លោក យឹម សុវណ្ណ ជាមន្រ្តីអ្នកនាំពាក្យនិងជាតំណាងរាស្រ្តនៃគណបក្សសមរង្ស៊ី បានមានប្រសាសន៍ថា ការទៅសួរសុខទុក្ខនៅពេលខាងមុខនេះ គឺក្នុងបំណងលើកទឹកចិត្តពួកគាត់ដែលកំពុងរងទុក្ខនៅក្នុងគុកដោយអយុត្តិធម៌។
អ្នកស្រី មាស ស្រី និងលោក ព្រំ ជា បានត្រូវចាប់ឃុំខ្លួនកាលពីខែធ្នូ ឆ្នាំ២០០៩កន្លងទៅ ក្រោមបទបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ដោយរងការចោទថា បានដកតម្រុយបង្គោលព្រំដែនលេខ១៨៥ រវាងកម្ពុជានិងវៀតណាម នៅក្នុងភូមិកោះក្បានកណ្តាល ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង កាលពីថៃ្ងទី២៥ ខែតុលា ឆ្នាំ២០០៩ កន្លងទៅ។
ជាមួយគ្នានេះដែរ លោក ជូង ជូងី ជាមេធាវីការពារក្តីឲ្យលោក សម រង្ស៊ី បានមានប្រសាសន៍ថា តុលាការនៅក្នុងខេត្តស្វាយរៀង គ្រោងនឹងបើកសវនាការកាត់ទោសលោក សម រង្ស៊ី កំបាំងមុខនៅថ្ងៃទី២៧ ខែមករា ខាងមុខនេះនៅវេលាម៉ោង៨ព្រឹក ក្រោមបទបំផ្លាញទ្រព្យសម្បត្តិសាធារណៈនិងបទញុះញង់រើសអើងជាតិសាសន៍ ទាក់ទងនឹងការដកតម្រុយបង្គោលព្រំដែននោះ។
លោកមេធាវី ជូង ជូងី បានអះអាងថា លោកនឹងទៅបង្ហាញខ្លួននៅក្នុងសវនាការនោះ បើទោះជាលោក សម រង្ស៊ី កូនក្តីរបស់លោកទៅបង្ហាញឬមិនទៅបង្ហាញខ្លួនក្នុងសវនាការនោះក្តី៕
