គណបក្ស​សមរង្ស៊ី​គ្រោង​រៀបចំ​សមាជ​វិសាមញ្ញ​នៅ​ថ្ងៃ​៣១ មករា

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សមរង្ស៊ី​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា គណបក្ស​សមរង្ស៊ី​នឹង​រៀបចំ​បើក​សមាជ​វិសាមញ្ញ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៣១ ខែ​មករា​ខាង​មុខ​នេះ ដើម្បី​កំណត់​យុទ្ធសាស្ត្រ​នយោបាយ​របស់​បក្ស​សម្រាប់​ការបោះឆ្នោត​អសកល​ជ្រើលរើស​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

0:00 / 0:00

លោកស្រី កែ សុវណ្ណរតន៍ អគ្គលេខាធិការ​ស្តីទី​គណបក្ស​សមរង្ស៊ី​បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ល្ងាច​ថ្ងៃ​អង្គារ​នេះ​ថា ការធ្វើ​សមាជ​វិសាមញ្ញ​នេះ​គឺ​ដើម្បី​រៀបចំ​ពង្រឹង​គោល​នយោបាយ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​របស់​បក្ស។

លោកស្រី កែ សុវណ្ណរតន៍ បាន​មាន​ប្រសាសន៍​ថា ៖ «ដោយសារ​ថា​ឆ្នាំ​២០០៩​នេះ​នឹង​មាន​ការរៀបចំ​បោះ​ឆ្នោត​អសកល​មួយ​ដែល​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ស្រុក ខណ្ឌ។ ដោយសារ​ថា​ការបោះឆ្នោត​នេះ​អង្គ​បោះឆ្នោត​គឺ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ដែល​កំពុង​នៅ​ក្នុង​តំណែង​ជា​អ្នក​បោះ​ឆ្នោត ហើយ​ការបោះ​ឆ្នោត​នេះ​គឺ​បោះ​ឆ្នោត​ដោយ​អសកល អ៊ីចឹង​ហើយ​គណបក្ស​ក៏​សម្រេច​ធ្វើ​សមាជ​មួយ​គឺ​ជា​សមាជ​វិសាមញ្ញ»

សមាជ​វិសាមញ្ញ​នេះ​នឹង​មាន​សកម្មជន​តំណាង​គណបក្ស​ខេត្ត ក្រុង ចូលរួម​ចំនួន​ប្រមាណ​២៥០០​នាក់។

លោកស្រី កែ សុវណ្ណរតន៍ បាន​មាន​ប្រសាសន៍​ទៀត​ថា នៅ​ក្នុង​សមាជ​វិសាមញ្ញ​នោះ​គឺ​ដើម្បី​ឲ្យ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅ​ក្នុង​តំណែង​ឲ្យ​ត្រៀម​ខ្លួន​ក្នុង​ការបោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​នោះ​ដែរ។

លោកស្រី កែ សុវណ្ណរតន៍ បាន​បញ្ជាក់​ថា ៖ «សមាជ​វិសាមញ្ញ​នេះ​ក្នុង​គោលបំណង​ជួបជុំ​ជាមួយ​នឹង​សមាជិក​គណបក្ស​សមរង្ស៊ី​ដែល​ជា​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ថ្នាក់​ដឹកនាំ​គណបក្ស​សមរង្ស៊ី​ខេត្ត ក្រុង ដើម្បី​ពង្រឹង​រចនា​សម្ព័ន្ធ​គណបក្ស​ឡើង​វិញ។ ទី​២ គឺ​រៀបចំ​យុទ្ធសាស្ត្រ​របស់​គណបក្ស​ដើម្បី​ចូលរួម​ក្នុង​ការបោះ​ឆ្នោត​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​នេះ»

សូម​បញ្ជាក់​ថា គណបក្ស​សមរង្ស៊ី​បាន​បង្កើត​ឡើង​តាំងពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៥​មក ដែល​មក​ដល់​ពេល​នេះ​មាន​រយៈពេល​១៣​ឆ្នាំ​ដែល​បាន​ប្តូរ​មក​ពី​ឈ្មោះ​គណបក្ស​ជាតិ​ខ្មែរ មាន​រូប​ព្រះបាទ ជយវរ្ម័ន​ទី​៧ ជា​សញ្ញា​សម្គាល់ មក​ជា​គណបក្ស​សមរង្ស៊ី​មាន​រូប​ភ្លើង​ទាន​ជា​សញ្ញា​សម្គាល់​វិញ ហើយ​មាន​សមាជិក​គណៈ​អចិន្ត្រៃយ៍​ចំនួន​១៥​រូប មាន​សមាជិក​គណៈកម្មការ​នាយក​ចំនួន​៩៣​រូប មាន​រចនាសម្ព័ន្ធ​ថ្នាក់​ជាតិ​រហូត​ដល់​រចនា​សម្ព័ន្ធ​ដល់​ថ្នាក់​ភូមិ​ទាំង​២៤​ខេត្ត​ក្រុង រួម​ជាមួយ​នឹង​សាខា​នៅ​ក្រៅ​ប្រទេស​ផងដែរ។

គណបក្ស​សមរង្ស៊ី​មាន​សមាជិក​សភា​ព្រឹទ្ធ​សភា​ចំនួន​២​រូប សមាជិក​រដ្ឋសភា​ចំនួន​២៦​រូប និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ចំនួន​២៦៦០​រូប។

លោកស្រី កែ សុវណ្ណរតន៍ បាន​ថ្លែង​ថា ៖ «គណបក្ស​សមរង្ស៊ី​មាន​សាខា​នៅ​ក្រៅ​ប្រទេស​ទៀត មាន​ន័យ​ថា មាន​រចនាសម្ព័ន្ធ​តាំងពី​លើ​រហូត​ដល់​ក្រោម​ហើយ​មាន​សាខា​នៅ​ឯ​នាយ​សមុទ្រ។ ពី​លើ​ដល់​ក្រោម​ហ្នឹង​មាន​ន័យ​ថា តាំង​ពី​ថ្នាក់​ជាតិ ថ្នាក់​ខេត្ត ថ្នាក់​ស្រុក ថ្នាក់​ឃុំ រហូត​ដល់​ថ្នាក់​ភូមិ»

គណបក្ស​សមរង្ស៊ី​ធ្លាប់​បាន​ចូលរួម​បោះឆ្នោត​ជ្រើសរើស​សមាជិក​សភា​ជាតិ​ចំនួន​៣​លើក​រួច​មក​ហើយ និង​ចូលរួម​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ចំនួន​ពីរ​លើក៕