ការថ្លែងបែបនេះបានធ្វើឡើងបន្ទាប់ពីលោកស្រីទទួលព័ត៌មានពីក្រុមអ្នកកាសែតថា លោកស្រីនឹងដើរចេញពីគណបក្សសមរង្ស៊ី ។
លោកស្រី មួរ សុខហួរ បានចេញសេចក្ដីថ្លែងការណ៍បដិសេធថា ការបំផុសពាក្យចចាមអារ៉ាមនេះ គឺជាចេតនាទុច្ចរិតរបស់អ្នកមានបំណងចង់បំបែកបំបាក់ និងកាត់បន្ថយប្រជាប្រិយភាពរបស់គណបក្សសមរង្ស៊ី ក្នុងខណៈដែលការបោះឆ្នោតជាតិខិតជិតមកដល់ ។
លោកស្រី មួរ សុខហួរ មានប្រសាសន៍ដូច្នេះថា ៖ «ខ្ញុំយល់ឃើញថា នេះគឺជាការលាបពណ៌ ហើយចេតនាដោយបក្សនយោបាយណាមួយ ចង់បំបែកនូវរចនាសម្ព័ន្ធរបស់គណបក្សសមរង្ស៊ី ដែលឃើញថា ខ្ញុំជាមនុស្សម្នាក់ដែលមានថាមពល ហើយជាអ្នកឥទ្ធិពលអាចទាញយកសន្លឹកឆ្នោតពីប្រជាពលរដ្ឋគណបក្សសមរង្ស៊ីបាន» ។
លោក ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី បានប្រកាសកាលពីថ្ងៃនៅពិធីចែកសញ្ញាបត្រដល់និស្សិតនៅឯវិទ្យាស្ថានជាតិអប់រំថា មានបេក្ខជនតំណាងរាស្រ្ដ គណបក្សសមរង្ស៊ី ៧រូប និងមួយរូបក្នុងមុខតំណែង បានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ។
បេក្ខជនទាំង៧រូបនោះ មានលោក មី ប៊ុនវិទ្យា លោក ប៉ាន ធុល លោក ហេង សុរិយៈ លោក ហៀង រស្មី លោក ឯម ចន្ថា និងលោក នូ សុវត្ថិ ។
លោក នូ សុវត្ថិ តំណាងរាស្រ្ដគណបក្សសមរង្ស៊ី មណ្ឌលភ្នំពេញ ដែលមកចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា បានប្រាប់វិទ្យុអាស៊ីសេរីថា លោកមិនពេញចិត្តចំពោះការដឹកនាំគណបក្សសមរង្ស៊ី ជាច្រើនចំណុច ដូចជា ការខកខានមិនបានអនុវត្តតាមពាក្យសន្យា គ្រួសារនិយម និងការរៀបចំលំដាប់លេខរៀងបេក្ខជនតំណាងរាស្រ្ដគណបក្សសមរង្ស៊ី គ្មានតម្លាភាព ។
ទោះជាយ៉ាងណាក្ដី លោក នូ សុវត្ថិ បានអះអាងថា បញ្ហានេះ គឺជារឿងនយោបាយ ៖ «ជារឿងនយោបាយ ក៏ដូចជារឿងជំនួញដែរ ធម្មតាទេវាមានរបៀបរបបទាមទារការគាំទ្រដូចគ្នាហ្នឹង ប្រមូលការគាំទ្រ វាដូចគ្នា» ។
លោក ចាន់ ចេង តំណាងរាស្រ្តគណបក្សសមរង្ស៊ី មណ្ឌលកណ្ដាលបានចោទប្រកាន់ថា ការចាកចេញនោះ គឺដោយសារការញុះញង់ និងការស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន របស់អ្នកទាំងនោះ ៖ «ខ្ញុំចង់ជម្រាបថា អ្នកខេត្តកណ្ដាលទាំង ៦នាក់ហ្នឹង គឺថា តាមពិតទៅ មិនមានអ្វី គួរឲ្យប្រជាពលរដ្ឋចាប់អារម្មណ៍ទេ ព្រោះប្រជាពលរដ្ឋអត់មានស្គាល់ទេ ហើយសកម្មជននៅក្នុងគណបក្សក៏មិនសូវស្គាល់គាត់ដែរ ព្រោះជាអ្នកដែលដើរតាមធ្វើការជាមួយនឹងមិត្តភក្ដិចាស់ៗអ៊ីចឹងទេ អ៊ីចឹងហើយគាត់មិនមានអីគួរឲ្យចាប់អារម្មណ៍ទេ» ។
លោកស្រី ជា វណ្ណាត អ្នកវិភាគនយោបាយឯករាជ្យ បានមានប្រសាសន៍ថា ការចាកចេញរបស់មន្រ្តីគណបក្សមួយ ទៅចុះចូលជាមួយគណបក្សមួយទៀត មិនមែនជារឿងប្លែកទេ ប៉ុន្តែសម្រាប់គណបក្សសមរង្ស៊ី នៅពេលនេះ គឺប្រឈមទៅនឹងបញ្ហាបច្ចេកទេស បូករួមនឹងពេលវេលានៃការបោះឆ្នោតកាន់តែខិតជិតចូលមកដល់ ។
លោកស្រីបានបន្តថា រឿងសំខាន់តើសំឡេងគាំទ្រក្រោយការបោះឆ្នោត នាថ្ងៃទី ២៧ កក្កដា ឆ្នាំ ២០០៨ នេះ មានការប្រែប្រួល ឬអត់? ៕
