មន្ត្រី​បក្ស​ជំទាស់​រិះគន់​គម្រោង​បង្កើន​ប្រាក់​ចំណាយ​ឆ្នាំ​២០១១

តំណាង​រាស្ត្រ​បក្ស​ប្រឆាំង លោក សុន ឆ័យ នៅ​ថ្ងៃ​២០ កក្កដា​ បាន​រិះគន់​ថា គម្រោង​បង្កើន​ចំណាយ​សម្រាប់​ថវិកា​ជាតិ​ក្នុង​ឆ្នាំ​២០១១ នឹង​ជួប​វិបត្តិ នៅ​គ្រា​ដែល​ការ​រក​ប្រាក់​ចំណូល​នៅ​​កម្ពុជា​មិន​មាន​ភាព​ស្មើ​គ្នា​​ទាល់​តែ​សោះ​ជា​មួយ​នឹង​ប្រាក់​ចំណាយ​នោះ។

លោក សុន ឆ័យ បាន​បញ្ជាក់​ថា ប្រាក់​ចំណូល​ជាតិ​កន្លង​មក​បាន​ធ្លាក់​ចុះ កាល​ពី​ឆ្នាំ​២០០៩ រហូត​ដល់​ឆ្នាំ​២០១០ ហើយ​នៅ​ឆ្នាំ​ក្រោយ​នេះ ប្រទេស​មួយ​ចំនួន​ចាប់​ផ្តើម​ទារ​បំណុល​ដែល​កម្ពុជា​ជំពាក់ ដូច្នេះ​លោក​គិត​ថា ទាំង​នេះ​សុទ្ធ​សឹង​តែ​ជា​បញ្ហា​ដែល​មិន​គួរ​មាន​ការ​បង្កើន​ការ​ចំណាយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​បែប​នោះ​ឡើយ។

លោក សុន ឆ័យ មាន​ប្រសាសន៍​ដូច្នេះ ៖ «តើ​រដ្ឋាភិបាល​អាច​នឹង​ទៅ​យក​ពី​ប្រភព​ណា? ពីព្រោះ​យើង​ឃើញ​ថា ការ​ប្រមូល​ថវិកា​ជាតិ​មាន​បញ្ហា​ហើយ សូម្បី​តែ​ឆ្នាំ​២០០៩ និង ២០១០​នេះ​ទៀត ក៏​ឃើញ​វិស័យ​ពន្ធដារ វិស័យ​ពន្ធគយ​កំពុង​ធ្លាក់​ចុះ តើ​មាន​លុយ​ពី​ណា? បើ​រំពឹង​ប្រាក់​ជំនួយ​បរទេស ក៏​មិន​អាច​បំពេញ​ចំនួន ៣​ពាន់​លាន​នេះ​ដែរ»

ការ​រិះគន់​របស់​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង សម រង្ស៊ី ធ្វើ​ឡើង​ក្រោយ​ពី​កិច្ច​ប្រជុំ​មួយ​របស់​គណៈកម្មការ​ហិរញ្ញវត្ថុ និង​ធនាគារ​នៃ​រដ្ឋ​សភា កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១៩ ខែ​កក្កដា កន្លង​ទៅ ជាមួយ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ ជជែក​អំពី​ផែនការ​យុទ្ធសាស្ត្រ​នៃ​ថវិកា​ជាតិ​ឆ្នាំ​២០១១។

ជាម យៀប ៣០៥
ឯកឧត្តម​បណ្ឌិត ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ​និង​សវនកម្ម ឬ​គណៈកម្មការ​ទី​២ នៃ​រដ្ឋ​សភា (RFA)

ក្នុង​កិច្ច​ប្រជុំ​នោះ លោក គាត ឈន់ ឧប​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ បាន​ប៉ាន់​ប្រមាណ​ថា ចំណាយ​ថវិកា​ជាតិ​នឹង​ត្រូវ​ដំឡើង​រហូត​ដល់ ៣​ពាន់​លាន​ដុល្លារ ក្រោយ​ពី​មាន​សំណើ​របស់​ក្រសួង​នានា​មក​កាន់​ក្រសួង​ហិរញ្ញវត្ថុ។

តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​ហិរញ្ញវត្ថុ និង​ធនាគារ​របស់​រដ្ឋ​សភា លោក ជាម យៀប បាន​បញ្ជាក់​បន្ថែម​ថា គេ​ត្រូវ​តែ​មាន​ការ​បង្កើន ទោះ​បី​តិច ឬ​ក៏​ច្រើន ដើម្បី​ឆ្លើយ​តប​ចំពោះ​គម្រោង​អភិវឌ្ឍន៍​ប្រទេស ហើយ​ក្រសួង​មួយ​ចំនួន​ដែល​ត្រូវ​បង្កើន​នៅ​ក្នុង​ឆ្នាំ​២០១១​នេះ មាន​ដូច​ជា​ក្រសួង​អប់រំ ក្រសួង​សុខាភិបាល ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​ក្រសួង​កសិកម្ម។

លោក​បាន​ពន្យល់​បន្ត​ទៀត អំពី​ផែនការ​ដែល​ត្រូវ​រក​ប្រាក់​ចំណូល​មក​ទប់​ទល់​សម្រាប់​ការ​ចំណាយ​នៅ​ឆ្នាំ​២០១១ ខាង​មុខ​នេះ​ដូច្នេះ ៖ «សក្ដានុពល​នៃ​ប្រភព​ចំណូល​ចេញ​អំពី គយ រដ្ឋាករ ចេញ​អំពី​ពន្ធដារ សារ​ពាណិជ្ជ ការ​ជួយ​ឧបត្ថម្ភ​ដោយ​ឥត​សំណង»

ប្រភព​ពី​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ បាន​អះអាង​ថា ប្រាក់​ចំណូល​សម្រាប់​ឆ្នាំ​២០១១ នឹង​មាន​ចំនួន​ត្រឹម​តែ ៩​លាន លាន​រៀល គឺ​ប្រហែល​ជាង ២​ពាន់​លាន​ដុល្លារ​អាមេរិក។ រី​ឯ​សំណើ​នៃ​ការ​ចំណាយ​មាន​ចំនួន​ដល់​ទៅ ១២​លាន លាន​រៀល គឺ​ស្មើ​នឹង​ជិត ៣​ពាន់​លាន​ដុល្លារ​អាមេរិក។ ថវិកា​ដែល​នឹង​ត្រូវ​ចំណាយ​ក្នុង​ឆ្នាំ​២០១១​នេះ ច្រើន​ជាង​ប្រាក់​ចំណូល​ដល់​ទៅ 3​លាន លាន​រៀល គឺ​ស្មើ​នឹង ៧០០​លាន​ដុល្លារ ហើយ​ច្រើន​ជាង​ការ​ចំណាយ​កាល​ពី​ឆ្នាំ​២០១០ ដល់​ទៅ​ជិត ៤០%។

ក្រសួង​ហិរញ្ញវត្ថុ​នឹង​បើក​កិច្ច​ប្រជុំ​បន្ទាប់​មក​ទៀត ដើម្បី​ពិនិត្យ​មើល​សំណើ​នៃ​ការ​បង្កើន​ប្រាក់​ចំណាយ​សម្រាប់​ឆ្នាំ​២០១១ នៅ​ខ​ សីហា ខាង​មុខ​នេះ​បន្ត​ទៀត៕