លោក គង់ សំអុន មេធាវីគណបក្សសមរង្ស៊ី បានមានប្រសាសន៍ប្រាប់អ្នកកាសែតនៅឯក្រុមប្រឹក្សាធម្មនុញ្ញនៅថ្ងៃទី១៩ សីហានេះ ឲ្យដឹងថា ៖ «ថ្ងៃនេះ យើងមកតាមការកោះអញ្ជើញរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ហើយយើងមកបង្ហាញភស្តុតាងបន្ថែម ឬមួយក៏គេមានសំណួរអីចង់សួរយើងបន្ថែម។ អ្វីដែលយើងចង់បង្ហាញ គឺបង្ហាញថា យើងមានភស្តុតាង មានសាក្សីដើម្បីប្ដឹងនូវការបោះឆ្នោតដែលមានភាពមិនប្រក្រតីហ្នឹង។ យើងប្ដឹងជាទូទៅដោយបដិសេធលទ្ធផលបោះឆ្នោត អាហ្នឹងក្នុងគោលបំណងរបស់យើង»។
លោក សម រង្ស៊ី ដែលមានវត្តមាននៅក្រុមប្រឹក្សាធម្មនុញ្ញដែរនោះ បានមានប្រសាសន៍ឲ្យដឹងដែរថា ៖ «អ៊ីចឹងគេចង់បញ្ចប់ពេលណា ស្រេចនឹងចិត្តគេ ប៉ុន្តែខ្ញុំជឿថា គេនឹងបញ្ចប់កាន់តែឆាប់ ពីព្រោះបើអូសបន្លាយយូរ យើងប្រមូលភស្តុតាងបានកាន់តែច្រើន ពីព្រោះមួយថ្ងៃៗ មនុស្សមកតវ៉ា បានផ្ដល់ឯកសារឲ្យយើង។ ឥឡូវនេះ មានមេភូមិ ចៅសង្កាត់ ដែលបានវាយត្រា ដែលបានយកទម្រង់បែបបទ ១០-១៨ ក្លែងក្លាយ យកទៅចែកឲ្យប្រជាពលរដ្ឋ ដែលគ្មានសិទ្ធិបោះឆ្នោតទៅបោះឆ្នោត ហើយគេឲ្យលុយឲ្យអីខ្លះអ៊ីចឹងទៅ ដើម្បីបំប៉ោងចំនួនសន្លឹកឆ្នោត ដែលគណបក្សប្រជាជន គេអះអាងថា គេទទួលបាននោះ ប៉ុន្តែទទួលបានពីការបន្លំ ការលួច ភាពទុច្ចរិតមានរូបភាពច្រើនណាស់ៗ។ ដូច្នេះ យើងបញ្ជូនឯកសារមកក្រុមប្រឹក្សាធម្មនុញ្ញ ពេលណាក្រុមប្រឹក្សាធម្មនុញ្ញបដិសេធថា ភស្តុតាងហ្នឹងមិនត្រឹមត្រូវ មិនគ្រប់គ្រាន់ អ្នកដទៃទៀត គេអាចវិនិច្ឆ័យដោយខ្លួនគេថា តើភស្តុតាងហ្នឹង គួរតែយកមកពិចារណា ឬក៏បដិសេធទាំងស្រុង»។
មន្រ្តីក្រុមប្រឹក្សាធម្មនុញ្ញមួយរូប ដែលមិនបានប្រកាសអត្តសញ្ញាណ បានមានប្រសាសន៍រិះគន់ចំពោះអ្នកសារព័ត៌មានដែលបានមកស្រង់ព័ត៌មាននៅក្នុងពេលមានការប្រគល់ឯកសារភស្តុតាងឲ្យក្រុមប្រឹក្សាថា មកច្រើនពេកនៅពេលមិនមានសវនាការផងទេនោះ ៖ «គ្រាន់តែអញ្ជើញមកបំភ្លឺរឿងស្អីខ្លះៗ រួចយើងមក។ នៅក្រៅទៅ ព្រោះអានេះ យើងធ្លាប់ជួបបំភ្លឺតើ!»។
យោងតាមច្បាប់ការបោះឆ្នោតតំណាងរាស្រ្តបានកំណត់ថា នៅពេលមានការមិនឯកភាពចំពោះលទ្ធផលនៃការបោះឆ្នោត ក្រោយពេលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសលទ្ធផលបោះឆ្នោតបណ្តោះអាសន្នហើយ គណបក្សដែលមិនយល់ព្រម មានសិទ្ធិប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ ហើយក្រុមប្រឹក្សាធម្មនុញ្ញត្រូវកាត់សេចក្តីឲ្យដឹង នៅក្រោយពេលបានទទួលពាក្យបណ្ដឹងពី ១០ ទៅ ២០ថ្ងៃ យ៉ាងយូរ។
គណបក្សសមរង្ស៊ីបានដាក់ពាក្យប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ កាលពីថ្ងៃទី១៥ សីហា កន្លងទៅ ចំពោះភាពមិនប្រក្រតីផ្សេងៗ នៅក្នុងការបោះឆ្នោត៕
