ពលរដ្ឋ​នៅ​ស្វាយរៀង​បារម្ភ​ពី​ការ​បាត់​បង់​ដី​ស្រែ​ដោយសារ​ការ​កំណត់​ព្រំដែន

ប្រជាពលរដ្ឋ​ក្នុង​ឃុំ​សំរោង ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង បាន​សម្ដែង​ក្ដី​បារម្ភ​ជាថ្មី​ពី​ការ​បាត់បង់​ដី​ស្រែ​របស់​ពួក​គាត់​ដោយសារ​ការ​កំណត់​ព្រំដែន​កម្ពុជា​-​វៀតណាម។

0:00 / 0:00

ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​នៅ​ភូមិ​កោះក្បាន​កណ្ដាល ឃុំ​សំរោង ស្រុក​ចន្ទ្រា បាន​ឲ្យ​ដឹង​ថា ក្រុម​មន្ត្រី​អាជ្ញាធរ រួម​មាន​អភិបាល​ស្រុក​ចន្ទ្រា​ផង បាន​កោះ​ហៅ​ពួក​គាត់​មាន​គ្នា​ប្រមាណ​៣០​នាក់​ឲ្យ​ចូលរួម​ប្រជុំ​នៅ​ថ្ងៃ​អាទិត្យ ទី​១៥ វិច្ឆិកា ដែល​ធ្វើ​ឲ្យ​ពួក​គាត់​កាន់​តែ​ព្រួយ​បារម្ភ​មួយ​កម្រិត​ទៀត ព្រោះ​ក្រុម​មន្ត្រី​បាន​ប្រាប់​ឲ្យ​ពួក​គាត់​ធ្វើ​ការ​អត់ធ្មត់ រង់ចាំ​ដំណោះស្រាយ​ពី​សំណាក់​រាជ​រដ្ឋាភិបាល។

ស្ត្រី​ម្នាក់​ដែល​បាន​ចូលរួម​ប្រជុំ អ្នកស្រី មាស ស្រី អាយុ​៣៩​ឆ្នាំ បាន​ថ្លែង​ថា រូប​គាត់​កាន់តែ​ភ័យ​ព្រួយ​និង​អស់​សង្ឃឹម​ថែម​ទៀត ក្រោយ​ពី​បាន​ស្ដាប់​ការ​ណែនាំ​របស់​ក្រុម​មន្ត្រី​ទាំង​នោះ។

ការ​កំណត់​ព្រំដែន​កម្ពុជា វៀតណាម

អ្នកស្រី មាស ស្រី បាន​ឲ្យ​ដឹង​ថា ៖ «គេ​ថា​ចេះ​តែ​ឲ្យ​យើង​ប្រឹង​ទៅ ឲ្យ​អង្គការ​គេ​ដោះស្រាយ​ឲ្យ យើង​ធ្វើ​សំណុំរឿង​ប្ដឹង​ឡើង ខ្ញុំ​ថា​ប្ដឹង​ឡើង​ម៉េច? ប្ដឹង​ឡើង​អស់​រយៈ​ប៉ុន្មាន​១៦​ខែ​ហើយ អត់​មាន​រក​ឲ្យ​ប្រជាជន​ផង។ ប្រជាជន​ឆោឡោ​អ៊ីចឹង បាន​ធ្វើ​ជា​ហៅ​ប្រជាជន​មក​ប្រជុំ ប្រជាជន​អត់​សុខ​ចិត្ត អ៊ីចឹង​បាន​ខ្ញុំ​ពិបាក​ចិត្ត​ណាស់ ឥឡូវ​មិន​ដឹង​ទៅ​ណា​ទេ!»

ចំណែក​ឯ​ស្ត្រី​ម្នាក់​ទៀត អ្នកស្រី នាង ផល្លី អាយុ​៣៨​ឆ្នាំ បាន​សម្ដែង​ចម្ងល់​ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​របស់​ក្រុម​មន្ត្រី​ស្ដីពី​ការ​ទទួល​ខុស​ត្រូវ​របស់​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​បាន​ដក​បង្គោល​កំណត់​ព្រំដែន​កាល​ពី​ថ្ងៃ​ទី​២៥ តុលា កន្លង​ទៅ។

អ្នកស្រី នាង ផល្លី បាន​បញ្ជាក់​ថា ៖ «គេ​ថា កុំ​អាង​លោក សម រង្ស៊ី ពេក កាល​គាត់​ដក​ហ្នឹង គាត់​ធានា​អះអាង ឥឡូវ​គាត់​អត់​ធានា​ទេ គេ​សុំ​រួច​ខ្លួន​ហើយ គេ​និយាយ​អ៊ីចឹង តើ​ពិត​មែន​ឬ​អត់?»

អភិបាល​ស្រុក​ចន្ទ្រា លោក ជា យាង បាន​ទទួល​ស្គាល់​ថា មាន​ការ​ប្រជុំ​ជាមួយ​ប្រជាពលរដ្ឋ​មែន តែ​លោក​បាន​បដិសេធ​មិន​ធ្វើ​សេចក្ដី​អធិប្បាយ​ជុំវិញ​ការ​ដែល​អាជ្ញាធរ​កោះ​ប្រជុំ​ប្រជាពលរដ្ឋ​ទាក់ទិន​នឹង​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម​នោះ​ឡើយ។

ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​តំណាង​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា លោក រ៉ុង ឈុន បាន​មាន​ប្រសាសន៍​ថា ក្ដី​កង្វល់​ដែល​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​វៀតណាម​បាន​លើក​ឡើង អាច​ជា​កម្មវត្ថុ​សម្រាប់​រាជ​រដ្ឋាភិបាល​យក​មក​ពិចារណា។

លោក រ៉ុង ឈុន បាន​មាន​ប្រសាសន៍​ថា ៖ «មិន​មែន​គ្រាន់​តែ​ប្រតិកម្ម​ពី​អាជ្ញាធរ​យួន​បន្តិច​បន្តួច ហើយ​មក​ដាក់​បន្ទុក​លើ​ប្រជាពលរដ្ឋ លើ​អ្នក​តំណាង​រាស្ត្រ​ខ្លួន​ឯង​ពេល​នេះ ចង្អុល​បង្ហាញ​ឲ្យ​ឃើញ​ថា រដ្ឋាភិបាល​យើង​ហាក់​បី​ដូច​ជា​ពាក់ព័ន្ធ ឬ​មួយ​រណប​រដ្ឋាភិបាល​ប្រទេស​ជិត​ខាង»

កាល​ពី​ថ្ងៃ​ទី​២៥ តុលា​កន្លង​ទៅ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សមរង្ស៊ី បាន​ដឹកនាំ​ការ​ដង្ហែ​អង្គ​កឋិនទាន​ទៅ​កាន់​វត្ត​មួយ​នៅ​តំបន់​ជាយ​ដែន ឈ្មោះ​វត្ត​អង្គ​រំដេញ។ ក្រោយ​ពី​បាន​ស្ដាប់​នូវ​ការ​ថ្លែង​ទុក្ខ​របស់​ប្រជាពលរដ្ឋ​ស្ដី​ពី​ការ​បាត់​បង់​ដី​ធ្លី លោក សម រង្ស៊ី រួម​ជាមួយ​ប្រជាពលរដ្ឋ​ប្រមាណ​១០០​នាក់​បាន​ចុះ​ទៅ​ដក​បង្គោល​តម្រុយ​កំណត់​ព្រំដែន​កម្ពុជា​-​វៀតណាម​ចំនួន​៦​ដើម​ចេញ​ពី​ដី​ស្រែ​របស់​ប្រជា​កសិករ​ខ្មែរ បន្ទាប់​មក លោក សម រង្ស៊ី បាន​រង​ការ​ប្ដឹង​ទៅ​រដ្ឋសភា ដោយ​ស្នើ​សុំ​ឲ្យ​មាន​ការ​ដក​អភ័យ​ឯកសិទ្ធិ​តំណាង​រាស្ត្រ​របស់​លោក៕