តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​ម្នាក់​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ

តំណាងរាស្រ្ត​គណបក្សបក្សប្រឆាំង​គឺ​លោក ហូរ វ៉ាន់ ត្រូវ​បាន​ចូល​ខ្លួន​ទៅ​តុលាការ​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៥ ខែ​មិថុនា ឆ្នាំ​២០០៩​នេះ ទាក់ទង​នឹង​បណ្តឹង​ពី​បទ​បរិហារកេរ្តី៍​និង​ញុះញង់​ដែល​ប្តឹង​ដោយ​តំណាង​នាយ​ទាហាន​ជាន់ខ្ពស់​២២​រូប​ដែល​ជា​អ្នក​បាន​ទទួល​សញ្ញាបត្រ​ថ្នាក់​បណ្ឌិត​និង​បរិញ្ញាបត្រ​ជាន់​ខ្ពស់​វិទ្យាសាស្រ្ត​ពី​វិទ្យាស្ថាន​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​កាលពី​ពេល​ថ្មីៗ​នេះ។

0:00 / 0:00

ក្រោយ​ពី​តុលាការ​ក្រុង​ភ្នំពេញ​សាកសួរ​មួយ​ព្រឹក​មក លោក ហូរ វ៉ាន់ តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី​បាន​ប្រាប់​អ្នក​កាសែត​នៅ​ក្រៅ​របង​តុលាការ​ថា កាសែត ឌឹឃែមបូឌាដេលី បាន​សរសេរ​ខុស​ពី​អ្វី​ដែល​លោក​ផ្តល់​បទសម្ភាសន៍​កាលពី​ល្ងាច​ថ្ងៃ​២០ ខែ​មេសា ឆ្នាំ​២០០៩។

លោក​បាន​សុំ​ឲ្យ​កាសែត​នោះ​កែ​តម្រូវ​ការផ្សាយ​នៅ​ថ្ងៃ​២២ ខែ​មេសា ហើយ​នៅ​ថ្ងៃ​២៣ មេសា ឆ្នាំ​២០០៩ កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បាន​សួរ​លោក​ពី​រឿង​ពាក់ព័ន្ធ​នឹង​សញ្ញាបត្រ​យោធា​នេះ​ទៀត។

លោក ហូរ វ៉ាន់ បាន​បញ្ជាក់​ថា ៖ «ខ្ញុំ​ថា​សញ្ញាបត្រ​វា​ជា​គុណធម៌ វា​ជា​ការ​មួយ​ដែល​ជួយ​ឲ្យ​មេដឹកនាំ​ម្នាក់ៗ​គឺ​មាន​ឥទ្ធិពល​កាន់តែ​ខ្ពស់​ឡើង គេ​អាច​ដឹកនាំ​កូន​ចៅ​កាន់តែ​មាន​ប្រសិទ្ធភាព។ បញ្ហា​ទី​២ បើ​និយាយ​ពី​សញ្ញាបត្រ​ថា​គ្មាន​តម្លៃ​នោះ​ក៏​ពុំ​ពិត​ដែរ ព្រោះ​ខ្ញុំ​អត់​មាន​បាន​និយាយ​ថា​សញ្ញាបត្រ​គ្មាន​តម្លៃ​ទេ! ខ្ញុំ​គ្រាន់តែ​បាន​និយាយ​ថា សញ្ញាបត្រ​ដែល​នឹង​មាន​គុណភាព​នោះ​លុះ​ត្រា​តែ​ប្រកប​ដោយ​លក្ខណៈ​៣ ហើយ​លក្ខណៈ​៣​ហ្នឹង​ជា​លក្ខណៈ​សកល»

លោក ហូរ វ៉ាន់ ទៅ​បំភ្លឺ​នៅ​តុលាការ​នេះ​ក្រោយ​ពី​កាសែត​ផ្សាយ​ក្នុង​ស្រុក​ឈ្មោះ ឌឹ ឃែមបូឌៀ ដេលី បាន​ស្រង់​សម្ដី​ចុះ​ផ្សាយ​ក្នុង​អត្ថបទ​មួយ​កាលពី​ថ្ងៃ​២១ ខែ​មេសា ឆ្នាំ​២០០៩ និយាយ​ពី​ក្រុម​មន្រ្តី​កង​យោធពល​ខេមរភូមិន្ទ​ទទួល​បាន​សញ្ញាបត្រ​បញ្ចប់​ការសិក្សា​ពី​វៀតណាម ដោយ​ស្រង់​សម្ដី​ថា លោក ហូរ វ៉ាន់ សមាជិក​សភា​គណបក្ស​សមរង្ស៊ី មាន​ប្រសាសន៍​ថា សញ្ញាបត្រ​យោធ​នេះ​គ្មាន​អ្វី​ក្រៅ​ពី​ការពារ​ប្រវត្តិ​រូប​របស់​មន្រ្តី​ទាំង​នោះ​ទេ។

កាសែត​ស្រង់​សម្ដី លោក ហូរ វ៉ាន់ ថា​សញ្ញាបត្រ​ដែល​ត្រូវ​បាន​ផ្តល់​ឲ្យ​នេះ គ្រាន់តែ​ដើម្បី​ពង្រឹង​អំណាច​របស់​អ្នក​ទទួល​លើ​កូន​ចៅ​របស់​ពួក​គេ​ប៉ុណ្ណោះ ប៉ុន្តែ​គុណភាព​របស់​សញ្ញាបត្រ​គឺ​គ្មាន​តម្លៃ។

មេធាវី​របស់​លោក ហូរ វ៉ាន់ គឺ​លោក គង់ សំអុន មាន​ប្រសាសន៍​ថា ការដកស្រង់​សម្ដី​របស់​កាសែត ឌឹ ឃែមបូឌៀ ដេលី ចុះ​ផ្សាយ​នោះ​មិន​ត្រឹមត្រូវ​តាម​សម្ដី​កូន​ក្តី ហើយ​បាន​សុំ​ឲ្យ​កែ​តម្រូវ​ច្រើន​លើក​មក​ហើយ វា​ជា​ការយល់​ច្រឡំ​គ្មាន​មូលដ្ឋាន​ចោទ​ប្រកាន់ គ្មាន​រឿង​ធំដុំ។

វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​នេះ​មិន​អាច​ទាក់ទង​សុំ​ការបំភ្លឺ​ពី​មេធាវី​២​រូប គឺ​លោក ខេង លី និង​លោក តាន់ ម៉េងស្រូយ អ្នក​ការពារ​និង​តំណាង​ឲ្យ​នាយ​ទាហាន​ជាន់​ខ្ពស់​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ទាំង​២២​រូប​ដែល​បាន​ទទួល​សញ្ញាបត្រ​នោះ​បាន​ទេ។

មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា ក្នុង​ឆ្នាំ​២០០៩ ការប្តឹង​អ្នក​តំណាង​រាស្រ្ត​នៃ​គណបក្ស​នយោបាយ​មាន​ច្រើន​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​ដែល​នាំ​ឲ្យ​មាន​ការព្រួយ​បារម្ភ ដូច​ជា​រឿង​លោក ហូរ វ៉ាន់ នេះ ជា​រឿង​អាច​និយាយ​គ្នា​បាន​ដោយ​គាត់​បាន​កែ​តម្រូវ​ជា​បន្ត​បន្ទាប់​រួច​មក​ហើយ ប៉ុន្តែ​រាល់​ការបញ្ចេញ​មតិ ទាំង​អ្នក​សារព័ត៌មាន ទាំង​អ្នក​តំណាង​រាស្រ្ត គេ​តែងតែ​យក​ច្បាប់​ព្រហ្មទណ្ឌ​មក​ចោទ​ប្រកាន់​ជា​បទ​បរិហារ​កេរ្តិ៍ ញុះញង់ គេ​មិន​បាន​ប្រើ​ច្បាប់​សារព័ត៌មាន​ឡើយ​នាំ​ឲ្យ​ទស្សនៈ​ក្នុង​ការបញ្ចេញ​មតិ​នានា​ក្នុង​សង្គម​ទៅ​ជា​ចង្អៀត៕