សកម្មជនគណបក្សប្រឆាំង សម រង្ស៊ី ពីរនាក់ មានប្តី ប្រពន្ធ ព្រមទាំងចៅម្នាក់ផងនោះ ត្រូវបានជនមិនស្គាល់មុខបានលបសម្លាប់នៅក្នុងផ្ទះ កាលពីយប់ថៃ្ងទី១៤ ខែមិថុនា ថ្មីៗនេះ នៅក្នុងឃុំវាលពង់ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ហើយសាកសពកំពុងតែត្រូវបានគ្រួសារ និងសាច់ញាតិរៀបចំធ្វើបុណ្យសពរួមគ្នានៅថៃ្ងពុធ ទី១៦ ខែមិថុនានេះ។
សកម្មជនដែលបានស្លាប់នោះ មានឈ្មោះ វង្ស ហេង អាយុ ៦០ឆ្នាំ ភេទប្រុស ឈ្មោះ យ៉ន ស្រី អាយុ ៥៥ឆ្នាំ ភេទស្រី ជាប្រពន្ធ និងកុមារាឈ្មោះ ហេង ចៀន អាយុ ៨ឆ្នាំ ត្រូវជាចៅ។
ក្រុមសមត្ថកិច្ចមូលដ្ឋាន មានដូចជាមេឃុំវាលពង់ និងអធិការនគរបាលមូលដ្ឋាន បានចុះស្រាវជ្រាវភ្លាមៗ ក្រោយពីឃាតកម្មនោះ ហើយបានកំណត់មូលហេតុនៃឃាតកម្មនេះថា ជាអំពើប្លន់ ដោយសារមានស្នាមកាប់នឹងពូថៅ និងអំពើហិង្សា ដើម្បីប្លន់យកប្រាក់ពីជនរងគ្រោះដែលទើបបានលក់សត្វគោបានប្រាក់ជាច្រើនម៉ឺនរៀល។
មេឃុំវាលពង់ លោក ម៉ា រស់ នៅក្នុងស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ដែលបានចុះទៅពិនិត្យសាកសពនៅកន្លែងកើតហេតុ បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅថៃ្ងពុធ ទី១៦ ខែមិថុនានេះថា ៖ «ធ្វើការម្សិលមិញ (១៥ មិថុនា) ទល់ល្ងាច ហើយព្រឹកមិញនេះបន្តសកម្មភាពទាំងខេត្ត ទាំងស្រុក ទាំងឃុំអីទាំងអស់ ទាំងភូមិនេះទៀត»។
សុខ សេរី ៖ តើដឹងមុខសញ្ញាហើយឬនៅ? ម៉ា រស់ ៖ នៅអត់ទាន់ដឹង។ សមត្ថកិច្ចអត់ទាន់ប្រាប់យើង។ គេកំពុងតែសាកសួរព័ត៌មានច្រើនបន្តទៅទៀត។
លោកបានអះអាងថា លោកនិងអាជ្ញាធរនគរបាលនានានៅមូលដ្ឋាន កំពុងតែពង្រឹងវិធានការសន្តិសុខ ក្រោយពីមានអំពើឃាតកម្មនេះ។
សាច់ញាតិរបស់គ្រួសារសពនោះ លោក ឱម ផុស អាយុ ៦៦ឆ្នាំ ដែលកំពុងតែធ្វើបុណ្យសព បានថែ្លងប្រាប់តាមទូរស័ព្ទមកថា ៖ «វារើអីវ៉ាន់ខ្ទេចខ្ទីនៅលើផ្ទះ»។
សុខ សេរី ៖ អ៊ីចឹងមិនមែនជាឃាតកម្មនយោបាយទេឬ? ឱម ផុស ៖ បាទ! អត់មែនទេ អត់មែនជានយោបាយទេ។ សុខ សេរី ៖ តើមានស្នាមកាំបិតអីទេ? ឱម ផុស ៖ វាមានស្នាមពូថៅ។ ឥឡូវកំពុងតែធ្វើបុណ្យសព។
សមាជិកក្រុមប្រឹក្សាស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ខាងគណបក្សប្រឆាំង សម រង្ស៊ី លោក អៀប ដន អាយុ ៦៤ឆ្នាំ ដែលបានតាមដានរឿងឃាតកម្មនេះដែរ បានមានប្រសាសន៍ថា ៖ «បាទ! ខ្ញុំបានទៅព្រឹកមិញហ្នឹង ខ្ញុំទៅសួរផ្ទាល់ អានេះជាករណីប្លន់។ ព្រោះអានោះជាកូនធម៌របស់គាត់ហ្នឹង»។
អ្នកស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្ស លីកាដូ ឈ្មោះ សែម ចៅសុខ នៅក្នុងខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា ឃាតកម្មនេះជាការផ្ញើសារមិនល្អមួយ។
លោក សែម ចៅសុខ មានប្រសាសន៍ដូច្នេះ ៖ «កើតករណីពិសេសៗរបៀបនេះ ហើយចំណាត់ការរបស់យើងមិនអាចស្រាវជ្រាវវែកមុខជនល្មើសបាន វាធ្វើឲ្យប្រជាពលរដ្ឋដែលនៅតាមមូលដ្ឋានមានការព្រួយបារម្ភ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងការប្រារព្ធខួបលើកទី ៦៥ នៃកំណើតនគរបាលជាតិកម្ពុជា បានប្រកាសកាលពីថ្ងៃទី១៦ ខែឧសភា ថ្មីៗនេះ ជំរុញឲ្យអាជ្ញាធរមូលដ្ឋាននានា ប្រកួតប្រជែងគ្នាយកស្នាដៃក្នុងការរក្សាសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅឆ្នាំ២០១០ និងឆ្នាំ២០១១ នៅស្របពេលដែលមានរបាយការណ៍ថា បទល្មើសនានា ក្នុងឆ្នាំ២០០៩ បានកើនឡើងជាងឆ្នាំ២០០៨៕
