បក្ស​ប្រឆាំង​ស្នើសុំ​ឲ្យ​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​បង្កើន​ការត្រួត​ពិនិត្យ​ថែម​ទៀត

គណបក្ស​ប្រឆាំង​បាន​ស្នើសុំ​ឲ្យ​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​អន្តរជាតិ​នៅ​កម្ពុជា​គួរ​បើក​ភ្នែក​ឲ្យ​បាន​ឃើញ​ច្បាស់​ជាង​នេះ​ទៅ​ទៀត​ដើម្បី​ពិនិត្យ​មើល​ភាព​មិន​ប្រក្រតី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ការបោះ​ឆ្នោត​ជាតិ​អាណត្តិ​ទី​៤ កាលពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០០៨​កន្លង​មក​នេះ។

កាលពី​ថ្ងៃ​ពុធ ទី​៨ ខែ​តុលា​ម្សិលមិញ​នេះ គណបក្ស​សមរង្ស៊ី​បាន​បង្ហាញ​នូវ​ភស្តុតាង​ដ៏​ធ្ងន់ធ្ងរ​ជា​ច្រើន​នៃ​ការបន្លំ​ទម្រង់​ពិសេស​១០១៨​ដែល​បាន​អនុញ្ញាត​ឲ្យ​អ្នក​បោះ​ឆ្នោត​អាច​មាន​សិទ្ធិ​បោះ​ឆ្នោត​បាន​នៅ​ពេល​ដែល​គេ​ពុំ​មាន​ប័ណ្ណ​បោះ​ឆ្នោត​ដែល​ត្រូវ​យក​ទៅ​បង្ហាញ​នៅ​កន្លែង​បោះ​ឆ្នោត។

នៅ​ក្នុង​អ៊ីម៉េល​បី​ទំព័រ​ដែល​វិទ្យុ​អាស៊ីសេរី​ទទួល​បាន​កាលពី​ថ្ងៃ​ពុធ គណបក្ស​សមរង្ស៊ី​បាន​ចោទ​ប្រកាន់​ថា ប្រធាន​ក្រុមប្រឹក្សា​ឃុំ​គឺ​ជា​អ្នក​ដែល​មាន​សិទ្ធិ​ក្នុង​ការចុះ​ហត្ថលេខា​និង​បោះត្រា​ក្រុមប្រឹក្សា​ឃុំ​លើ​ទម្រង់​១០១៨ ហើយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ជាតិ​គ.ជ.ប.​ដោយ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​បាន​ឃុបឃិត​ជាមួយ​ក្រុមប្រឹក្សា​ឃុំ​ប្រើ​ឧបាយកល​ដ៏​មាន​ប្រសិទ្ធភាព​ទាំង​នេះ​ដើម្បី​ធ្វើ​បញ្ជី​ឈ្មោះ​ខ្មោច​អនុញ្ញាត​ឲ្យ​យក​ឈ្មោះ​ខ្មោច​ទាំង​នោះ​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។ ក្នុង​អ៊ីម៉េល​នោះ​ក៏​បាន​បង្ហាញ​ឯកសារ​ឲ្យ​ដឹង​នូវ​ការសារភាព​របស់​ក្រុម​ការងារ​បោះ​ឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​និង​ស្មៀន​ឃុំ​ពីគ​ណបក្ស​ប្រជាជន​កម្ពុជា។

សូម​ជម្រាប​ថា វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ប្រតិកម្ម​បាន​ភ្លាមៗ​ពី​មន្ត្រី​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត​និង​មន្ត្រី​ឃុំ​មួយចំនួន​បាន​នៅ​ឡើយ​ទេ ដែល​គណបក្ស​សមរង្ស៊ី​បាន​ចោទ​ប្រកាន់​និង​មាន​ឈ្មោះ​ព្រមទាំង​ឯកសារ​ភស្តុតាង​ចោទ​ប្រកាន់​ផង​នោះ​ដែល​បាន​ភ្ជាប់​និង​ផ្សព្វផ្សាយ​ក្នុង​ទំព័រ​វ៉ឹបសាយថ៍​របស់​ខ្លួន៕