លិខិតចំហដែលគេបានផ្ញើជូនទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងក្រោយពីមេដឹកនាំបក្សប្រឆាំងនិងកសិករខ្មែរពីររូបដែលតវ៉ាអំពីរឿងព្រំដែននៅក្នុងចំណុចទាំងនោះ ត្រូវបានតុលាការខេត្តស្វាយរៀង ផ្តន្ទាទោសដាក់គុកកាលពីពេលថ្មីៗនេះ។
អ្នកតំណាងរាស្ត្រ សុន ឆ័យ បានបញ្ជាក់ថា មិនមែនមានតែតំណាងរាស្ត្រប៉ុណ្ណោះទេដែលមិនអស់ចិត្តចំពោះការផ្តន្ទាទោសនេះ ដោយសារតែតុលាការបានផ្តន្ទាទោសដោយមិនផ្អែកទៅលើមូលដ្ឋានពិតទាល់តែសោះ។
លោក សុន ឆ័យ មានប្រសាសន៍ដូច្នេះ ៖ «ចង់ឲ្យបញ្ជាក់លើចំណុចទាំងនេះ តើវាយ៉ាងម៉េចមែនទែន? នរណាខុសឬត្រូវ។ ការដែលគេដកបង្គោលចេញទៅវិញហ្នឹង ហេតុអីបានដកទៅវិញបើមានការអះអាងថាវាត្រឹមត្រូវ? យើងចង់ឲ្យរដ្ឋាភិបាលឆ្លើយជាផ្លូវការ ពីព្រោះរឿងនេះប្រជាពលរដ្ឋគាត់នៅមិនអស់ចិត្ត ហើយអ្នករងគ្រោះដោយសារតែការផ្ដន្ទាទោសតាមរយៈតុលាការនោះក៏មិនអស់ចិត្តផងដែរ»។
សំណួរដែលបានចោទសួរនៅក្នុងលិខិតទាមទារឲ្យរដ្ឋាភិបាលបំភ្លឺនោះ មានចំនួន៦សំណួរ ដូចជាសួរថា តើតម្រុយបង្គោលព្រំដែនលេខ១៨៤, ១៨៥, ១៨៦និង១៨៧ ស្ថិតនៅលើចំណុចព្រំដែនពិតប្រាកដ ឬក៏កំពុងស្ថិតនៅក្នុងដីខ្មែរ? និងសំណួរផ្សេងៗទៀតដូចជា តើរដ្ឋាភិបាលយល់ព្រមទេឲ្យមានអ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិទៅវាស់វែងនិងកត់ត្រាតាមប្រព័ន្ធ GPS នៅកន្លែងកើតហេតុទាំងនោះ?
លិខិតដដែលបានបង្ហើបថា ចំណុចតម្រុយបង្គោលព្រំដែនលេខ១៨៤, ១៨៥, ១៨៦និង១៨៧ បានបោះចូលទៅក្នុងដីខ្មែរចម្ងាយពី២៥០ម៉ែត្រ ទៅ៥០០ម៉ែត្រ ផ្អែកទៅលើផែនទីជាផ្លូវការនៅឆ្នាំ១៩៥២ នៅលើមាត្រដ្ឋាន១ភាគ១០០ពាន់ ដែលរដ្ឋាភិបាលខ្មែរសម័យសង្គមរាស្ត្រនិយមលើកយកទៅតម្កល់នៅអង្គការសហប្រជាជាតិនៅឆ្នាំ១៩៦៤។
រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានហៅការសួរដេញដោលជាថ្មីរបស់តំណាងរាស្ត្រគណបក្សប្រឆាំងថា ជាការសួរដើម្បីប្រជាប្រិយភាពនយោបាយ។ លោកថ្លែងថា លោកមិនទាន់ឃើញសំណួរនោះនៅឡើយទេ ប៉ុន្តែរដ្ឋាភិបាលនឹងឆ្លើយតបគ្មានអ្វីលាក់លៀម ហើយត្រូវបង្វែរសំណួរឆ្លើយមិនចំនោះទេ។
លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ៖ «សំណួរដែលដាក់ទាំងប៉ុន្មានគេឆ្លើយម្ដងមួយៗនៅក្នុងហ្នឹង។ ជាការចោទប្រកាន់មួយសម្រាប់មនុស្សមិនមានសតិសម្បជញ្ញៈ។ សំណួរចោទសួរគេឆ្លើយម្ដងមួយៗ រដ្ឋាភិបាលអត់មានធ្វើការពង្វាង លាក់លៀមអីទេ ព្រោះការងារនេះជាការងារបច្ចេកទេសសុទ្ធសាធ»។
កាលពីខែធ្នូកន្លងទៅ លោក សម រង្ស៊ី និងកសិករនៅឃុំសំរោង ស្រុកចន្ទ្រា បាននាំគ្នាដកបង្គោលតម្រុយព្រំដែនបោះចោល ក្រោយពីកសិករម្ចាស់ស្រែជាច្រើននាក់បានរងគ្រោះបាត់បង់ដីស្រែចិញ្ចឹមជីវិតនៅក្នុងការបោះបង្គោលតម្រុយនោះ។ រឿងរ៉ាវនេះបាននាំឲ្យតុលាការខេត្តស្វាយរៀង កាលពីថ្ងៃទី១៧ មករា កន្លងទៅ បានផ្តន្ទាទោសលោក សម រង្ស៊ី និងកសិករខ្មែរ២រូបដាក់គុក ដោយចោទថា អ្នកទំាងនោះបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈនិងជំរុញឲ្យមានការរើសអើងប្រកាន់ពូជសាសន៍៕