ប្រតិកម្មនេះបានធ្វើឡើងបន្ទាប់ពីគណៈកម្មការពីរនៃរដ្ឋសភាខ្មែរ គឺគណៈកម្មការកិច្ចការបរទេសនិងគណៈកម្មការសិទ្ធិមនុស្ស បានចេញសេចក្តីថ្លែងការណ៍រួមគ្នាថ្កោលទោសសេចក្តីថ្លែងរបស់លោកស្រី មូរ សុខហួរ អ្នកតំណាងរាស្រ្តគណបក្សសមរង្ស៊ី អំពីបញ្ហាសិទ្ធិមនុស្សនៅក្នុងសវនាការដែលរៀបចំឡើងដោយគណៈកម្មការសិទ្ធិមនុស្ស Tom Lantos នៃសហរដ្ឋអាមេរិក។
សេចក្តីថ្លែងការណ៍របស់គណៈកម្មការសភាខ្មែរបាននិយាយថា "ថ្កោលទោសចំពោះទង្វើរបស់លោកជំទាវ មូរ សុខហួរ ដែលបានធ្វើសេចក្តីថ្លែងការណ៍ធ្វើសក្ខីកម្មមិនពិតនៅក្នុងគោលបំណងបំភាន់មតិជាតិនិងអន្តរជាតិ"។
អ្នកតំណាងរាស្រ្ត យឹម សុវណ្ណ និងជាអ្នកនាំពាក្យគណបក្សសមរង្ស៊ី បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា ការពិតនៃការរំលោភសិទ្ធិមនុស្សនៅកម្ពុជា វាមិនមែនជារឿងអាថ៌កំបាំងនោះឡើយ។
លោក យឹម សុវណ្ណ បានបញ្ជាក់ថា ៖ «នៅក្នុងរដ្ឋធម្មនុញ្ញមានសមាជជាតិហើយ ឥឡូវកោះហៅសមាជជាតិ ហើយលើកបញ្ហាទាំងអស់ហ្នឹងសួរថា តើមានសិទ្ធិឬក៏អត់? ហើយប្រសិនបើប្រជាពលរដ្ឋរងគ្រោះឆ្លើយថាមានសិទ្ធិ រដ្ឋាភិបាលគួរណាស់តែទទួលការពិត ហើយធ្វើការកែទម្រង់ផ្លាស់ប្ដូរនយោបាយរបស់ខ្លួនទៅ ដើម្បីកុំឲ្យមានភាពអយុត្តិធម៌នៅក្នុងសង្គមបែបនេះ»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែកញ្ញា លោកស្រី មូរ សុខហួរ អ្នកតំណាងរាស្រ្តគណបក្សសមរង្ស៊ី បានធ្វើសវនាការជាមួយគណៈកម្មការសិទ្ធិមនុស្ស Tom Lantos នៃសភាសហរដ្ឋអាមេរិកនៅរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីពិភាក្សាអំពីបញ្ហាការរំលោភសិទ្ធិមនុស្សនិងការរំលោភសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជានាពេលបច្ចុប្បន្ន។
នៅក្នុងសវនាការនេះដែរក៏មានការចូលរួមរបស់លោកស្រី ពុង ឈីវកេក ប្រធានអង្គការការពារសិទ្ធិមនុស្ស លីកាដូ និងលោក មឿន តុលា ប្រធានកម្មវិធីពលកម្មនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍។
លោក ជាម យៀប អ្នកតំណាងរាស្រ្តមកពីគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច បានមានប្រសាសន៍ទាក់ទងនឹងសេចក្តីថ្លែងរបស់លោកស្រី មូរ សុខហួរ ដែលធ្វើឲ្យគណៈកម្មការពីរនៃរដ្ឋសភាខ្មែរគឺគណៈកម្មការកិច្ចការបរទេសនិងគណៈកម្មការសិទ្ធិមនុស្សបានចេញសេចក្តីថ្លែងការណ៍ប្រតិកម្មនោះ ថា ៖ «គាត់បានលើកឡើងអំពីលទ្ធិប្រជាធិបតេយ្យដើរថយក្រោយ ហើយទី២ថា សិទ្ធិមនុស្សក៏អ៊ីចឹងដែរ ហើយទី៣ ការដកអភ័យឯកសិទ្ធិរបស់គាត់នោះណា៎។ បើតាមការពិត អ្វីៗយើងធ្វើតាមច្បាប់»។
ទោះជាយ៉ាងណាក៏ដោយតាមការបញ្ជាក់របស់លោកស្រី មូរ សុខហួរ ចំពោះវិទ្យុអាស៊ីសេរីបានឲ្យដឹងថា រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកនឹងបញ្ជូនគណៈប្រតិភូជាន់ខ្ពស់របស់ខ្លួនទៅធ្វើទស្សនកិច្ចនៅកម្ពុជាក្នុងពេលឆាប់ៗនេះ ព្រមទាំងពិនិត្យមើលលទ្ធភាពក្នុងការភ្ជាប់លក្ខខណ្ឌនានាក្នុងជំនួយរបស់ប្រទេសមហាអំណាចមួយនេះ៕