សកម្មជន​បក្ស​សម​រង្ស៊ី​នៅ​ខេត្ត​ស្ទឹងត្រែង​ត្រូវ​គេ​បាញ់​សម្លាប់

សកម្មជន​គណបក្ស​សមរង្ស៊ី​មួយ​រូប​នៅ​ឃុំ​ព្រែកមាស ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​នៅ៑​ខ្ទម​ចាំ​ចម្ការ ក៏​ប៉ុន្តែ​ទាំង​សមត្ថកិច្ច​និង​មន្ត្រី​គណបក្ស​ពុំ​ទាន់​សន្និដ្ឋាន​ប្រាកដ​ថា តើ​ការ​បាញ់​សម្លាប់​នោះ​ទាក់ទិន​ទៅ​នឹង​ហេតុផល​អ្វី​នោះ​ឡើយ។

0:00 / 0:00

ជន​រង​គ្រោះ ឈ្មោះ សៃ សែន អាយុ ៤០​ឆ្នាំ រស់​នៅ​ភូមិ​ថ្មដា ត្រូវ​ឃាតករ​បាញ់​ចំនួន ៤​គ្រាប់ ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ​កាល​ពី​វេលា​ម៉ោង ១១​អធ្រាត្រថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០០៨។

ប្អូន​ប្រុស​បង្កើត​ជន​រង​គ្រោះ ឈ្មោះ សៃ សុខ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា បង​ប្រុស​គាត់​ទៅ​ចាំ​ក្របី​ជាមួយ​កូន​ប្រុស​អាយុ ១៣​ឆ្នាំ ហើយ​តាម​ការ​បំភ្លឺ​របស់​កូន​ប្រុស​នោះ​បញ្ជាក់​ថា គាត់​ត្រូវ​គេ​បាញ់​ខណៈ​ដែល​ភ្ញាក់​ពី​ដេក ហើយ​ទៅ​ដេញ​ក្របី ពេល​ត្រឡប់​មក​ខ្ទម​វិញ ក៏​ត្រូវ​ឃាតករ​មាន​គ្នា​ចំនួន ២​នាក់ បាញ់​សម្លាប់។

លោក សៃ សុខ មាន​ប្រសាសន៍​ថា ៖ «គាត់​ចុះ​មក​មើល​ក្របី គាត់​ឡើង​ដល់​ជណ្ដើរ​គេ​បាញ់​នៅ​លើ​ជណ្ដើរ​តែ​ម្ដង។ កូន​គាត់​ថា មនុស្ស​ដង​ខ្លួន​ទាប​ម្នាក់ ខ្ពស់​ម្នាក់ ហើយ​វា​បាញ់​ប្រហែល​ចម្ងាយ ៨​-៩​ម៉ែត្រ»

បើ​តាម​ប៉ូលិស​មូលដ្ឋាន​ដែល​បាន​ពិនិត្យ​សាកសព​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ត្រូវ​គេ​បាញ់​ត្រូវ​ភ្លៅ​ដៃ​ស្មា​និង​គុម្ព​ត្រចៀក ក៏​ប៉ុន្តែ​ឃាតករ​ពុំ​មាន​បន្សល់​វត្ថុតាង​ណា​មួយ​នៅ​ទី​កើត​ហេតុ​នោះ​ទេ ក្រៅ​ពី​សម្បក​គ្រាប់​កាំភ្លើង​អាកា​ចំនួន​៣​គ្រាប់​ដែល​ប៉ូលិស​រក​ឃើញ។

អធិការ​ប៉ូលិស​ស្រុក​សៀមប៉ាង លោក វ៉ា សុផាន់ មាន​ប្រសាសន៍​បញ្ជាក់​ថា មិន​មាន​តម្រុយ​ណា​មួយ​ដើម្បី​ឲ្យ​សមត្ថកិច្ច​សន្និដ្ឋាន​ថា ឃាតកម្ម​ខាង​លើ​ធ្វើ​ឡើង​ដោយ​ហេតុ​ផល​គំនុំ ឬ​ជា​អំពើ​ប្លន់​ទ្រព្យ​សម្បត្តិ​នោះ​អ្វី​នៅ​ឡើយ​ទេ ក៏​ប៉ុន្តែ​តាម​ការស៊ើប​អង្កេត​ជំហាន​ដំបូង​របស់​ប៉ូលិស​មូលដ្ឋាន​រក​ឃើញ​ថា នៅ​មុន​ថ្ងៃ​កើត​ហេតុ ជន​រង​គ្រោះ​មាន​ជម្លោះ​ខ្លាំង​ជាមួយ​អ្នក​ភូមិ​ជាមួយ​គ្នា ហើយ​ជន​រង​គ្រោះ​ក៏​ជា​មនុស្ស​ដែល​អ្នក​ភូមិ​ចោទ​ប្រកាន់​ថា ចេះ​អំពើ​អាប​ធ្មប់​ផង​ដែរ។

យ៉ាង​ជា​យ៉ាង​នេះ​ក្តី លោក​បញ្ជាក់​ថា ប៉ូលិស​កំពុង​បន្ត​ការ​ស៊ើប​អង្កេត​ទៅ​លើ​ប្រភព​អាវុធ​ដែល​ជន​ល្មើស​ប្រើប្រាស់​សម្រាប់​ការ​បាញ់​ប្រហារ​នេះ។

លោក វ៉ា សុផាន់ មាន​ប្រសាសន៍​ថា ៖ «ជន​សង្ស័យ​ហ្នឹង បាញ់​មួយ​គ្រាប់​ប្រមាណ​ជា ៩​ម៉ែត្រ បាញ់​ហើយ ២​ជំហាន​បាន​ចូល​ទៅ​បាញ់​ថែម​ទៀត ព្រោះ​សម្បក​ផ្ទុះ​តៗ​គ្នា​ទៅ​មុខ។ ...​ប៉ុន្តែ​បាន​ឆ្លើយ​បំភ្លឺ​ប្រាប់​យើង​ថា នៅ​ពេល​បាញ់​នោះ កូន​បាន​ងើប​មើល ឃើញ​ស្រមោល​មនុស្ស​ចំនួន ២​នាក់ គ្នា​ក៏​រត់​ទៅ​ពួន​នៅ​កៀន​ជញ្ជាំង ដល់​ពេល​បាញ់​ហើយ ជន​ល្មើស​ក៏​រត់​ទៅ គ្នា​ក៏​ចុះ​មក​ឱប​ឪពុក ឮ​សំឡេង​ថ្ងូរ​ហើយ ក៏​ដាច់​ខ្យល់​ទៅ កូន​របស់​ជន​រង​គ្រោះ​ក៏​រត់​ទាំង​យប់»

ប្រធាន​គណបក្ស​សមរង្ស៊ី​ប្រចាំ​ស្រុក​សៀមប៉ាង លោក គីន ភីន មាន​ប្រសាសន៍​បញ្ជាក់​ថា ពុំ​ទាន់​មាន​ទឡ្ហីករណ៍​ណា​មួយ អាច​ចាត់​ទុក​ថា ជា​ឃាតកម្ម​ទាក់ទិន​នឹង​បញ្ហា​គំនុំ​នយោបាយ​នៅ​ឡើយ​ទេ។

លោក គីន ភីន ថ្លែង​ដូច្នេះ​ថា ៖ «ទោះ​បី​ជា​រឿង​នយោបាយ​ក៏​ដោយ ឬ​គំនុំ​ផ្ទាល់​ខ្លួន​ក៏​ដោយ ឬ​មួយ​ក៏​រឿង​អបិយ​ជំនឿ​ក៏​ដោយ ធ្វើ​ម៉េច​ឲ្យ​ចាប់​ជន​ល្មើស​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់ ហើយ​ជាមួយ​អ្នក​ផ្ដល់​អាវុធ»

មន្ត្រី​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល ពុំ​ទាន់​អាច​ធ្វើ​អត្ថាធិប្បាយ​ណា​មួយ​ជុំវិញ​ហេតុការណ៍​នោះ​ទេ ដោយ​អះអាង​ថា កំពុង​ចូលរួម​អង្កេត។

បើ​តាម​មន្រ្តី​គណបក្ស​សមរង្ស៊ី​ប្រចាំ​មូលដ្ឋាន​និយាយ​ថា លោក សៃ សែន គឺ​ជា​សមាជិក​សកម្ម​គាំទ្រ​គណបក្ស​សមរង្ស៊ី​នៅ​មូលដ្ឋាន​នោះ​នៅ​ក្នុង​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​កន្លង​ទៅ​នេះ៕