តំណាងរាស្រ្តនៃគណបក្សប្រឆាំងសមរង្ស៊ី នៅថៃ្ងសៅរ៍ ទី២៣ មករានេះ បានស្នើសុំឲ្យអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (អ.ស.ប) លោក ស៊ូយ៉ា ស៊ូប៊ែឌី (Surya Subedi) ដែលកំពុងតែបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានោះ ឲ្យជួយធ្វើអន្តរាគមន៍ឲ្យមានការកាត់ទោសប្រកបដោយយុត្តិធម៌លើសំណុំរឿងរបស់លោក សម រង្ស៊ី នៅស្របពេលដែលតុលាការខេត្តស្វាយរៀង នឹងបើកសវនាការកាត់ទោសនៅថ្ងៃទី២៧ ខែមករា សប្តាហ៍ក្រោយនេះ។
ការស្នើសុំនោះបានធ្វើទ្បើងនៅក្នុងកិច្ចប្រជុំបិទទ្វារជិតរវាងតំណាងរាស្រ្តគណបក្សប្រឆាំងសមរង្ស៊ីជាមួយនឹងលោក ស៊ូយ៉ា ស៊ូប៊ែឌី នៅថ្ងៃសៅរ៍នេះ មានរយៈពេលប្រមាណ២ម៉ោងនៅឯទីស្នាក់ការធំនៃគណបក្សនេះ នៅក្នុងទីក្រុងភ្នំពេញ។
លោក យឹម សុវណ្ណ តំណាងរាស្រ្តគណបក្សសមរង្ស៊ី និងជាមន្រ្តីអ្នកនាំពាក្យនៃគណបក្សនេះ បានមានប្រសាសន៍ក្រោយពីជំនួបនោះថា ៖ «គាត់យកចិត្តទុកដាក់ខ្លាំងណាស់ ហើយគាត់ស្នើសុំឲ្យគណបក្សសមរង្ស៊ីធ្វើកំណត់របាយការណ៍មួយ ព្រមទាំងតឹកតាងដែលយើងប្រមូលបានហ្នឹង ដើម្បីឲ្យគាត់មានជាឯកសារជាមូលដ្ឋានដើម្បីឲ្យគាត់ធ្វើសុភនិច្ឆ័យឲ្យបានត្រឹមត្រូវក្នុងបញ្ហានេះ ហើយគាត់ធានាស្វះស្វែងរកមធ្យោបាយដើម្បីធានាថា ការកាត់ក្ដីនេះទទួលបាននូវយុត្តិធម៌ចំពោះប្រជាពលរដ្ឋ»។
ឆ្លើយតបទៅនឹងសំណួររបស់ក្រុមអ្នកកាសែតស្តីអំពីថា តើលោកយល់យ៉ាងណាអំពីអ្វីដែលរដ្ឋាភិបាលកម្ពុជាបានប្តឹងលោក សម រង្ស៊ី ក្រោមបទព្រហ្មទណ្ឌនៅក្នុងតុលាការខេត្តស្វាយរៀងនោះ?
អ្នករាយការណ៍ពិសេសរបស់អ.ស.ប លោក ស៊ូយ៉ា ស៊ូប៊ែឌី បានមានប្រសាសន៍តបវិញថា ៖ "ខ្ញុំសុំទោស! ខ្ញុំមិនចង់និយាយដល់ករណីបុគ្គលនោះទេ។ រឿងនោះជារឿងរបស់តុលាការ ប៉ុន្តែខ្ញុំនឹងពិនិត្យមើលដើម្បីឲ្យប្រាកដថា សវនាការខាងមុខនេះនឹងធ្វើទ្បើងត្រឹមត្រូវនិងយុត្តិធម៌។ ជាទូទៅ ខ្ញុំមកនេះគឺដើម្បីពិនិត្យមើលអំពីឯករាជភាពនិងយុត្តិធម៌នៅក្នុងប្រព័ន្ធតុលាការកម្ពុជានិងបញ្ហាជាច្រើនទៀត"។
ក្រៅពីការជួបពិភាក្សាលើករណីរបស់លោក សម រង្ស៊ី ខាងលើនេះ គេបាននិយាយផងដែរលើបញ្ហា នៃប្រព័ន្ធតុលាការមិនឯករាជ្យ ពុករលួយនិងការធ្វើឲ្យមានតុល្យភាពគ្នារវាងនីតិប្រតិបត្តិនិងនីតិបញ្ញត្តិនៅក្នុងប្រទេសកម្ពុជា។ បញ្ហាសិទ្ធិសេរីភាពរបស់តំណាងរាស្រ្តក្នុងការបញ្ចេញមតិដោយសេរី ការធានាឲ្យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋមានភាពអព្យាក្រឹតមិនលម្អៀងនិងបញ្ហាបញ្ជីថ្មីនៃអ្នកបោះឆ្នោតជាដើម។
លោក ស៊ូយ៉ា ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសរបស់អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា បានមកបំពេញទស្សនកិច្ចជាលើកទី២នៅក្នុងប្រទេសកម្ពុជាសម្រាប់រយៈពេល២សប្តាហ៍ ចាប់ពីថៃ្ងទី១៨ ខែមករា រហូតដល់ថៃ្ងទី៣០ ចុងខែមករាខាងមុខនេះ ដើម្បីមកសើរើនិងពិនិត្យមើលអំពីដំណើរការនៃស្ថាប័នរដ្ឋ ប្រព័ន្ធតុលាការនិងការអនុវត្តនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។
កន្លងទៅថ្មីៗនេះ លោក ស៊ូយ៉ា ស៊ូប៊ែឌី បានជួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មន្រ្តីតុលាការសាលាឧទ្ធរណ៍និងមន្រ្តីនៃគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជា និងកាលពីថៃ្ងសុក្រ (២២ មករា)ថ្មីៗនេះ លោកបានជួបជាមួយនឹងតំណាងគណបក្សសិទ្ធិមនុស្ស ហើយលោកមានគម្រោងការជួបជាមួយនឹងមន្រ្តីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជានៅថៃ្ងច័ន្ទ ២៤ មករានេះ៕
