សកម្មជនគណបក្សសមរង្ស៊ី គឺលោក អន សំណាង ជាសមាជិកក្រុមប្រឹក្សាស្រុកកែវសីម៉ា និងលោក ឃុំ កាន ជាសមាជិកសកម្មដែលបានគេចខ្លួនមកក្រុងភ្នំពេញ នៅតែមានភាពស្ទាក់ស្ទើរក្នុងការសម្រេចចិត្តថា ត្រូវចូលតុលាការតាមដីកាកោះឬក៏អត់?
លោក ឃុំ កាន ត្រូវតុលាការកោះឲ្យចូលខ្លួននៅថ្ងៃទី២៦ មករានេះ។ ឯលោក អន សំណាង ត្រូវចូលតុលាការនៅថ្ងៃទី៨ ខែកុម្ភៈ។
លោក ឃុំ កាន ដែលត្រូវចូលខ្លួនមុនគេនៅថ្ងៃទី២៦ មករា និយាយថា លោកមានការព្រួយបារម្ភណាស់ ខ្លាចនៅពេលទៅបំភ្លឺនៅតុលាការនឹងត្រូវតុលាការចេញដីកាឃុំឃាំងលោកក្នុងពេលនោះតែម្តង។ លោកថា លោកមានការស្ទាក់ស្ទើរក្នុងចិត្តមិនទាន់ច្បាស់ថា តើនឹងចូលទៅឬក៏អត់ទេ។
លោក ឃុំ កាន បានឲ្យដឹងដូច្នេះ ៖ «បើអត់មានមេធាវីមិនហ៊ានចូល ខ្លាចគេឃាត់ខ្លួន អត់ហ៊ានទេ ព្រោះឥឡូវមិនស្រួលចូលទៅគេឃាត់ខ្លួន។ ពួកខ្ញុំអ្នករងគ្រោះ ក្មួយប្រសាជាអ្នករងគ្រោះ ឲ្យខាងស្នងការដោះស្រាយ រយៈពេលប៉ុន្មានខែតាំងពីថ្ងៃទី២១ ខែ៩ រហូតដល់ថ្ងៃ២១ ខែ១នេះ ស្រាប់តែឃើញដីកាកោះថា ពួកខ្ញុំជាជនជាប់ចោទពីបញ្ហាបង្ករបួសស្នាមទៅវិញ»។
សមាជិកគណបក្សប្រឆាំងទាំង២រូបនេះនិយាយថា ត្រូវតុលាការខេត្តចេញដីកាឲ្យចូលខ្លួនក្នុងនាមជាចុងចោទ ដូចគ្នាពីបទបង្ករបួសស្នាម បន្ទាប់ពីពួកគាត់បានជួយរៀបចំបញ្ជូនពាក្យបណ្តឹងរបស់ឈ្មោះ ក្វៀង ញ៉ាំ ដែលបានវាយតប់គ្នាជាមួយឈ្មោះ នួន សំផន ដែលជាសមាជិកក្រុមប្រឹក្សាស្រុកកែវសីម៉ា មកពីគណបក្សប្រជាជន។
ក្វៀង ញ៉ាំ បានប្តឹងលោក នួន សំផន ពីបទវាយដំរូបគាត់ក្នុងជម្លោះលេងបៀមិនសងប្រាក់ហើយហៅគ្នាថាឆ្កែ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០០៩។
លោក ឃុំ កាន និង អន សំណាង បានបដិសេធថា ពួកលោកមិនបានលេងបៀជាមួយគូជម្លោះនោះទេ តែបានជួយរៀបចំឲ្យមានបណ្តឹងទៅតុលាការក្រោយពេលដែលដោះស្រាយគ្នានៅនគរបាលស្រុកកែវសីម៉ា មិនបានសម្រេច។
លោក ឃុំ កាន បានត្រឡប់មកដល់ស្រុកកែវសីម៉ាវិញ ហើយកាលពីព្រឹកថ្ងៃ(២៤ មករា)នេះ បន្ទាប់ពីបានទៅស្វែងរកការជួយពីគណបក្សនៅក្រុងភ្នំពេញអស់រយៈពេល៤ថ្ងៃកន្លងមក។
លោក ឃុំ កាន និយាយថា លោកកំពុងប្រមូលស្នាមមេដៃអ្នកភូមិមួយចំនួនដើម្បីបញ្ជាក់ថា លោកមិនបានជាប់ពាក់ព័ន្ធនឹងជម្លោះអ្វីនោះឡើយ។
លោក ឡុង រី តំណាងរាស្រ្តគណបក្សសមរង្ស៊ីបញ្ជាក់ថា សមាជិករបស់លោកទាំង២នាក់នោះ ត្រូវបានបំភិតបំភ័យហើយគណបក្សលោកកំពុងស្វែងរកមេធាវីដើម្បីការពារពួកគាត់ ប៉ុន្តែមកទល់នឹងថ្ងៃនេះមិនទាន់រកបានមេធាវីនៅឡើយទេ។
លោក ឡុង រី បានបញ្ជាក់ដូច្នេះ ៖ «ទាក់ទងនឹងមេធាវី ឥឡូវហ្នឹងយើងកំពុងតែរកមេធាវីផ្នែកសង្គមស៊ីវិល ប៉ុន្តែឥឡូវហ្នឹងយើងរកអត់ទាន់បានទេ យើងនឹងព្យាយាមរក ខ្ញុំនឹងប្រឹងប្រែងឲ្យអស់លទ្ធភាពដើម្បីជួយគាត់»។
ព្រះរាជអាជ្ញារងតុលាការខេត្ត លោក សោ វុទ្ធី បានប្រាប់វិទ្យុអាស៊ីសេរីថា លោកមិនទាន់បានចោទប្រកាន់អ្នកទាំងពីរនោះនៅឡើយទេ៕
