គណបក្ស​សម​រង្ស៊ី​ប្ដឹង​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ពី​បញ្ហា​បោះឆ្នោត

គណបក្ស​សម​រង្ស៊ី បន្ត​ប្តឹង​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​នៅ​ថ្ងៃ​ច័ន្ទ ទី​១៨ សីហា ២០០៨ បន្ទាប់​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​និង​គណបក្ស​នរោត្តម រណឫទ្ធិ ប្រកាស​ទទួល​ស្គាល់​លទ្ធផល​ជា​បន្ត​បន្ទាប់​គ្នា​មក។

ជាមួយ​គ្នា​នេះ តាម​ដំណឹង​ក្នុង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ចុង​សប្តាហ៍​មុន គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប.) បាន​ទាមទារ​ឲ្យ​សហភាព​អឺរ៉ុប ដែល​បាន​បញ្ជូន​ក្រុម​បេសកកម្ម​ឃ្លាំ​មើល​ការបោះឆ្នោត​នោះ បញ្ជាក់​អំពី​របាយការណ៍​របស់​ខ្លួន ដែល​ថា ការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ មិន​តាម​ក្បួន​ខ្នាត​អន្តរជាតិ ហើយ​ថា មិន​សេរី មិន​យុត្តិធម៌​នោះ។

គ.ជ.ប. និយាយ​ថា បក្ស​ប្រឆាំង​ទាំងអស់​បាន​ផ្សព្វផ្សាយ​មនោគម​វិជ្ជា​និង​ការរិះគន់​របស់​គេ​ប្រកប​ដោយ​សេរី តាមរយៈ​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក​និង​វិទ្យុ​អាស៊ីសេរី។

កាលពី​ថ្ងៃ​២៩ កក្កដា ក្រុម​ឃ្លាំមើល​ការបោះឆ្នោត​ពី​សហភាព​អឺរ៉ុប ចេញ​សេចក្តី​ថ្លែងការណ៍​មាន ៩​ទំព័រ ដែល​និយាយ​ថា ការ​បោះឆ្នោត​នោះ មិន​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ៕