លោក អឿ សំបួរ អាយុ៦៤ឆ្នាំ ដែលជាសកម្មជនគណបក្សសមរង្ស៊ីលេខរៀងទី១០ ប្រចាំភូមិដំរីកូន ឃុំពពេល ស្រុកសូទ្រនិគម កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យស្រុកនោះ បានមានប្រសាសន៍កាលពីព្រឹកថ្ងៃពុធ ទី៥ ខែសីហា ថា មានក្រុមជនដែលលោកមិនស្គាល់មុខបានមកវាយសំពងរូបលោករហូតសន្លប់កាលពីយប់ថ្ងៃទី៣ ខែសីហា នៅពេលដែលលោកសម្រាន្តលើផ្ទះមិនលក់ ហើយចុះមកសម្រាន្តលើគ្រែខាងក្រោមផ្ទះ។
លោក អឿ សំបួរ បានឲ្យដឹងថា ៖ «ដេកពីក្បាលល្ងាចមិនលក់សោះ ដល់ប្រហែលជាម៉ោង១០ ឲ្យចៅដេកខាងក្នុង ឯងមកដេកខាងក្រៅវាល្ហើយ។ មិនដឹងយ៉ាងម៉េចបានគេមកវ៉ៃ គេយកចបមកវ៉ៃ»។
លោក អឿ សំបួរ បានរងរបួសជាច្រើនកន្លែងនៅត្រង់ក្បាល ដែលតាមសាក្សីឲ្យដឹងថា ជនមិនស្គាល់មុខបានប្រើត្បូងចបវាយទៅលើជនរងគ្រោះ។
កុមារីឈ្មោះ រក្សា អាយុ១១ឆ្នាំ ដែលនៅជាប់ជាមួយជីតារបស់នាងនាយប់កើតហេតុនោះ បាននិយាយថា នាងបានឃើញក្រុមជនដៃដល់មានគ្នា២នាក់ តែនាងមិនបានចំណាំមុខទេ។ ពួកគេបានមកព្រួតគ្នាវាយជីតារបស់នាងនៅក្រោមផ្ទះ ហើយជនទាំងនោះបានរត់គេចខ្លួនបន្ទាប់ពីនាងស្រែកឲ្យគេជួយ។
ស្ត្រីអ្នកភូមិដំរីកូនដែលនៅក្បែរផ្ទះកើតហេតុដែរបានមានប្រសាសន៍ថា លោក អឿ សំបួរ គឺជាសកម្មជនគណបក្សសមរង្ស៊ី ប៉ុន្តែនៅក្នុងភូមិលោកមិនដែលមានទំនាស់ជាមួយអ្នកភូមិទេ ពីព្រោះគាត់ជាអាចារ្យដែលតែងបង្រៀនធម៌ដល់យាយចាស់ៗជាច្រើននៅក្នុងភូមិ។
ស្រ្តីដដែលបានបញ្ជាក់ថា ៖ «នៅទីនេះមិនដែលមានរឿងទេ ដំរីកូន។ គាត់សុំសីលនៅសាលាសំណាក់នេះ គាត់ធ្វើប្រធានបង្ហាត់ធម៌យាយៗ»។
អ្នកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្ស អាដហុក ខេត្តសៀមរាប លោក សួស ណារិន ដែលបានចុះអង្កេតករណីនោះ បានមានប្រសាសន៍ថា តាមការស្រាវជ្រាវលោកយល់ថា វាអាចនឹងមិនពាក់ព័ន្ធដល់ការស្អប់ខាងគណបក្សនយោបាយទេ ពីព្រោះលោក អឿ សំបួរ មិនមែនជាសកម្មជនដ៏មានប្រជាប្រិយភាពនៅទីនោះទេ ហើយរដូវនេះក៏មិនមែនជារដូវដែលឃោសនារកសំឡេងឆ្នោតដែរ។
លោក សួស ណារិន បានមានប្រសាសន៍ថា ៖ «មើលទៅដូចជារឿងគំនុំច្រើនជាង វាមិនប៉ះពាល់រឿងគំនុំគណបក្សនយោបាយអីទេ»។
អធិការរងនគរបាលស្រុកសូទ្រនិគមទទួលបន្ទុកព្រហ្មទណ្ឌ លោកអនុសេនីយ៍ឯក ហេង សំណាង បានមានប្រសាសន៍ចាត់ទុកការវាយសំពងទៅលើសកម្មជនគណបក្សសមរង្ស៊ីនោះថា គឺជាអំពើប៉ុនប៉ងមនុស្សឃាតដោយគិតទុកជាមុន ប៉ុន្តែលោកសន្និដ្ឋានថា វាមិនពាក់ព័ន្ធនឹងការស្អប់ខាងនយោបាយទេ។
មន្ត្រីប៉ូលិសដដែលបានមានប្រសាសន៍ទៀតថា តាមការស្រាវជ្រាវពីគ្រួសារជនរងគ្រោះឲ្យដឹងថា បុរសឈ្មោះ អឿ សំបួរ ធ្លាប់មានជម្លោះដីធ្លីជាមួយមនុស្សមួយក្រុមនៅឯតំបន់ស្នាផ្អែក ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ដោយសារតែគាត់បានទៅចាប់ដីថ្មីគាស់កាយធ្វើស្រែនៅទីនោះ។
ប៉ូលិសបញ្ជាក់ទៀតថា ពេលនេះសមត្ថកិច្ចកំពុងទាក់ទងទៅនគរបាលនៅឃុំស្រយង់ដើម្បីឲ្យស្រាវជ្រាវរឿងនោះបន្ត និងតាមរកមុខក្រុមជនដែលបានប្រព្រឹត្តការវាយដំលើសកម្មជននោះ៕