មន្ត្រី​បក្ស​សមរង្ស៊ី​ស្នើ​សុំ​ព្រះ​មហាក្សត្រ​ដាក់​ថ្ងៃ​បាត់​ទឹក​ដី​ខ្មែរ​ក្រោម​ជា​​ថ្ងៃ​កាន់​ទុក្ខ

ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សមរង្ស៊ី ៩​រូប បាន​ចុះ​ហត្ថលេខា​មួយ​ច្បាប់​ទូល​ថ្វាយ​ព្រះ​មហាក្សត្រ​ខ្មែរ ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ស្នើ​សុំ​ព្រះ​រាជ​អន្តរាគមន៍​ដាក់​ថ្ងៃ​ទី​៤ ខែ​មិថុនា ជា​ទិវា​កាន់​ទុក្ខ​នៃ​ការ​បាត់​បង់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម។

លោក យន្ត ថារូ អ្នក​តំណាង​រាស្ត្រ​គណបក្ស​សមរង្ស៊ី មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​តាម​ទូរស័ព្ទ​ពី​ខេត្ត​ព្រះវិហារ នៅ​ថ្ងៃ​ទី​៦ ខែ​មេសា ថា គោល​បំណង​នៃ​ការ​ដាក់​លិខិត គឺ​ចង់​ឲ្យ​កុលបុត្រ​ខ្មែរ​ជំនាន់​​ក្រោយ​ចង​ចាំ​នូវ​​​ប្រវត្តិសាស្ត្រ​ដ៏​ជូរ​ចត់​នៃ​ការ​បាត់បង់​ទឹក​ដី​ខ្មែរ នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ទៅ​ប្រទេស​វៀតណាម និង​ចង់​ឲ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​យក​ថ្ងៃ​ទី​៤ ខែ​មិថុនា ជា​​​ទិវា​ប្រារព្ធ​ពិធី​កាន់​ទុក្ខ​ទាំង​អស់​គ្នា។

លោក យន្ត ថារូ បញ្ជាក់​ពី​គោល​បំណង​នៃ​ការ​ថ្វាយ​លិខិត​ទៅ​ព្រះ​មហាក្សត្រ​ដូច្នេះ ៖ «យើង​យល់​ថា ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​១៩៤៩ ជា​ថ្ងៃ​មួយ​ធ្វើ​ឲ្យ​ខ្មែរ​ទាំង​អស់​គ្នា​មាន​ការ​ឈឺ​ចាប់ និង​សោក​ស្ដាយ​ជា​ខ្លាំង ពីព្រោះ​ថ្ងៃ​នោះ​បារាំង​បាន​កាត់​ទឹក​ដី​ខ្មែរ​ទៅ​ឲ្យ​វៀតណាម​ត្រួត​ត្រា​ដោយ​ខុស​ច្បាប់»

ដែនដី​ខ្មែរ​កម្ពុជា​ក្រោម​របស់​ប្រទេស​កម្ពុជា មាន​ចំនួន ២១​ខេត្ត​ក្រុង និង​មាន​ទំហំ ៦៨.៩៦៥​គីឡូម៉ែត្រ​ក្រឡា ត្រូវ​បាន​អាណានិគម​បារាំង កាត់​ប្រគល់​ទៅ​ឲ្យ​ប្រទេស​វៀតណាម​គ្រប់គ្រង កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​១៩៤៩ ដែល​គិត​មក​ដល់​ពេល​នេះ​មាន​រយៈពេល ៦១​ឆ្នាំ។

បន្ថែម​លើ​លិខិត​ទូល​ថ្វាយ​ព្រះមហាក្សត្រ លោក តាំង សារៈ ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា បាន​សាទរ និង​បាន​ចាត់​ទុក​​គំនិត​ផ្ដួចផ្ដើម​របស់​ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សមរង្ស៊ី ដែល​បាន​ដាក់​លិខិត​ទៅ​ព្រះមហាក្សត្រ​ដាក់​ថ្ងៃ​ទី​៤ ខែ​មិថុនា ជា​ទិវា​កាន់​ទុក្ខ​ នៃ​ការ​បាត់​បង់​ទឹក​ដី​ខ្មែរ​ទៅ​បរទេស​ថា មាន​សារសំខាន់​បំផុត​សម្រាប់​ពលរដ្ឋ​ខ្មែរ។

លោក តាំង សារៈ បញ្ជាក់​ឲ្យ​ដឹង​ដូច្នេះ ៖ «ខ្ញុំ​មិន​ថា គណបក្ស​ណា​ទេ ជា​ពិសេស​តំណាង​រាស្ត្រ​ទាំង​៩​រូប​ហ្នឹង​ដែល​មាន​ការ​យក​ចិត្ត​ទុក​ដាក់ ហើយ​និង​មាន​ការ​សោក​​ស្ដាយ​ស្រណោះ និង​ការ​អាណិត​អាសូរ​ចំពោះ​បង​ប្អូន​ខ្មែរ​កម្ពុជា​ក្រោម ដែល​ក្រោយ​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​១៩៤៩ ដែល​បារាំង​បាន​ចុះ​ហត្ថលេខា​ប្រគល់​ទឹក​ដី​កូសាំងស៊ីន បច្ចុប្បន្ន​ជា​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋ​អំណាច​វៀតណាម​ដោយ​ខុស​ច្បាប់​ហ្នឹង ធ្វើ​ឲ្យ​ខ្មែរ​កម្ពុជា​ក្រោម​ទទួល​រង​ទុក្ខ​វេទនា»

ទោះ​យ៉ាង​នេះ​ក្ដី លោក ទិត សុធា ទី​ប្រឹក្សា​រាជ​រដ្ឋាភិបាល និង​ជា​មន្ត្រី​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី ដឹង​នៅ​ថ្ងៃ​ទី​៦ ខែ​មេសា ដោយ​បាន​ចាត់​ទុក​ការ​ដាក់​​​លិខិត​របស់​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ថា ឆ្លៀត​កេង​ចំណេញ​ខាង​ផ្នែក​នយោបាយ និង​មាន​បំណង​ចង់​បំបែក​បំបាក់​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ។

លោក ទិត សុធា បន្ត​ថា ការ​បាត់បង់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​មិន​មែន​មាន​​តែ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​នោះ​ទេ​ដែល​មាន​ការ​សោក​ស្ដាយ​នោះ សូម្បី​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ ក៏​ដូច​ជា​រដ្ឋាភិបាល និង​មន្ត្រី​បក្ស​ប្រជាជន​កម្ពុជា ក៏​មាន​ការ​សោកស្ដាយ​ដូច្នេះ​គ្នា​ដែរ។ ដូច្នេះ​គណបក្ស​សមរង្ស៊ី កុំ​ឆ្លៀត​ឱកាស​កេង​ចំណេញ​ផល​ប្រយោជន៍​នយោបាយ​ពី​ការ​បាត់បង់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​ត​ទៅ​ទៀត។

លោក ទិត សុធា មាន​ប្រសាសន៍​ដូច្នេះ ៖ «សូម​ឲ្យ​បក្ស​ប្រឆាំង​ហ្នឹង​កុំ​យក​ថ្ងៃ​នេះ សម្រាប់​ជា​ប្រយោជន៍​នយោបាយ​នៅ​ពី​ក្រោយ​ខ្នង»

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទំនាក់​ទំនង​មន្ត្រី​ខុទ្ទកាល័យ​ព្រះ​មហាក្សត្រ ជុំវិញ​ការ​ដាក់​លិខិត​របស់​ក្រុម​តំណាង​រាស្ត្រ​បក្ស​សមរង្ស៊ី ស្នើ​សុំ​ព្រះ​ករុណា​ព្រះ​រាជ​ទាន​ដាក់​ថ្ងៃ​ទី​៤ ខែ​មិថុនា ជា​ថ្ងៃ​បុណ្យ​ជាតិ ទិវា​កាន់​ទុក្ខ​បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី​៦ ខែ​មេសា​នេះ៕