លោក ព្រំ ជា កំពុងតែមានជំងឺរលាកក្រពះ រលាកផ្លូវដង្ហើមនិងរលាកបំពង់ក ចំណែកឯលោកស្រី មាស ស្រី កំពុងតែមានជំងឺរោគស្ត្រីនិងធ្លាក់ទឹកចិត្ត ព្រមទាំងមានជំងឺខ្សោយបេះដូង។
តំណាងរាស្ត្រចំនួន ៤រូបដែលត្រូវបានអាជ្ញាធរឆ្មាំគុក ខេត្តស្វាយរៀង បានអនុញ្ញាតឲ្យចូលសួរសុខទុក្ខប្រជាពលរដ្ឋទាំងពីរនាក់នោះ គឺមានលោក យឹម សុវណ្ណ លោក គឹម ស៊ូភារិទ្ធិ លោកស្រី លី ស្រីវីណា និងលោកស្រី ពត ពៅ។
នេះគឺជាការសួរសុខទុក្ខលើកទី២ហើយ ក្រោយពីការសួរសុខទុក្ខលើកដំបូងកាលពីខែមករា កន្លងទៅ។
តំណាងរាស្ត្រគណបក្សប្រឆាំងសមរង្ស៊ី លោក យឹម សុវណ្ណ ដែលបានដឹកនាំក្រុមតំណាងរាស្ត្រមកសួរសុខទុក្ខលោកស្រី មាស ស្រី និងលោក ព្រំ ជា នៅក្នុងគុកខេត្តស្វាយរៀង បានមានប្រសាសន៍ក្រោយពីការសួរសុខទុក្ខនោះថា ៖ «តាមដែលការចូលទៅហ្នឹងឃើញថា ខ្វះថ្នាំពេទ្យ ខ្វះសម្ភារៈសព្វគ្រប់បែបយ៉ាង ហើយគាត់ត្រូវចំណាយ គ្រាន់តែថ្លៃថ្នាំពេទ្យហ្នឹង គាត់ហុចវិក្កយបត្រមកឲ្យខ្ញុំអម្បាញ់មិញជិត ៣០០ដុល្លារ ដូច្នេះគណបក្សសមរង្ស៊ីនឹងជួយ»។
តំណាងរាស្ត្រគណបក្សប្រឆាំងសមរង្ស៊ី បានផ្ដល់ថ្នាំសង្កូវ ដូចជាថ្នាំផ្សះ ថ្នាំវីតាមីន និងលុយកាក់មួយចំនួនសម្រាប់លោក ព្រំ ជា និងលោកស្រី មាស ស្រី តាមរយៈអាជ្ញាធរឆ្មាំគុក ខេត្តស្វាយរៀង។
តំណាងរាស្ត្រគណបក្សប្រឆាំងសមរង្ស៊ីម្នាក់ទៀត គឺលោកស្រី លី ស្រីវីណា ដែលជាវេជ្ជបណ្ឌិតផងដែរនោះ បានមានប្រសាសន៍ថា ៖ «បញ្ហាដែលគាត់មានហ្នឹង គឺមានតែការឈឺពេលគាត់មានរដូវ ហើយរដូវគាត់ហ្នឹងដោយសារការលំបាកនៅក្នុងពន្ធនាគារ ពិបាកចិត្តផង ហើយអាចអាហារមិនគ្រប់គ្រាន់ ខ្វះជាតិដែកអីហ្នឹង ធ្វើឲ្យរដូវគាត់មិនទៀងទាត់ មិនមកគ្រប់គ្រាន់ដូចធម្មតា។ ប៉ុន្តែចំណែកលោក ព្រំ ជា ខ្ញុំមានការកង្វល់ច្រើនចំពោះគាត់ មិនមែនតិចទេ។ គាត់អាចមានការរលាកក្រពះ ពោះវៀនរ៉ាំរ៉ៃ អាចមានក្រួសក្នុងតម្រងនោម គាត់អាចមានក្រួសនៅក្នុងផ្លោកប្រមាត់ ឬក៏ជាការរលាកខ្លះៗនៅក្នុងហ្នឹង ដូចជាវាចេញជាសញ្ញានៅពេលដែលយើងពិនិត្យរាងកាយគាត់»។
វេជ្ជបណ្ឌិតប្រចាំនៅក្នុងគុកខេត្តស្វាយរៀង លោក ប៊ិន វ៉ន បានមានប្រសាសន៍ថា គ្រប់ទណ្ឌិតនានានៅក្នុងគុក រាប់ទាំងលោក ព្រំ ជា និងលោកស្រី មាស ស្រី បានទទួលការពិនិត្យសុខភាពរៀងរាល់មួយសប្ដាហ៍ម្ដង។
លោក ប៊ិន វ៉ន មានប្រសាសន៍ដូច្នេះ ៖ «តាមសភាពសព្វថ្ងៃគាត់ធម្មតាទេ ទាក់ទងនឹងជំងឺរបស់គាត់»។
អនុប្រធានគុកខេត្តស្វាយរៀង លោក សួស សុខូ ដែលបានអនុញ្ញាតឲ្យមានការចូលសួរសុខទុក្ខខាងលើនេះ បានមានប្រសាសន៍ថា ៖ «មិនមែនថាតែលោក ព្រំ ជា និងអ្នកស្រី មាស ស្រី ទេ ពិរុទ្ធជន ទណ្ឌិតទាំងអស់យើងមានពេទ្យតាមដាន មិនថាយប់មិនថាថ្ងៃទេ កាលណាមានអាការៈមន្ត្រីពន្ធនាគារយើងចូលពិនិត្យភ្លាម»។
ប្រជាពលរដ្ឋ ២នាក់គឺលោក ព្រំ ជា និងលោកស្រី មាស ស្រី ដែលកំពុងតែជាប់ឃុំខ្លួននៅក្នុងគុកខេត្តស្វាយរៀងនោះ ត្រូវបានតុលាការខេត្តស្វាយរៀង បានកាត់ទោសឲ្យជាប់គុកម្នាក់ៗ១ឆ្នាំ កាលពីថ្ងៃទី២៧ ខែមករា កន្លងទៅ ក្រោមបទចោទថា បានបំផ្លាញទ្រព្យសម្បត្តិសាធារណៈដោយចេតនា ក្នុងការចូលរួមដកតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម លេខ១៨៥ ជាមួយនឹងលោក សម រង្ស៊ី នៅក្នុងភូមិកោះក្បានកណ្តាល ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០០៩ កន្លងទៅ។
លោក សម រង្ស៊ី ជាមេដឹកនាំគណបក្សប្រឆាំង ត្រូវបានតុលាការខេត្តស្វាយរៀងដដែល បានកាត់ទោសកំបាំងមុខឲ្យជាប់គុក ២ឆ្នាំ ក្រោមបទបំផ្លាញទ្រព្យសម្បត្តិសាធារណៈនិងញុះញង់ឲ្យមានការរើសអើងជាតិសាសន៍។
បច្ចុប្បន្នលោក សម រង្ស៊ី កំពុងតែរងការប្ដឹងបន្ថែមទៀត ដោយរដ្ឋាភិបាលកម្ពុជា ក្រោមបទក្លែងបន្លំឯកសារសាធារណៈជុំវិញរឿងផែនទីនិងបទផ្សាយព័ត៌មានមិនពិត ប្ដឹងដោយមេធាវីរដ្ឋាភិបាលលោក គី តិច កាលពីថ្ងៃទី២៦ ខែកុម្ភៈ កន្លងទៅនេះ។ ប៉ុន្តែមេដឹកនាំគណបក្សប្រឆាំងសមរង្ស៊ី កន្លងមកបានពណ៌នាថា ការប្ដឹងនោះគឺជាហេតុផលនយោបាយ៕