អាជ្ញាធរខេត្តបាត់ដំបង និងខេត្តប៉ៃលិន នៅព្រឹកថ្ងៃច័ន្ទ ទី២២ ខែសីហា ឆ្នាំ២០១១ នេះ បានបញ្ជូនកងកម្លាំងប៉ូលិសជាច្រើននាក់ ចុះរឹបអូសយកស្លាកសញ្ញាគណបក្សសមរង្ស៊ីជាច្រើនយកទៅរក្សាទុកនៅសាលាក្រុង និងស្នងការដ្ឋានប៉ូលិស ក្រោយពីក្រុមមន្ត្រីបក្សប្រឆាំងបាននាំគ្នាចុះបោះបង្គោលដាំតាមសេចក្ដីជូនដំណឹងរបស់ខ្លួន នៅលើចិញ្ចើមផ្លូវសាធារណៈ ក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន។
មន្ត្រីគណបក្សសមរង្ស៊ីឲ្យដឹងថា ប៉ូលិសបានដកហូតយកស្លាកសញ្ញាគណបក្សសង្ស៊ីចំនួនបួនស្លាក ក្នុងនោះ ១ស្លាកស្ថិតនៅខាងត្បូងសាលាបឋមសិក្សាវត្តកំផែង និង២ស្លាកទៀតនៅតាមបណ្ដោយផ្លូវលេខ៣ ក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ហើយនៅខេត្តប៉ៃលិនមួយផ្លាកផ្សេងទៀត។
លោក ស៊ុន កុសល់ មន្ត្រីគណបក្សសមរង្ស៊ីប្រចាំក្រុងបាត់ដំបង បានប្រតិកម្មថា ការលើកផ្លាកសញ្ញាគណបក្សនេះ គឺបានធ្វើឡើងត្រឹមត្រូវតាមសេចក្ដីជូនដំណឹង ដែលគណបក្សសមរង្ស៊ីបានដាក់ជូនអាជ្ញាធរ ៖ «ទង្វើនេះជាទង្វើមិនស្មើភាពគ្នា ក្នុងការប្រកួតប្រជែង រវាងគណបក្សនយោបាយ ហើយគណបក្សសមរង្ស៊ីក្រុងបាត់ដំបង នឹងធ្វើពាក្យបណ្ដឹងទៅតាមផ្លូវច្បាប់ ប្ដឹងទៅគណៈកម្មាធិការរៀបចំការបោះឆ្នោតផង យើងនឹងពាំនាំយកករណីនេះទៅប្រាប់ដល់ម្ចាស់ឆ្នោតថា ទង្វើដែលរដ្ឋអំណាចធ្វើនេះ ជាទង្វើបែបកុម្មុយនិស្ត»។
លោក យិន ម៉េងលី មន្ត្រីស៊ើបអង្កេតនៃសមាគមអាដហុក បានថ្លែងថា អាជ្ញាធរខេត្តបាត់ដំបង និងខេត្តប៉ៃលិន មិនត្រូវចុះធ្វើការរឹបអូសយកស្លាកសញ្ញាគណបក្សសមរង្ស៊ីដូច្នេះទេ។ លោក បន្តថា វាជាកំហុសរបស់អាជ្ញាធរមូលដ្ឋាន ដែលពុំធ្វើការឆ្លើយតបតាមសេចក្ដីជូនដំណឹងឲ្យគណបក្សសមរង្ស៊ី ៖ «ខ្ញុំគិតថា បញ្ហានេះ យើងមិនគួរធ្វើអ៊ីចឹងទេ ព្រោះបញ្ហានយោបាយនេះ វាចាស់ទុំហើយ អ៊ីចឹងគប្បីធ្វើការចរចាគ្នាបំពេញទៅវិញទៅមកនូវចំណុចដែលយើងខ្វះខាត យើងមិនគប្បី ប្រើកម្លាំងសមត្ថកិច្ចឲ្យទៅធ្វើអ៊ីចឹងបានទេ»។
អភិបាលក្រុងបាត់ដំបង លោក អឿម សុខុន បានមានប្រសាសន៍ថា គណបក្សសមរង្ស៊ីគ្រាន់តែបានធ្វើសេចក្ដីជូនដំណឹង ប៉ុន្តែមិនបានធ្វើការស្នើសុំមកអាជ្ញាធរមូលដ្ឋាន ៖ «ដាក់ត្រង់ណា ឲ្យមានការឯកភាពពីកន្លែងត្រង់ហ្នឹងធ្វើក្រដាសមក ឥឡូវឧទាហរណ៍ដាក់ចំណុចណា ឲ្យមានការឯកភាពពីស្ថាប័ន និងពីសាលារៀន ពីវត្តទៅ ធ្វើឲ្យច្បាស់លាស់ នៅទីតាំងណា បើសិនជាមិនច្បាស់លាស់ទេទៅសុំគោលការណ៍នៅក្រុងឥឡូវធ្វើម៉េច ឲ្យមានឯកសារច្បាស់លាស់ថា ដាក់ត្រង់ណា ហើយឲ្យមានការឯកភាពពីអង្គភាពស្ថាប័នអាជីវកម្មហ្នឹងផង»។
ប្រធានសម្របសម្រួលរបស់អង្គការសិទ្ធិមនុស្សលីកាដូ លោក ស៊ុន តឹក បានមានប្រសាសន៍សង្កត់ធ្ងន់ថា ការចុះរឹបអូសយកផ្លាកសញ្ញាគណបក្សសមរង្ស៊ីនេះ គឺជារឿងផ្ទុយនិងច្បាប់បោះឆ្នោត ៖ «គណបក្សណាក៏ដោយដាក់ផ្លាករដ្ឋអំណាចគួរតែបង្កលក្ខណៈឲ្យគេដាក់បានឲ្យស្រួល បើនិយាយឲ្យចំ ត្រូវមានចំណុចណាមួយដាក់ថា គណបក្សនេះដាក់ត្រង់នេះ គណបក្សនោះដាក់ត្រង់នោះ សម្របសម្រួលកុំឲ្យមានការប្រទាញប្រទង់គ្នាអ៊ីចឹងវាមិនល្អមើលសម្រាប់មហាជនបើសិនជាយើងហាមគេមិនឲ្យដាក់សោះជាការខុសច្បាប់បោះឆ្នោត»។
កាលពីថ្ងៃទី១១ និងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១១ គណបក្សសមរង្ស៊ី ប្រចាំខេត្តបាត់ដំបង និងខេត្តប៉ៃលិន បានលិខិតជូនដំណឹងស្ដីពីការលើកស្លាកសញ្ញាគណបក្សសមរង្ស៊ី នៅក្នុងក្រុងបាត់ដំបងចំនួន ៧ស្លាកសញ្ញា និងនៅខេត្តប៉ៃលិនចំនួន ៤ស្លាកសញ្ញា ប៉ុន្តែរាល់សេចក្ដីជូនដំណឹងនោះ ក្រុមអាជ្ញាធរពាក់ព័ន្ធពុំបានធ្វើការឆ្លើយតមនិងសេចក្ដីជូនដំណឹងនោះឡើយ ហើយនៅពេលមន្ត្រីគណបក្សសមរង្ស៊ីចុះធ្វើសកម្មភាពបោះបង្គោលដាំស្លាកសញ្ញាគណបក្សទាំងនោះក៏ទទួលរង់ការហាមឃាត់ និងមានការរឹបអូសពីសំណាក់អាជ្ញាធរប៉ូលិស៕