លោក ប៊ូ ប៊ន អាយុ២៨ឆ្នាំ សកម្មជននៃគណបក្សសមរង្ស៊ីនៅឃុំជ្រៃឃ្មុំ ខេត្តព្រៃវែង បានត្រូវប្រធានភូមិឈ្មោះលោក រស់ វឿន និងបក្សពួក២នាក់បានបាញ់សម្លាប់កាលពីយប់ថ្ងៃទី២៨ ខែវិច្ឆិកា កន្លងមកនេះ ខណៈដែលលោកនិងប្អូនថ្លៃអាយុ១៤ឆ្នាំ កំពុងឆក់ត្រីនៅបឹងអញ្ចាញ ក្នុងឃុំជ្រៃឃ្មុំ នៅកណ្តាលរាត្រីប្រមាណជាម៉ោង១២យប់។
ក្នុងលិខិតផ្ញើជូនលោកឧបនាយករដ្ឋមន្ត្រី ស ខេង និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃអង្គារ ទី១ ធ្នូ តំណាងរាស្ត្រគណបក្សសមរង្ស៊ី លោកស្រី កែ សុវណ្ណារ័ត្ន បានទទូចសុំឲ្យលោក ស ខេង ចាត់វិធានការឲ្យមានការស៊ើបអង្កេតជាបន្ទាន់ ដើម្បីចាប់ខ្លួនជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់។
លោកស្រី កែ សុវណ្ណារ័ត្ន បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីតាមទូរស័ព្ទ រៀបរាប់អំពីហេតុការណ៍នៃឃាតកម្មនេះថា ៖ «ពាក់ព័ន្ធនឹងរឿងកាលពីថ្ងៃទី២៨ ខែ១១ហ្នឹង មានករណីកើតឡើងសម្លាប់សកម្មជនគណបក្សសមរង្ស៊ី ឈ្មោះលោក ប៊ូ ប៊ន។ ប៊ូ ប៊ន គាត់នៅក្នុងស្រុកសន្ធរកណ្ដាល ខេត្តព្រៃវែង នៅឃុំព្រៃឃ្មុំ។ យើងបានដឹងតាមការរៀបរាប់របស់គ្រួសារជនរងគ្រោះ យើងបានស្គាល់ជនដៃដល់។ អ៊ីចឹងករណីកើតឡើងកាលពីថ្ងៃទី២៨ហ្នឹង គណបក្សសមរង្ស៊ីមកដល់ពេលនេះ ខ្ញុំបានសរសេរលិខិតកាលពីល្ងាច(១ ធ្នូ) ទៅលោកឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សុំឲ្យលោកចាត់វិធានការផ្ដន្ទាទោសចំពោះឃាតករដៃដល់»។
ទាក់ទងនឹងឃាតកម្មនេះដែរ លោក ថ្លាង ផូ មេឃុំជ្រៃឃ្មុំ បានមានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី គឺលោក អ៊ួន ឈិន កាលពីយប់ថ្ងៃ២ ធ្នូ ថា អាជ្ញាធរមានសមត្ថិកិច្ចកំពុងតាមរកចាប់ខ្លួនលោកមេភូមិ រស់ វឿន និងក្រុមបក្សពួកគាត់ហើយ ដែលបានរត់គេចខ្លួនបាត់។
លោកបានរៀបរាប់ពីហេតុការណ៍ដែលកើតឡើងបន្ថែមថា ៖ «រាយការណ៍មកឲ្យខ្ញុំ អ្នកទៅឆក់ត្រីហ្នឹង បានទៅឆក់ត្រីហើយមេភូមិទៅបង្រ្កាបអ្នកឆក់ត្រី ដល់ពេលហ្នឹងអ្នកឆក់ត្រីហ្នឹងគេប្រកាសថា ឲ្យយកប្រដាប់ឆក់យកមកឲ្យគេ រួចមិនយកមកឲ្យគេស្រាប់តែយកមកឆក់មនុស្សវិញ ឆក់គេដួលទទឹងទទែង ដល់អាមួយមានអាវុធនៅខាងលើវាបាញ់ទៅ។ វាបាញ់បង្ហើទេ ប៉ុន្តែដល់ផុតពីបង្ហើ បាញ់មួយផូងទន់ដៃបន្តិចៗ ៣គ្រាប់ ដល់មួយគ្រាប់ចុងក្រោយត្រូវ។ អ្នកបាញ់ហ្នឹងទន់ដៃ បាញ់មួយគ្រាប់ចុះបន្តិចៗ ដល់គ្រាប់ចុងក្រោយត្រូវមនុស្សអ៊ីចឹងតែម្ដង»។
អ៊ួន ឈិន ៖ ដំណឹងនេះតើលោកមេឃុំទទួលបានពីខាងណា ឬក៏តាមការស្រាវជ្រាវ? ថ្លាង ផូ ៖ ទទួលបានពីខាងអ្នកបាញ់។ អ៊ួន ឈិន ៖ តើលោកមេឃុំមានចាត់វិធានការយ៉ាងណាចំពោះអ្នកបាញ់គេហ្នឹងទេ? ថ្លាង ផូ ៖ បើមនុស្សនៅចាប់បញ្ចូលគុកហើយ អត់ទុកទេ ព្រោះអ្នកឆក់វាសម្លាប់ត្រី រួចឯងសម្លាប់មនុស្សត្រូវមានទោស។ ប្ដឹងរួចហើយ ប្ដឹងទៅដល់អាជ្ញាធរថ្នាក់លើឲ្យសាកសួររកមនុស្សហ្នឹងដើម្បីយកមកដាក់គុក។
ចំណែកលោក ប៉ាង ស៊ីវុត្ថា មន្ត្រីស៊ើបអង្កេតនៃអង្គការលីកាដូ ក៏បានរៀបរាប់ប្រាប់ក្រោយដែលលោកបានសាកសួរក្រុមគ្រួសារជនរងគ្រោះ បន្ថែមយ៉ាងនេះថា ៖ «ក្រោយពីបាញ់បងស្លាប់ទៅ ក្មេងហ្នឹងត្រឡប់មកមើលបងវិញ គេសម្លុតគាត់ ក៏ចងដៃគាត់មកមុខទាំងពីរនឹងក្រមា ហើយគេនាំមកចូលភូមិរបស់អ្នកដែលប្រព្រឹត្តហ្នឹង ហើយដល់ពេលហ្នឹង ទៅដល់ហ្នឹងមានប៉ូលិសស្រាយទៅ ក្មេងហ្នឹងក៏គេឲ្យមក វាក៏រត់មកប្រាប់ក្រុមគ្រួសារពីព័ត៌មានហ្នឹងនៅចន្លោះម៉ោង៣យប់ទៀបភ្លឺ»៕
