លោក សម រង្ស៊ី ប្រធានគណបក្សសមរង្ស៊ី បានមានប្រសាសន៍ថា លទ្ធផលនៃការបោះឆ្នោតដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានប្រកាសកាលពីថ្ងៃទី២ កញ្ញា កន្លងមកនេះ មិនត្រឹមត្រូវទេ។
លោក សម រង្ស៊ី មានប្រសាសន៍ដូច្នេះថា ៖ «តួលេខនៃកំណត់ហេតុ ១១០៤ អ្នកបោះឆ្នោត មានតែ ១១៥នាក់ ដល់គណបក្សប្រជាជនបាន ២២៩ វាចេញមកពីណា? អាហ្នឹងខ្មោច ខ្យល់។ អ៊ីចឹងសភាហ្នឹង ភាគច្រើនតំណាងរាស្រ្ដគណបក្សប្រជាជន មិនមែនតំណាងឲ្យរាស្រ្ដទេ តំណាងឲ្យខ្យល់ តំណាងឲ្យយួន តំណាងឲ្យយួន តំណាងឲ្យខ្មោច តំណាងឲ្យខ្យល់ហ្នឹង ហើយសភាហ្នឹង យើងអត់ត្រូវការ យើងអត់ទទួលស្គាល់ សភាបែបហ្នឹងទេ»។
លោក ញឹក វណ្ណារ៉ា អគ្គលេខាធិការរងនៃគណបក្សសិទ្ធិមនុស្សបានមានប្រសាសន៍ថា ការដាក់ពាក្យប្តឹងតវ៉ារបស់គណបក្សសិទ្ធិមនុស្សកន្លងមកនេះ គ.ជ.ប. និងក្រុមប្រឹក្សាធម្មនុញ្ញមិនបានយកចិត្តទុកដាក់ពិនិត្យវត្ថុតាងនិងឯកសារនានា ដែលភ្ជាប់ជាមួយពាក្យបណ្តឹងទេ។
លោក ញឹក វណ្ណារ៉ា មានប្រសាសន៍ថា ៖ «គណបក្សយើង បានដាក់ពាក្យប្ដឹងអំពីភាពមិនប្រក្រតីនៃលទ្ធផលនៃការបោះឆ្នោតបណ្ដោះអាសន្នខាង គ.ជ.ប. គេបានធ្វើកំណត់ហេតុស្ដីពីការប្ដឹងរបស់យើងនៅម៉ោង ៥ និង ៤៥នាទី ល្ងាចថ្ងៃទី១១ ក៏ប៉ុន្តែព្រលឹមឡើងថ្ងៃ១២ គ.ជ.ប. បានចេញសេចក្ដីសម្រេចមួយមកឲ្យយើងថា បដិសេធពាក្យបណ្ដឹងហ្នឹង។ អ៊ីចឹងមានន័យថា បញ្ហាដែល គ.ជ.ប. បានធ្វើនេះ ខ្ញុំមិនដឹងថា តើគាត់សម្រេចពីម៉ោងប៉ុន្មានទេ? ហើយស្ថាប័ន គ.ជ.ប. ក៏ដូចជាខាងក្រុមប្រឹក្សាធម្មនុញ្ញ អត់បានមើលហេតុផលរបស់យើង»។
ឆ្លើយតបចំពោះការចោទប្រកាន់របស់គណបក្សទាំងពីរ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប. បានឲ្យដឹងថា ក្រោយពេលក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចហើយនោះ មិនមានការតវ៉ាណាទៀតឡើយ ៖ «ជាធម្មតា កាលណាក្រុមប្រឹក្សាធម្មនុញ្ញសម្រេចហើយ គឺ គ.ជ.ប. នឹងប្រកាសលទ្ធផលជាផ្លូវការហើយ ប្រកាសលទ្ធផលជាផ្លូវការហើយ អ្វីៗត្រូវចប់ ប្ដឹងតវ៉ាអីក៏ត្រូវចប់ដែរ»។
កាលពីថ្ងៃទី២ កញ្ញា កន្លងមក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោត កាលពីថ្ងៃទី២៧ កក្កដា កន្លងមក ដោយបែងចែកអាសនៈនៅក្នុងចំណោមកៅអីសភាចំនួន១២៣ បានទៅ គណបក្សប្រជាជនកម្ពុជា ៩០អាសនៈ គណបក្សសមរង្ស៊ី បាន២៦ គណបក្សសិទ្ធិមនុស្ស បាន ៣អាសនៈ គណបក្សនរោត្តមរណឫទ្ធិ បាន ២អាសនៈ និងគណបក្សហ៊្វុនស៊ិនប៉ិច បាន ២អាសនៈ៕
