លោក សម រង្ស៊ី ប្រធានគណបក្សសមរង្ស៊ីបានមានប្រសាសន៍ថា ការរួមគ្នានេះដើម្បីបង្កើតកម្លាំងនយោបាយថ្មីនិងជម្រើសថ្មីប្រជាធិបតេយ្យសម្រាប់ប្រជាពលរដ្ឋ។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា ៖ «គណបក្សសមរង្ស៊ី គណបក្សសិទ្ធិមនុស្ស បានសម្រេចបង្កើតមហាចលនាប្រជាធិបតេយ្យដើម្បីការផ្លាស់ប្ដូរ។ ចលនាប្រជាធិបតេយ្យនេះគឺជាកម្លាំងនយោបាយមួយដែលបង្រួបបង្រួមអ្នកស្នេហាជាតិ អ្នកប្រជាធិបតេយ្យ អ្នកដែលស្រឡាញ់យុត្តិធម៌ ដើម្បីផ្ដល់ជម្រើសថ្មីជូនប្រជាពលរដ្ឋដែលទាមទារហើយចង់បានការផ្លាស់ប្ដូរហ្នឹង»។
ទាក់ទងជាមួយអនាគតនៃសម្ព័ន្ធភាពនេះនៅក្នុងការបោះឆ្នោតរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នាឆ្នាំ២០១២ និងការបោះឆ្នោតរើសសមាជិកសភានៅឆ្នាំ២០១៣ លោក សម រង្ស៊ី បានមានប្រសាសន៍ឲ្យដឹងផងដែរថា ៖ «យើងគិតវែងឆ្ងាយជាងហ្នឹង យើងគិតរហូតទៅដល់ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១២ និងការបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រឆ្នាំ២០១៣ ពេលហ្នឹងយើងនឹងរៀបចំឲ្យមានបញ្ជីបេក្ខជនតែមួយ។ ពេលហ្នឹងគណបក្សទាំងអស់ដែលចូលរួមក្នុងមហាចលនាប្រជាធិបតេយ្យដើម្បីការផ្លាស់ប្ដូរនេះនឹងច្របាច់ចូលគ្នាឲ្យចេញជាគណបក្សតែមួយ ហើយដាក់បញ្ជីបេក្ខជនតែមួយ»។
ទាក់ទងជាមួយការចងសម្ព័ន្ធភាពរវាងគណបក្សសមរង្ស៊ីជាមួយគណបក្សសិទ្ធិមនុស្សនេះដែរ លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សបានមានប្រសាសន៍ឲ្យដឹងថា ៖ «យើងរួមគ្នានេះជាចលនានយោបាយមួយឈ្មោះហៅថា ចលនានយោបាយប្រជាធិបតេយ្យ គឺដើម្បីការផ្លាស់ប្ដូរ ហើយក្នុងនេះគឺថា ផ្លាស់ប្ដូរដើម្បីអី? គឺដើម្បីធ្វើយ៉ាងម៉េចឲ្យប្រជាពលរដ្ឋមានជម្រើសងាយស្រួលក្នុងការដែលគាត់ទៅបោះឆ្នោតនៅឆ្នាំ២០១២ បោះឆ្នោតជាតិឆ្នាំ២០១៣ ដោយយើងធ្វើបញ្ជីតែមួយរវាងគណបក្សទាំងពីរហ្នឹង»។
តាមលោក កឹម សុខា បានមានប្រសាសន៍ឲ្យដឹងផងដែរថា ខ្លួនលោកផ្ទាល់មានគោលបំណងឲ្យលោក សម រង្ស៊ី ធ្វើជាប្រធាននៃសម្ព័ន្ធភាពនេះ និងជាបេក្ខជននាយករដ្ឋមន្រ្តីនៅក្នុងការបោះឆ្នោតឆ្នាំ២០១៣ទៀតផង។
លោក ហង្ស ឆាយា នាយកប្រតិបត្តិវិទ្យាស្ថានខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យ បានមានប្រសាសន៍ទាក់ទងជាមួយការចងសម្ព័ន្ធភាពគណបក្សនយោបាយទាំងពីរនេះថា ជាការល្អមួយហើយជួយពង្រឹងដល់ការជជែកពិភាក្សានៅក្នុងរដ្ឋសភាផងដែរ។
លោក ហង្ស ឆាយា បានបញ្ជាក់ថា ៖ «បើសិនជាគណបក្សទាំងពីរដូចថាមានគំនិតប្រហាក់ប្រហែល ដូចគ្នា បើចូលចាប់ដៃគ្នាធ្វើការអ៊ីចឹង គឺថាវាក៏បានប្រសើរជាងធ្វើការម្នាក់ឯងដែរ»។
សូមជម្រាបថា នៅក្នុងចំណោមអាសនៈចំនួន១២៣នៅក្នុងរដ្ឋសភា បច្ចុប្បន្ននេះគណបក្សសមរង្ស៊ីមានអាសនៈចំនួន២៦កៅអី ហើយគណបក្សសិទ្ធិមនុស្សមានចំនួន៣កៅអី គឺតិចជាងគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចដែលមានរហូតដល់ទៅ៩០កៅអី៕
