង្ស៊ី កំពុងតែស្ថិតនៅក្រៅប្រទេសកម្ពុជាក្រោយពីមានការប្តឹងរូបលោកទៅតុលាការខេត្តស្វាយរៀងនោះ។
លោក សម រង្ស៊ី ជាមេដឹកនាំគណបក្សប្រឆាំងធំជាងគេនៅក្នុងប្រទេសកម្ពុជា បានរងការប្តឹងពីសមត្ថកិច្ចនៅក្នុងស្រុកចន្រ្ទា ខេត្តស្វាយរៀង ក្រោមបទចោទប្រកាន់ថា បានបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ក្រោយពីរូបលោកបានដឹកនាំបុណ្យកឋិនទានមួយទៅកាន់វត្តអង្គរំដេញ ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង កាលពីថៃ្ងទី២៥ ខែតុលាកន្លងទៅនេះ។ នៅពេលនោះមានសេចក្តីរាយការណ៍មកថា លោកបានដកបង្គោលព្រំដែនកម្ពុជាវៀតណាមដោយសារលោកបានចោទប្រកាន់ថា ភាគីវៀតណាមបានរំលោភចូលមកទឹកដីប្រទេសកម្ពុជានៅទីនោះ។
លោក វ៉ា គឹមហុង ប្រធានគណៈកម្មការចម្រុះដោះស្រាយវិវាទព្រំដែនកម្ពុជា បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា បង្គោលនោះត្រូវបានឯកភាពគ្នារួចហើយរវាងក្រុមជំនាញព្រំដែននៃប្រទេសទាំងពីរ។
កាលពីថៃ្ងទី៩ ខែវិច្ឆិកាកន្លងទៅ ជាទិវាបុណ្យឯករាជ្យជាតិនៅក្នុងប្រទេសកម្ពុជា លោក សម រង្ស៊ី បានអំពាវនាវសុំឲ្យបង្កើតគណៈកម្មការសភាពិសេសមួយ ចម្រុះដោយគណបក្សនយោបាយដើម្បីពិនិត្យមើលបញ្ហាព្រំដែនដែលកសិករខែ្មរបានបាត់បង់ដីធ្លីកសិកម្មនៅតាមបណ្តោយព្រំដែនជាមួយនឹងប្រទេសវៀតណាមនិងថៃជាដើម៕
