សម​រង្ស៊ី​និយាយ​ពី​ការ​ចង​សម្ព័ន្ធ​ភាព​ជាមួយ​គណបក្ស​សិទ្ធិ​មនុស្ស

ប្រធាន​គណបក្ស​សមរង្ស៊ី មាន​ប្រសាសន៍​នៅ​ថ្ងៃ​អាទិត្យ ទី​១១ ខែ​មករា ថា ចលនា​ចង​សម្ពន្ធ័ភាព​រវាង​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស ជា​ការ​លើក​ទឹក​ចិត្ត​ឡើង​វិញ​ចំពោះ​អ្នក​អស់​សង្ឃឹម​នឹង​ភាព​បែកបាក់​នៃ​អ្នក​សេ្នហា​ប្រជាធិបតេយ្យ អ្នក​ឃ្លាត​កាន់តែ​ឆ្ងាយ​ពី​ប្រជាធិបតេយ្យ ឲ្យ​ងាក​មក​ចូលរួម​កាន់​តែ​សកម្ម​វិញ។

0:00 / 0:00

លោក សម រង្ស៊ី បន្ត​ថា ការ​ចង​សម្ព័ន្ធភាព​នោះ បើ​មិន​ប្រុង​ប្រយ័ត្ន​ទេ វា​នាំ​ឲ្យ​សំឡេង​គាំទ្រ​កាន់​តែ​ឃ្លាត​ឆ្ងាយ​ទៅ​ទៀត។ ដូច​នេះ ការ​ចង​សម្ព័ន្ធភាព​ត្រូវ​យល់​គ្នា​ឲ្យ​ច្បាស់​ពី​បំណង​និង​ជំហរ​សម្ព័ន្ធភាព​មិន​សំខាន់​ពី​តួនាទី​មុខ​តំណែង​នៃ​អំណាច​បុគ្គល​ដឹកនាំ​សម្ព័ន្ធភាព​ឡើយ។

លោក សម រង្ស៊ី មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «អាស្រ័យ​លើ​ការ​ជជែក​គ្នា មិនមែន​គណបក្ស​សម​រង្ស៊ី ជា​អ្នក​សម្រេច​ម្នាក់​ឯង​ទេ យើង​ត្រូវ​តែ​ជជែក​គ្នា រក​របៀប​ទំនាក់​ទំនង​គ្នា របៀប​ឈាន​ទៅ​រក​ការ​ប្រកាស​ថា​នឹង​ច្របាច់​ចូល​គ្នា ឬ​ក៏​រូបមន្ត​យ៉ាង​ម៉េចៗ ដំណាក់កាល​យ៉ាង​ម៉េចៗ​ហ្នឹង ទាល់​តែ​យើង​ជួប​គ្នា​ដើម្បី​សម្រេច​ជាមួយ​គ្នា ប៉ុន្តែ​គោលដៅ​យើង​មាន​ដូច​គ្នា យើង​បាន​កំណត់​ហើយ»

ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខា មាន​ប្រសាសន៍​នៅ​ថ្ងៃ​អាទិត្យ​នេះ​ដែរ​ថា លោក​នឹង​ទៅ​ជួប​ចរចា​ជាមួយ​លោក សម រង្ស៊ី នៅ​សប្តាហ៍​ក្រោយ​នេះ ជុំវិញ​ការ​ស្នើ​សុំ​ចង​សម្ព័ន្ធភាព​រវាង​គណបក្ស​ទាំង​២ ៖ «ដូច​ខ្ញុំ​ជម្រាប​អ៊ីចឹង ចង់​ឲ្យ​បាន​ចម្លើយ​ខាង​គណបក្ស​សមរង្ស៊ី​ជា​ផ្លូវការ​ថា​តើ​គោលការណ៍​របស់​គណបក្ស​សម​រង្ស៊ី គឺ​សម្ព័ន្ធភាព​ជាមួយ​គណបក្ស​សិទ្ធិ​មនុស្ស​ឬ​ទេ? ឲ្យ​គាត់​ព្រម​ជា​គោលការណ៍​សិន។ ហើយ​ចំពោះ​គោល​ជំហរ​យ៉ាង​ម៉េច ទិស​ដៅ​យ៉ាង​ម៉េច​អាហ្នឹង​ជជែក​គ្នា អត់​មាន​បញ្ហា​អី​ទេ»

ប្រធាន​គណបក្ស​សម​រង្ស៊ី​អះអាង​ថា កន្លង​មក ការ​ចង​សម្ព័ន្ធភាព​រវាង​គណបក្ស​មួយ ទៅ​គណបក្ស​មួយ ដែល​មិន​គោរព​នីតិ​វិធី​ផ្ទៃក្នុង​សម្ព័ន្ធភាព​បាន​នាំ​ឲ្យ​ឥទ្ធិពល​កម្លាំង​ប្រជាធិបតេយ្យ​នៃ​សំឡេង​គាំទ្រ​បាន​ថយ​ចុះ ៖ «ហើយ​យើង​ឃើញ​ហើយ​លទ្ធផល​នៃ​ការ​បោះឆ្នោត អ្នក​ណា​ដែល​មិន​គោរព​ពាក្យ​សម្ដី​របស់​ខ្លួន​គឺ​ប្រជារាស្រ្ដ​មិន​បោះឆ្នោត​ឲ្យ ឃើញ​ថា​ធ្លាក់​សំឡេង​ច្រើន ហើយ​គណបក្ស​ខ្លះ ស្ទើរតែ​រលាយ​ដោយសារ​មាន​មេដឹកនាំ​ដែល​មិន​គោរព​ពាក្យ​សម្ដី​របស់​ខ្លួន»

ចំណែក​នាយក​អង្គការ​ខុមហ្រ្វែល លោក គល់ បញ្ញា បាន​ដាស់​តឿន​ថា សម្ព័ន្ធភាព​រវាង​គណបក្ស​មួយ​ទៅ​គណបក្ស​មួយ ជា​ការ​ល្អ​សម្រាប់​ឧត្តមគតិ​រួបរួម​ដើម្បី​ជា​ប្រយោជន៍​នៃ​គណបក្ស និង​លទ្ធិ​ប្រជាធិបតេយ្យ។ ក៏​ប៉ុន្តែ សម្ព័ន្ធភាព​នោះ​ក៏​ជា​អាវុធ​មុខ​២​ដែរ បើ​មាន​មេ​គណបក្ស​នៃ​គណបក្ស​ណា​មួយ ក្បត់​គ្នា​នៅ​ក្នុង​សម្ព័ន្ធភាព​នោះ វា​ហុច​ផល​ចំណេញ​នយោបាយ​ទៅ​គណបក្ស​ផ្សេង​ទៅ​វិញ។

សូម​ជម្រាប​ថា កាល​ពី​ថ្ងៃ​៧ ខែ​មករា សប្តាហ៍​នេះ ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខា មាន​ប្រសាសន៍​ថា ក្រោយ​បង្កើត​ចេញ​ជា​សម្ព័ន្ធភាព​គណបក្ស​ទាំង​២​រួច គណបក្ស​សិទ្ធិ​មនុស្ស នឹង​ប្រគល់​តំណែង​ប្រធាន​និង​ឈរ​ឈ្មោះ​ជា​នាយក​រដ្ឋមន្រ្តី ដឹកនាំ​សម្ព័ន្ធ​ភាព​នោះ ដល់​លោក សម រង្ស៊ី ទៀត​ផង៕