គណបក្ស​សមរង្ស៊ី​គាំទ្រ​ចំពោះ​ការតស៊ូ​របស់​កម្មករ

គណបក្ស​សមរង្ស៊ី​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្មី​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​សម្ដែង​ជា​ថ្មី​គាំទ្រ​ពេញ​ទំហឹង​ចំពោះ​ការតស៊ូ​របស់​កម្មករ កម្មការិនី​ខ្មែរ។

លោក សម រង្ស៊ី ប្រធាន​បក្ស​ប្រឆាំង​នោះ​បាន​បញ្ជាក់​ថា ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​នេះ គឺ​ជា​ខួប​លើក​ទី​១២៣ នៃ​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ ដែល​បាន​កើត​ឡើង​នៅ​សហរដ្ឋ​អាមេរិក​កាលពី​ជាង​១២០​ឆ្នាំ​នោះ ហើយ​ដែល​ជា​កិច្ច​ចាប់ផ្តើម​ជា​ប្រវត្តិសាស្រ្ត​សម្រាប់​ចលនា​កម្មករ​នៅ​ទូទាំង​សកលលោក។

លោក សម រង្ស៊ី បញ្ជាក់​ថា នៅ​ប្រទេស​កម្ពុជា​ក៏​ដូច្នោះ​ដែរ ថ្វីត្បិតតែ​ចលនា​កម្មករ​មាន​ប្រវត្តិ​ត្រឹមតែ​១២ ១៣​ឆ្នាំ​ក្តី ក៏​ប៉ុន្តែ​កម្លាំង​កម្មករ​បាន​ផុលផុស​យ៉ាង​ខ្លាំង ហើយ​បាន​ជំរុញ​ឲ្យ​ថៅកែ​រោងចក្រ​និង​រដ្ឋ​អំណាច​ចេះ​គោរព​សិទ្ធិ​របស់​កម្មករ​បាន​ជា​បណ្តើរៗ។ ប៉ុន្តែ​ថា ការតស៊ូ​របស់​កម្មករ​ត្រូវតែ​បន្ត​ទៀត​ពីព្រោះ​ច្បាប់​ការងារ​និង​ទម្លាប់​ការងារ​នៅ​មាន​ចន្លោះ​ប្រហោង​ច្រើន​នៅ​កម្ពុជា។

គណបក្ស​សមរង្ស៊ី​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ចាត់​វិធានការ​សមស្រប​មួយចំនួន​តាម​ក្បួន​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច​ដើម្បី​ទប់ទល់​នឹង​ផល​វិបាក​សេដ្ឋកិច្ច​ពិភពលោក​ធ្វើ​ឲ្យ​កម្មករ​រាប់​ម៉ឺន​នាក់​បាត់បង់​ការងារ។

ក្នុង​ចំណោម​វិធានការ​ទាំង​នោះ លោក សម រង្ស៊ី ស្នើ​ឲ្យ​មាន​រៀបចំ​ចេញ​ជា​កញ្ចប់​ថវិកា​ពិសេស​យ៉ាង​ច្បាស់លាស់​ចំនួន​៥០០​លាន​ដុល្លារ​បន្ថែម​លើ​អ្វី​ដែល​រដ្ឋាភិបាល​បាន​គ្រោង​ទុក​ពី​មុន​មក​ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ក្នុង​គោលបំណង​ការពារ​ការងារ​ប្រាក់​ចំណូល​និង​ជីវភាព​រស់នៅ​របស់​កម្មករ​និង​ពលរដ្ឋ​ជា​ទូទៅ៕