លោក យឹម សុវណ្ណ មន្ត្រីអ្នកនាំពាក្យគណបក្សសមរង្ស៊ីនិងជាអ្នកតំណាងរាស្ត្រផងនោះ មានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរីដឹងនៅថ្ងៃទី១៤ ខែវិច្ឆិកានេះថា កិច្ចប្រជុំពេញអង្គរដ្ឋសភាដែលឈានដល់ការលើកអភ័យឯកសិទ្ធិសភា លោក សម រង្ស៊ី គឺមិនគួរឲ្យកើតឡើងនោះទេ។
លោក យឹម សុវណ្ណ បានបញ្ជាក់ថា ៖ «លើកឡើងនូវកង្វល់របស់ប្រជាពលរដ្ឋ ដែលប្រជាពលរដ្ឋបានបាត់បង់ដីដោយសារការបោះបង្គោលព្រំដែនរបស់ប្រទេសទាំងពីរ ហើយបញ្ហានេះជាបញ្ហាបូរណភាពទឹកដី ជាបញ្ហាអាយុជីវិតជាតិ។ ដូច្នេះមិនមែនជារឿងទោសទណ្ឌ ឧក្រិដ្ឋអីទេ គឺជារឿងការបំពេញតួនាទីរបស់គាត់ក្នុងនាមជាអ្នកតំណាងរាស្ត្រស្នេហាជាតិមួយរូប។ ដូច្នេះការដកអភ័យឯកសិទ្ធិនេះមិនគួរត្រូវធ្វើទាល់តែសោះ»។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចាត់ទុកគម្រោងប្រជុំរដ្ឋសភាដើម្បីដកអភ័យឯកសិទ្ធិសភារបស់លោក សម រង្ស៊ី គឺជាការដំឡើងសាច់ដុំរបស់សមាជិករដ្ឋសភាមន្ត្រីបក្សកាន់អំណាច។
លោក អ៊ូ វីរៈ បានមានប្រសាសន៍ថា ៖ «អត់មានអីក្រៅតែពីចង់គ្រប់គ្រងរដ្ឋរបៀបដោយបង្ខំទេ។ ធ្វើរឿងតូចឲ្យទៅជាធំ ជារឿងនយោបាយ គួរតែដោះស្រាយតាមបែបនយោបាយ និងទុកឲ្យប្រជាពលរដ្ឋជាអ្នកវិនិច្ឆ័យ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំការបញ្ជាក់ពីលោក ហេង សំរិន ប្រធានរដ្ឋសភា បានទេ ជុំវិញគម្រោងកោះប្រជុំដើម្បីដកអភ័យឯកសិទ្ធិ លោក សម រង្ស៊ី។ ប៉ុន្តែបើតាមការចុះផ្សាយរបស់កាសែតរស្មីកម្ពុជាចេញផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកានេះ លោក ជាម យៀប ប្រធានគណៈកម្មការទី២នៃរដ្ឋសភា បានមានប្រសាសន៍ថា កិច្ចប្រជុំសភាប្រព្រឹត្តទៅធម្មតាតាមការគ្រោងទុក។
ទាក់ទងនឹងបញ្ហានេះដែរ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា គណៈកម្មាធិការប្រព្រឹត្តិកម្មដែលមានអង្គការសមាគមចំនួន២១ជាសមាជិកបានរួមគ្នាចេញសេចក្តីថ្លែងការណ៍សម្តែងការខកចិត្ត និងបានចាត់ទុកថាជាការកាត់បន្ថយសំឡេងបក្សប្រឆាំង និងរំលោភលើសិទ្ធិសម្តែងមតិដើម្បីបម្រើផលប្រយោជន៍ប្រទេសជាតិជាថ្មីទៀត។
លោក សម រង្ស៊ី បានរងការប្តឹងពីសមត្ថកិច្ចនៅក្នុងស្រុកចន្រ្ទា ខេត្តស្វាយរៀង ក្រោមបទចោទប្រកាន់ថា បានបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ក្រោយពីរូបលោកបានដឹកនាំបុណ្យកឋិនទានមួយទៅកាន់វត្តអង្គរំដេញ ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង កាលពីថៃ្ងទី២៥ ខែតុលាកន្លងទៅ។ នៅពេលនោះមានសេចក្តីរាយការណ៍មកថា លោកបានដកបង្គោលព្រំដែនកម្ពុជាវៀតណាម ដោយសារលោកបានចោទប្រកាន់ថា ភាគីវៀតណាមបានរំលោភចូលមកទឹកដីប្រទេសកម្ពុជានៅទីនោះ។
គម្រោងដកអភ័យឯកសិទ្ធិមេដឹកនាំបក្សប្រឆាំងដោយសាររឿងព្រំដែន ធ្វើឡើងផងដែរស្របពេលដែលកម្ពុជាទទួលស្វាគមន៍យ៉ាងរាក់ទាក់អតីតនាយករដ្ឋមន្ត្រីថៃ ដែលត្រូវបានគេតែងតាំងបន្ថែមជាទីប្រឹក្សាសេដ្ឋកិច្ចរបស់រដ្ឋាភិបាលខ្មែរ៕