នៅក្នុងកិច្ចប្រជុំប្រកាសលទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១០ នៅឯស្នាក់ការកណ្ដាល គ.ជ.ប ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែតុលា តំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោក អេង ឆៃអ៊ាង បានលើកឡើងថា គ.ជ.ប គួរតែមានសុឆន្ទៈក្នុងការកែប្រែប្រព័ន្ធរៀបចំបញ្ជីចុះឈ្មោះបោះឆ្នោតរបស់ខ្លួន ដើម្បីជៀសវាងការស្ទួនឈ្មោះ ការបាត់ឈ្មោះ និងកុំឲ្យរំខានពេលវេលាប្រជាពលរដ្ឋក្នុងការពិនិត្យបញ្ជីចុះឈ្មោះបោះឆ្នោតច្រើនដង។
លោក កែវ ហៀញ ប្រធានគណបក្សខ្មែរស្រឡាញ់ខ្មែរ ដែលជាគណបក្សថ្មីមួយ ក៏បានទទូចឲ្យ គ.ជ.ប រកមធ្យោបាយទិញកុំព្យូទ័រសម្រាប់ផ្ដល់ជួនមន្ត្រីរបស់ខ្លួនប្រើប្រាស់នៅគ្រប់បណ្ដាខែត្រក្រុង ដើម្បីងាយស្រួលបញ្ចូលទិន្នន័យ និងចំណេញពេលវេលា ដោយលោកបានអះអាងថា ប្រសិនបើ គ.ជ.ប បើកទូលាយឲ្យរួបលោកចូលរួមរៀបចំប្រព័ន្ធរៀបចំចុះឈ្មោះថ្មី ដែលប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រទាំងអស់នោះ លោកនឹងរីករាយក្នុងការសហការ។
ការស្នើឲ្យ គ.ជ.ប អភិវឌ្ឍបន្ថែមទៀតក្នុងការរៀបចំបញ្ជីចុះឈ្មោះតាមប្រព័ន្ធកុំព្យូទ័រទាំងអស់នេះ បន្ទាប់ពីអគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា បានលើកពីហេតុផលលំបាកនៅពេលចុះឈ្មោះប្រជាពលរដ្ឋក្នុងបញ្ជីបោះឆ្នោតម្តងៗ ដោយលោក ទេព នីថា បានបញ្ជាក់ថា ការចុះឈ្មោះបោះឆ្នោតកន្លងមកដោយស្មៀនឃុំជាអ្នកចុះឈ្មោះប្រជាពលរដ្ឋនៅឯឃុំសង្កាត់ដែលសរសេរដៃ ពុំបានប្រើប្រាស់កុំព្យូទ័រទេ ហើយបញ្ជូនមក គ.ជ.ប ដើម្បីបញ្ចូលទិន្នន័យ និងត្រួតពិនិត្យឈ្មោះរបស់ប្រជាពលរដ្ឋ។
យ៉ាងនេះក្ដី ទាំងលោក ទេព នីថា និងអនុប្រធាន គ.ជ.ប លោកស្រី ស៊ិន ជុំបូ បានពន្យល់ថា នៅក្នុងស្ថានភាពបច្ចុប្បន្ននេះ ប្រទេសកម្ពុជាមិនអាចកែប្រែប្រព័ន្ធបញ្ជីចុះឈ្មោះបោះឆ្នោតឲ្យស្របទៅតាមបច្ចេកវិទ្យាជឿនលឿនបានទេ ដោយសារ គ.ជ.ប ខ្វះខាតថវិកាទិញសម្ភារៈទាំងនោះ។ លោកស្រី ស៊ិន ជុំបូ លើកឡើងដែរថា កន្លងមក គ.ជ.ប ក៏បានកែប្រែបញ្ជីចុះឈ្មោះបោះឆ្នោតបានល្អប្រសើរជាងមុនហើយដែរ។
នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) លោក គល់ បញ្ញា បានមានប្រសាសន៍ថា កន្លងមកបញ្ហាចុះឈ្មោះប្រជាពលរដ្ឋក្នុងបញ្ជីបោះឆ្នោតតែងតែមានបញ្ហាកើតឡើង ដូចករណីបាត់ឈ្មោះ និងស្ទួនឈ្មោះជាដើម ហើយស្ថាប័ន គ.ជ.ប និងខាងក្រុមប្រឹក្សាសង្កាត់តែងតែបន្ទោសគ្នាទៅវិញទៅមកអំពីបញ្ហានេះ ដោយសារតែការចុះឈ្មោះនោះមិនធ្វើតាមប្រព័ន្ធបច្ចេកវិទ្យាទំនើប។
របាយការណ៍របស់ គ.ជ.ប បានចេញផ្សាយនៅថ្ងៃទី១២ ខែតុលា បានបង្ហាញថា ចំនួនប្រជាពលរដ្ឋចុះឈ្មោះថ្មីចាប់ពីអាយុ ១៨ឆ្នាំឡើង គិតពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១០ មានចំនួន ១២១.៤៤០នាក់នៅទូទាំង ២៤ខែត្រក្រុង។ ឈ្មោះបានលុបចេញពីបញ្ជីចុះឈ្មោះឆ្នោតជាង ៣ម៉ឺននាក់ ឈ្មោះកែតម្រូវមានជាង ១ម៉ឺននាក់ ហើយស្ថិតិប៉ាន់ស្មានក្នុងឆ្នាំ២០១០ ប្រជាពលរដ្ឋត្រូវចុះឈ្មោះថ្មីមានជាង ៣សែននាក់។
ប្រទេសកម្ពុជានឹងធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៣ នៅឆ្នាំ២០១២ ខាងមុខ បន្ទាប់ពីបានរៀបចំបោះឆ្នោតជ្រើសរើសឃុំសង្កាត់បានពីរអាណត្តិរួចមក ចាប់តាំងពីឆ្នាំ២០០២មក៕
