លោក យឹម សុវណ្ណ បានថ្លែងតាមទូរស័ព្ទប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃពុធ ទី២៩ កក្កដា ថា ក្រោយពេលប្រកាសសាលក្រមរបស់តុលាការរាជធានីភ្នំពេញ ដែលតាមគម្រោងនាថ្ងៃទី៤ សីហា នាសប្តាហ៍ខាងមុខនេះគឺរឿងក្តីនឹងត្រូវបញ្ចប់។
លោក យឹម សុវណ្ណ មានប្រសាសន៍យ៉ាងដូច្នេះថា ៖ «ខាងគណបក្សគឺសម្រេចឲ្យគាត់បញ្ចប់រឿងក្ដីហ្នឹងនៅក្នុងតុលាការ ទោះជាសេចក្ដីសម្រេចរបស់តុលាការរាជធានីភ្នំពេញនេះយ៉ាងម៉េចក៏ដោយ។ ដូចជាលោកប្រធាន សម រង្ស៊ី បានមានប្រសាសន៍អ៊ីចឹង ថា យើងនឹងមិនបន្តបណ្ដឹងនេះទៅសាលាឧទ្ធរណ៍ទេ នេះគឺជាជំហររបស់គណបក្ស»។
លោកបានមានប្រសាសន៍បន្តថា ការបញ្ចប់ក្តីនោះក៏ជាយុទ្ធសាស្រ្តរបស់គណបក្សលោកផងដែរ ដែលមិនចង់ឲ្យមានជម្លោះរ៉ាំរ៉ៃរវាងអ្នកនយោបាយទាំងពីររូបនេះ ៖ «ពីព្រោះយើងនៅមានការរវល់ខ្លាំងណាស់ ទាក់ទងនឹងការដោះស្រាយបញ្ហាដែលប្រជាពលរដ្ឋកំពុងជួបការលំបាក បញ្ហាសេដ្ឋកិច្ច បញ្ហារំលោភដីធ្លី បញ្ហារំលោភសិទ្ធិមនុស្សអីផ្សេងៗ ប្រមូលផ្ដុំនូវបញ្ញាញាណរបស់យើង ពេលវេលារបស់យើង កម្លាំងរបស់យើងដើម្បីដោះស្រាយបញ្ហាទាំងអស់ហ្នឹង»។
តុលាការក្រុងភ្នំពេញកាលពីថ្ងៃសុក្រ ទី២៤ ខែកក្កដា កន្លងទៅ បានបើកសវនាការជំនុំជម្រះសំណុំរឿងរបស់លោកស្រី មូរ សុខហួរ ជាមួយនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រោមបទរិហារកេរ្តិ៍។
សវនាការនោះ គេមិនឃើញមានវត្តមានរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នោះទេ គឺមានតែមេធាវីរបស់លោក ចំណែកខាងចុងចោទវិញ គឺមានលោកស្រី មូរ សុខហួរ តែម្នាក់ឯងគត់ ហើយគ្មានមេធាវីការពារឡើយ។ ហើយបន្ទាប់ពីមានការជជែកដេញដោលគ្នារយៈពេលប្រមាណជាងបីម៉ោងក្រោយមក ចៅក្រមជម្រះក្តី ក៏បានប្រកាសពន្យារការប្រកាសសាលក្រមរហូតដល់ថ្ងៃទី៤ ខែសីហាខាងមុខនេះ។
លោកស្រី មូរ សុខហួរ ដែលនៅពេលនេះមិនបាននិយាយទាក់ទងនឹងការបញ្ចប់រឿងក្តីជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នោះ បានមានប្រសាសន៍ថា លោកស្រីនឹងទៅកាន់តុលាការនាថ្ងៃទី៤ សីហា ខាងមុខនេះដើម្បីស្តាប់ការប្រកាសសាលក្រម។
លោកស្រី មូរ សុខហួរ ថ្លែងដូច្នេះថា ៖ «សាលក្រមហ្នឹង ខ្ញុំនឹងទៅថ្ងៃ ៤ [សីហា] ជាមួយនឹងតំណាងរាស្រ្ដនៃគណបក្សសមរង្ស៊ីទាំងអស់ទៀត ហើយនិងប្រជាពលរដ្ឋស្រ្តីនិងបុរស ដែលចង់ឃើញតុលាការមួយដែលឯករាជ្យ មិនលម្អៀង មិនមែនជាឧបករណ៍នៃគណបក្សនយោបាយណាមួយ»។
ក្រុមអ្នកច្បាប់និងមន្រ្តីឃ្លាំមើលសិទ្ធិមនុស្សបានថ្លែងថា តាមការចោទប្រកាន់របស់តុលាការមកលើលោកស្រី មូរ សុខហួរ នោះ គឺមិនមានទោសជាប់ពន្ធនាគារទេ ហើយបើសិនជាមានបំណងចង់បញ្ចប់រឿងក្ដីនេះ គឺគេអាចគ្រាន់តែមានការបង់ប្រាក់ពិន័យប៉ុណ្ណោះ ទៅតាមការអនុវត្តនៃសាលក្រមនោះ អ្វីៗនឹងបញ្ចប់ទៅតាមផ្លូវច្បាប់។
លោក យឹម សុវណ្ណ បានមានប្រសាសន៍ថា គណបក្សរបស់លោកនិងអ្នកគាំទ្រជាច្រើនក៏បានត្រៀមអំពីបញ្ហានោះដែរ ៖ «មានប្រជាពលរដ្ឋឈឺឆ្អាលច្រើនណាស់ គេនឹងរៃអង្គាសប្រាក់ស្អីៗហ្នឹងដើម្បីជួយបង់ការប្ដឹងផ្ដល់ហ្នឹង បង់ករណីហ្នឹង»។
ទោះជាយ៉ាងណាក៏ដោយ បញ្ហាដែលនៅចម្រូងចម្រាសមិនទាន់មានភាពច្បាស់លាស់នោះ គឺថា តើលោកស្រី មូរ សុខហួរ នឹងអាចទទួលនូវអភ័យឯកសិទ្ធិតំណាងរាស្រ្តតាមរបៀបណា ក្រោយពេលបញ្ចប់ក្តីនៅតុលាការនោះ ដោយហេតុថា នៅពេលនេះមានការបកស្រាយមិនទាន់ស្របគ្នាផ្នែកច្បាប់ និងផ្នែកនយោបាយរវាងគណបក្សប្រឆាំង គឺគណបក្សសមរង្ស៊ីនិងគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកំពុងកាន់អំណាចនោះ។
លោកស្រី មូរ សុខហួរ បានមានប្រសាសន៍ថា យោងទៅតាមផ្លូវច្បាប់ លោកស្រីអាចនឹងទទួលមកវិញនូវអភ័យឯកសិទ្ធិតំណាងរាស្រ្តជាស្វ័យប្រវត្តិក្រោយពេលបញ្ចប់ក្តីនៅតុលាការនោះ ៖ «ច្បាប់នេះ គឺច្បាប់នៅមាត្រាទី១៤ គឺច្បាប់និយាយអំពីលក្ខន្តិកៈនៃតំណាងរាស្រ្ដ មាត្រា១៤ គេចែងច្បាស់ណាស់ លុះត្រាតែការកាត់នេះមានជាប់ពាក់ព័ន្ធជាមួយនឹងពន្ធនាគារ ដែលត្រូវខ្ញុំចូលពន្ធនាគារ... ទើបបាត់អភ័យឯកសិទ្ធិទាំងស្រុង»។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក ជាម យៀប អ្នកតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា វាមិនមែនជាបញ្ហាងាយស្រួល ដែលអាចកើតឡើងដូច្នោះឡើយ ៖ «សូមជម្រាបអ៊ីចេះថា បើសិនជាតុលាការគេចេញសាលក្រមថា ត្រូវពិន័យគាត់ជាប្រាក់ តែប៉ុណ្ណឹងទៅ ហើយកាត់បង់ទៅ តុលាការគេយល់ឃើញថាត្រឹមត្រូវ ហើយខាងអ្នកដែលប្ដឹងក៏គេស្របទៅតាមសាលក្រមហ្នឹង គឺតុលាការត្រូវធ្វើទៅរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ដើម្បីស្នើសុំប្រគល់ជូនគាត់វិញនូវអភ័យឯកសិទ្ធិរបស់រដ្ឋសភា ហើយសភានឹងជូនទៅវិញ។ ហ្នឹងគឺថាចេញតាមណា ចូលតាមច្រកហ្នឹងវិញ»។
លោក នី ចរិយា មន្រ្តីស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្ស អាដហុក បានមានប្រសាសន៍ថា តាមដែលលោកអាចយល់បានទៅតាមគតិច្បាប់នោះ ករណីលោកស្រី មូរ សុខហួរ វាមិនជាការស្មុគស្មាញនោះឡើយ ៖ «ដូចគ្រាន់តែថាជាការសម្រាក ដើម្បីបើកផ្លូវឲ្យតុលាការធ្វើការ ប៉ុន្តែបើតុលាការធ្វើការចប់ មានន័យថា របស់ហ្នឹងត្រូវបានមកវិញដោយស្វ័យប្រវត្តិ»។
ចំណែកឯលោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានមានប្រសាសន៍នូវគំនិត ស្រដៀងគ្នានេះដែរថា ៖ «លើកលែងតែក្នុងករណីដែលតំណាងរាស្រ្ដដែលត្រូវបានថ្កោលទោសហ្នឹង មានជាប់ពន្ធនាគារ ទើបអភ័យឯកសិទ្ធិហ្នឹងត្រូវការធ្វើការបោះឆ្នោតចេញតាមច្រកណា ចូលតាមច្រកហ្នឹងវិញ»។
គួរជម្រាបថា លោកស្រី មូរ សុខហួរ អ្នកតំណាងរាស្រ្ដមកពីខាងគណបក្សសមរង្ស៊ី ត្រូវរដ្ឋសភាដកអភ័យឯកសិទ្ធិសមាជិកសភាកាលពីថ្ងៃទី២២ ខែមិថុនា កន្លងទៅ ក្រោយពីមានការស្នើសុំរបស់តុលាការទាក់ទងជាមួយពាក្យបណ្តឹងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពីបទបរិហារកេរ្តិ៍។
ការប្តឹងពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នោះ គឺក្រោយពីលោកស្រីបានធ្វើសន្និសីទកាសែតមួយកាលពីថៃ្ងទី២៣ ខែមេសាកន្លងទៅ ជាមួយនឹងអតីតមេធាវីរបស់លោកស្រី គឺលោក គង់ សំអុន អំពីគម្រោងរបស់លោកស្រីក្នុងការប្តឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រោមបទបរិហារកេរ្តិ៍លោកស្រី ចំពោះប្រសាសន៍របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានថែ្លងនៅក្នុងខេត្តកំពត កាលពីថៃ្ងទី៤ ខែមេសាកន្លងទៅ ថា មានស្រ្តីជើងខ្លាំងម្នាក់រត់ទៅឱបគេសោះ ថាគេប្រទ្បេះទ្បេវអាវ៕
