មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​អនុ​ប្រធាន​រដ្ឋ​សភា​ដែល​មាន​ទីប្រឹក្សា​ដល់​ទៅ​ ៧១​នាក់

តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង សម រង្ស៊ី បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ចំនួន​ទី​ប្រឹក្សា​របស់​លោក ងួន ញ៉ិល អនុ​ប្រធាន​សភា​ជាតិ​កម្ពុជា ដែល​លោក​មាន​ទីប្រឹក្សា​រហូត​ដល់​ទៅ ៧១​នាក់។

តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ចំនួន ១៣​រូប បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា ការ​តែងតាំង​ទីប្រឹក្សា​របស់​លោក ងួន ញ៉ិល អនុ​ប្រធាន​សភា​ជាតិ​កម្ពុជា រហូត​ដល់​ចំនួន ៧១​រូប អាច​បណ្ដាល​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គ្មាន​ថវិកា​ជាតិ​ដើម្បី​ដំឡើង​ប្រាក់​បៀវត្សរ៍​ដល់​មន្ត្រី​រាជការ និង​កង​កម្លាំង​ប្រដាប់​អាវុធ។ អ្នក​តំណាង​រាស្ត្រ ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ចាត់​វិធានការ​បញ្ឈប់​ភាព​មិន​ប្រក្រតី​នេះ។

តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី នៅ​មណ្ឌល​ព្រៃវែង លោក ជា ប៉ូច មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​សៅរ៍ ទី​៤ ខែ​កញ្ញា​ថា ការ​តែងតាំង​ចំនួន​ទី​ប្រឹក្សា​ច្រើន​ហួស​ហេតុ វា​បណ្ដាល​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ចំណាយ​ថវិកា​ជាតិ​ច្រើន​ដោយ​គ្មាន​ប្រសិទ្ធភាព។

លោក ជា ប៉ូច មាន​ប្រសាសន៍​ដូច្នេះ ៖ «ទីប្រឹក្សា ៧១​នាក់​ច្រើន​ណាស់! ទីប្រឹក្សា​ហ្នឹង​តើ​មាន​ភារកិច្ច​ធ្វើ​អ្វី​ខ្លះ? ហើយ​នៅ​ក្នុង​ប៊ុយរ៉ូ (ការិយាល័យ) ឬ​អត? តើ​ជួយ​ប្រជារាស្ត្រ​បាន​ប៉ុណ្ណា?»

តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ចំនួន ១៣​រូប កាល​ពី​ថ្ងៃ​ទី​២៧ ខែ​សីហា ក៏​បាន​ផ្ញើ​លិខិត​ទៅ​ឲ្យ​ប្រធាន​រដ្ឋ​សភា​ជាតិ លោក ហេង សំរិន ដើម្បី​ឲ្យ​ពន្យល់​ពី​មូលហេតុ​អ្វី​បាន​ជា​លោក ងួន ញ៉ិល មាន​ទី​ប្រឹក្សា​រហូត​ទៅ​ដល់​ចំនួន ៧១​រូប? លិខិត​របស់​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង បាន​ឲ្យ​ដឹង​ថា ក្នុង​ខែ​សីហា​នេះ រដ្ឋ​សភា​ចំណាយ​ទឹក​ប្រាក់​ជាង ១១២​លាន​រៀល ជា​ប្រាក់​ឧបត្ថម្ភ​សម្រាប់​ជីវភាព​ឲ្យ​ទី​ប្រឹក្សា​របស់​លោក ងួន ញ៉ិល។

លិខិត​បាន​ស្នើ​ឲ្យ​លោក ហេង សំរិន ពន្យល់​ពី​ការ​ចំណាយ​ដ៏​សន្ធឹកសន្ធាប់​នេះ ហើយ​ប្រសិន​បើ​ការ​ចំណាយ​នេះ​វា​ជា​ការ​ពិត​វិញ​នោះ លោក ហេង សំរិន ត្រូវ​មាន​វិធានការ​​ច្បាប់​ជា​បន្ទាន់ ដើម្បី​បញ្ឈប់​ភាព​មិន​ប្រក្រតី​នេះ ដោយ​អាជ្ញាធរ​សវនកម្ម​ជាតិ ត្រូវ​តែ​ធ្វើ​សវនកម្ម​លើ​ការ​ចំណាយ​នេះ ហើយ​ប្រសិន​បើ​រក​ឃើញ​ភាព​មិន​ប្រក្រតី​នោះ រដ្ឋ​សភា​ត្រូវ​ផ្ដល់​ព័ត៌មាន​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​តុលាការ​ដើម្បី​ផ្ដន្ទាទោស​អ្នក​ប្រព្រឹត្ត​ខុស។

លោក ហេង សំរិន បាន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ចំនួន ១៣​រូប ដោយ​សរសេរ​នៅ​លើ​លិខិត​របស់​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ថា ការ​តែងតាំង​នេះ​ជា​ឆន្ទានុសិទិ្ធ​របស់​គ្រប់​ថ្នាក់​ដឹកនាំ ដែល​បាន​អនុវត្ត​ស្រប​តាម​នីតិ​វិធី​ច្បាប់។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ងួន ញ៉ិល បាន​ទេ នៅ​ថ្ងៃ​សៅរ៍ ទី​៤ ខែ​កញ្ញា ប៉ុន្តែ​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​រដ្ឋ​សភា លោក ជាម យៀប នៅ​ថ្ងៃ​សៅរ៍ មាន​ប្រសាសន៍​ថា លោក ងួន ញ៉ិល មាន​ទី​ប្រឹក្សា​ដល់​ទៅ ៧១​រូប ពីព្រោះ​លោក​ជា​អនុ​ប្រធាន​ទី​មួយ​រដ្ឋ​សភា ដោយ​លោក​ត្រូវ​ការ​ព័ត៌មាន​ទូទាំង​ប្រទេស​សម្រាប់​ការ​ដឹកនាំ​កិច្ចប្រជុំ​រដ្ឋ​សភា។

លោក ជាម យៀប មាន​ប្រសាសន៍​ដូច្នេះ ៖ «ព្រោះ​គាត់​ចង់​ក្ដាប់​បាន​ឲ្យ​គ្រប់​ខេត្ត​ដែល​គេ​ប្ដឹង​ពី​ទំនាស់​អី​ផ្សេងៗ គាត់​ឲ្យ​ទីប្រឹក្សា​ហ្នឹង​ទៅ​ក្ដាប់​សភាពការណ៍​ហ្នឹង ដើម្បី​រាយការណ៍​ឲ្យ​គាត់»

លោក​បន្ថែម​ថា រដ្ឋ​សភា​នឹង​មិន​ធ្វើ​សវនកម្ម​ទៅ​លើ​ការ​ចំណាយ​របស់​រដ្ឋ​សភា​នោះ​ទេ ហើយ​រដ្ឋ​សភា​ក៏​នឹង​មិន​កាត់​បន្ថយ​ចំនួន​ទីប្រឹក្សា​របស់​លោក ងួន ញ៉ិល ដែរ។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២០ ខែ​សីហា បាន​ព្រមាន​នឹង​ដក​មន្ត្រី​រដ្ឋាភិបាល កងទ័ព និង​នគរបាល​ណា ដែល​បាន​អន្តរាគមន៍​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ ឬ​តែង​តាំង​តំណែង​មិន​ប្រក្រតី​ក្នុង​ស្ថាប័ន​រដ្ឋ។

ការ​ព្រមាន​របស់​លោក ហ៊ុន សែន ធ្វើ​ឡើង​បន្ទាប់​ពី​មាន​មន្ត្រី​រដ្ឋាភិបាល​ បាន​និង​កំពុង​តែ​ធ្វើ​អន្តរាគមន៍​យក​តំណែង​ជំនួស​ពី​មន្ត្រី​រដ្ឋាភិបាល កងទ័ព និង​នគរបាល​ណា​ដែល​បាន​ចូល​និវត្តន៍។ លោក ហ៊ុន សែន ក៏​បាន​បញ្ជា​ឲ្យ​ផ្អាក​ការ​តែងតាំង និង​រើស​បុគ្គលិក​រដ្ឋ​គ្រប់​ក្រសួង​បន្ថែម​ទៀត ដោយសារ​ការ​ចំណាយ​បុគ្គលិក​រដ្ឋ បាន​ចំណាយ​លើស​ចំនួន​កំណត់៕