អ្នកស្រី កែ សុវណ្ណរតន៍ អ្នកតំណាងរាស្រ្តគណបក្សសមរង្ស៊ីនៅមណ្ឌលសៀមរាប បានបញ្ជាក់ថា ពួកគេនឹងព្យាយាមធ្វើការស្នើសុំជាថ្មីទៀត។
អ្នកស្រី កែ សុវណ្ណរតន៍ បានឲ្យដឹងថា ៖ «យើងបានដាក់លិខិតទៅហើយ ហើយតាមចៅក្រមជំនុំជម្រះ ហើយគាត់បានឆ្លើយជាផ្ទាល់មាត់ មិនបានជាលាយលក្ខណ៍អក្សរទេ ថាយើងអាចទៅជួបបាន ប៉ុន្តែព្រឹកមិញហ្នឹងពន្ធនាគារបានឆ្លើយថា ដោយសារគ្មានចំណារជាលាយលក្ខណ៍អក្សរ អ៊ីចឹងខាងពន្ធនាគារមិនហ៊ានទទួលខុសត្រូវ។ យើងត្រូវរៀបចំឯកសារបន្តទៀត»។
ប្រធានពន្ធនាគារព្រៃស លោក ម៉ុង គឹមហេង បានអះអាងថា លោកមិនទាន់ឃើញសំណើសុំចូលជួបនោះនៅឡើយទេ ។ ខាងពន្ធនាគារនឹងអនុញ្ញាត បើសិនមានលិខិតបញ្ជាក់ណាមួយពីក្រសួងមហាផ្ទៃ ៖ «ការជួបជុំរបស់គាត់នេះ រាល់ការអនុញ្ញាតត្រូវសុំឆ្លងខាងក្រសួងមហាផ្ទៃ»។
ចាងហ្វាងកាសែតខ្មែរម្ចាស់ស្រុក លោក ហង្ស ចក្រា អាយុ៥៥ឆ្នាំ ត្រូវបានរដ្ឋាភិបាលប្តឹងផ្តល់នៅក្នុងបទសរសេរព័ត៌មានមិនពិត និងបទបរិហារកេរ្តិ៍ ក្រោយពីលោកបានសរសេរអត្ថបទមួយក្រោមចំណងជើងថា លោក ហ៊ុន សែន បំបែកសំបុកមន្ត្រីពុករលួយជុំវិញ លោក សុខ អាន និងអត្ថបទមួយទៀតក្រោមចំណងជើងថា មន្ត្រីនិយមលោក សុខ អាន នឹងប្រឈមមុខក្នុងការដកចេញពីតំណែង។
លោក ហង្ស ចក្រា ត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារចំនួន១ឆ្នាំ និងពិន័យជាប្រាក់៩លានរៀល៕
