បក្ស​សមរង្ស៊ី​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ​ខេត្ត​ស្វាយរៀង

គណបក្ស​សមរង្ស៊ី​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​អង្គារ ១៥ ធ្នូ​នេះ ដោយ​បដិសេធ​នូវ​ការ​ចោទ​ប្រកាន់​របស់​សមត្ថកិច្ច​ខេត្ត​ស្វាយរៀង​ថា ក្រុម​តំណាង​រាស្រ្ដ​បក្ស​សមរង្ស៊ី​និង​អ្នក​គាំទ្រ​បាន​ប្រើ​ហិង្សា​ធ្វើ​ឲ្យ​របួស​សមត្ថកិច្ច​១៥​នាក់។

អគ្គលេខាធិការដ្ឋាន​គណបក្ស​សមរង្ស៊ី នៅ​ថ្ងៃ​ទី​១៥ ធ្នូ ២០០៩​នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដើម្បី​បដិសេធ​នូវ​ការ​ចោទ​ប្រកាន់​ចំពោះ​ក្រុម​អ្នក​តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី និង​អ្នក​គាំទ្រ​ថា បាន​បង្ក​ហេតុ​និង​ធ្វើ​ការ​វាយ​ប្រហារ​ទៅ​លើ​មន្រ្តី​នគរបាល​មាន​សមត្ថកិច្ច​ក្នុង​អំឡុង​ពេល​ចុះ​ពិនិត្យ​មើល​តម្រុយ​ព្រំដែន​នៅ​ឃុំ​សំរោង ស្រុក​ចន្រ្ទា ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០០៩។

សេចក្តី​ប្រកាស​ព័ត៌មាន​បដិសេធ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​សេចក្តី​រាយ​ការណ៍​របស់​សារ​ព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​ដែល​បាន​ដក​ស្រង់​សម្តី​មន្រ្តី​នគរបាល​ខេត្ត​ស្វាយរៀង ដោយ​និយាយ​ថា នៅ​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​តម្រុយ​ព្រំដែន​នៅ​ឃុំ​សំរោង ក្រុម​អ្នក​តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី​និង​អ្នក​គាំទ្រ​បាន​ប្រើ​អំពើ​ហិង្សា​លើ​នគរបាល​មាន​សមត្ថកិច្ច​ដែល​ប្រចាំ​ការ​នៅ​ទី​នោះ ធ្វើ​ឲ្យ​របួស​ចំនួន​១៥​នាក់៕