បក្ស​សមរង្ស៊ី​គ្រោង​ធ្វើ​សមាជ​នៅ​ថ្ងៃ​១១ កញ្ញា

គណបក្ស សម រង្ស៊ី គ្រោង​នឹង​ធ្វើ​សមាជ​នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១១ ដែល​មាន​សមាជិក​គណបក្ស​ចំនួន​ជិត ៣​ពាន់​នាក់​ចូល​រួម ដោយ​ផ្ដោត​លើ​យុទ្ធនាការ​បោះ​ឆ្នោត​ឃុំ សង្កាត់ និង​ការ​បោះ​ឆ្នោត​សកល​នៅ​ឆ្នាំ​២០១២ និង​ឆ្នាំ​២០១៣ ខាង​មុខ​នេះ។

0:00 / 0:00

គណបក្ស សម រង្ស៊ី នឹង​ធ្វើ​សមាជ​គណបក្ស​ត្រៀម​ខ្លួន​ស្វែង​រក​ជ័យជម្នះ​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​ដោយ​គណបក្ស​នៅ​តែ​សង្ឃឹម​ថា ប្រធាន​គណបក្ស លោក សម រង្ស៊ី នឹង​អាច​ចូល​រួម​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា។

ការ​ប្រកាស​គម្រោង​សមាជ​គណបក្ស ធ្វើ​ឡើង​បន្ទាប់​ពី​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាស​ជា​សាធារណៈ​ថា លោក សម រង្ស៊ី ត្រូវ​តែ​ជាប់​ពន្ធនាគារ​គ្រប់​ចំនួន​សិន​ទើប​អាច​ចូល​រួម​ប្រកួត​ការ​បោះ​ឆ្នោត​បាន។

តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី លោកស្រី មូរ សុខហួរ មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ពុធ ទី​៣ សីហា ថា សមាជ​គណបក្ស​ជា​ការ​ពង្រឹង​ចលនា​បក្ស​សម្រាប់​ការ​បោះ​ឆ្នោត​ដោយ​គ្មាន​លើក​បញ្ហា​លោក សម រង្ស៊ី មក​ពិភាក្សា​នោះ​ទេ។

លោក សម រង្ស៊ី បច្ចុប្បន្ន​កំពុង​ស្នាក់​នៅ​និរទេស​ខ្លួន​ទៅ​ប្រទេស​បារាំង ពី​ការ​តាម​ចាប់​របស់​សមត្ថកិច្ច​រដ្ឋាភិបាល​ភ្នំពេញ ក្រោយ​ពី​តុលាការ​បាន​កាត់​ទោស​ឲ្យ​លោក​ជាប់​ពន្ធនាគារ​ច្រើន​ជាង ១០​ឆ្នាំ ពី​បទ​រិះគន់​បង្គោល​តម្រុយ​ព្រំដែន​ខ្មែរ និង​វៀតណាម។

លោកស្រី មូរ សុខហួរ បន្ត​ថា រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​អនុញ្ញាត​ឲ្យ​មាន​វត្តមាន​លោក សម រង្ស៊ី ចូល​រួម​ការ​បោះ​ឆ្នោត ដើម្បី​ឲ្យ​ការ​ប្រកួតប្រជែង​មួយ​នេះ​មាន​ភាព​យុត្តិធម៌ ៖ «លោក​ប្រធាន សម រង្ស៊ី មាន​វត្តមាន​នៅ​ប្រទេស​កម្ពុជា​យើង ហើយ​វត្តមាន​របស់​លោក សម រង្ស៊ី ក្នុង​ពេល​បោះ​ឆ្នោត ២០១២ និង ២០១៣ ជា​ការ​ចាំបាច់​បំផុត​មិន​អាច​បដិសេធ​បាន​ទេ...»

ទោះ​បី​លោក សម រង្ស៊ី កំពុង​រស់​នៅ​និរទេស​ខ្លួន​នៅ​បរទេស​ក៏ដោយ ក៏​លោក សម រង្ស៊ី នៅ​តែ​បន្ត​ដឹកនាំ​ប្រឆាំង​គោលនយោបាយ​រដ្ឋាភិបាល​ស្ដីពី​ការ​ស្វែង​រក​ដំណោះស្រាយ​បញ្ហា​ព្រំដែន និង​បញ្ហា​លទ្ធិប្រជាធិបតេយ្យ​មួយ​ចំនួន​ទៀត។

ថ្មីៗ​នេះ​លោក សម រង្ស៊ី បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោក​ឡើង​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល ដោយ​បង្កើត​ឲ្យ​មាន​ជា​បដិវត្តន៍​ផ្កា​ឈូក។ លោក សម រង្ស៊ី ក៏​បាន​ទាមទារ​ឲ្យ​មន្ត្រី​ដឹកនាំ​រដ្ឋាភិបាល​ចុះ​ចេញ​ពី​តំណែង ដោយសារ​តែ​ការ​បរាជ័យ​ដោះស្រាយ​បញ្ហា​ព្រំដែន​ក្បែរ​ប្រាសាទ​ព្រះវិហារ។

ពី​ទីក្រុង​ប៉ារីស លោក សម រង្ស៊ី នៅ​តែ​សម្ដែង​ក្ដី​សង្ឃឹម​ថា លោក​នឹង​មាន​វត្តមាន​នៅ​កម្ពុជា សម្រាប់​ការ​បោះ​ឆ្នោត ពីព្រោះ​ស្ថានភាព​នៅ​កម្ពុជា នឹង​មាន​ការ​ផ្លាស់ប្ដូរ ៖ «ខ្ញុំ​ជឿ​ថា នឹង​មាន​ការ​ប្រែប្រួល​ពី​ហ្នឹង​ទៅ​ឆ្នាំ​២០១២ ២០១៣ វា​មាន​ពេល​វេលា​យូរ​គួរ​សម​ដែរ ហើយ​ឃើញ​មាន​ព្រឹត្តិការណ៍​ថ្មីៗ​កំពុង​តែ​កើត​នៅ​ទូទាំង​ពិភពលោក ឃើញ​របប​ផ្ដាច់ការ​ដួល​រលំ​ម្ដង​មួយៗ ដូច្នេះ​មិន​អាច​ជន​ផ្ដាច់ការ​ចង់​អះអាង​អ្វី​បាន​ស្រេច​តែ​ចិត្ត​របស់​គេ​ទេ។ ខ្ញុំ​ជឿ​ថា កម្លាំង​ប្រជារាស្ត្រ​នឹង​មាន​ការ​ផុលផុស​កាន់​តែ​ខ្លាំង​ឡើង នឹង​នាំ​មក​នូវ​ការ​ផ្លាស់​ប្ដូរ​នៅ​ប្រទេស​កម្ពុជា»

ការ​អះអាង​របស់​លោក សម រង្ស៊ី ត្រូវ​បាន​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប បាន​បដិសេធ​ថា ការ​លើក​ឡើង​នេះ​មិន​អាច​ក្លាយ​ជា​ការ​ពិត ដោយសារ​តែ​លោក សម រង្ស៊ី ត្រូវ​ប្រឈម​មុខ​ជាប់​ពន្ធនាគារ​ជា​មុន​សិន​មុន​នឹង​អាច​ឈរ​ឈ្មោះ​បោះ​ឆ្នោត​បាន។

លោក​បន្ត​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​មែន​ខ្លាច​ប្រជាប្រិយភាព​លោក សម រង្ស៊ី ក្នុង​ការ​ដណ្ដើម​អំណាច​នោះ​ទេ ហើយ​ករណី​លោក សម រង្ស៊ី ក៏​មិន​មែន​ជា​ករណី​នយោបាយ​ផង​ដែរ ៖ «បុគ្គល សម រង្ស៊ី ប្រជាប្រិយភាព​របស់​គាត់ បើ​គាត់​ចំណាប់​ណាស់​គាត់​ឈ្នះ​ឆ្នោត​ហើយ មិន​មែន​បុគ្គល​ហ្នឹង​អាច​ជាន់​កម្ពុជា​ភ្លាម ឬ​ក្រឡាប់​អី អត់»

លោក ជាម យៀប ធ្លាប់​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក សម រង្ស៊ី អាច​វិល​ត្រឡប់​មក​កម្ពុជា វិញ​បាន លុះ​ត្រា​តែ​លោក​ឈប់​រិះគន់​រដ្ឋាភិបាល។ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​ធ្លាប់​បាន​ប្រកាស​ជា​សាធារណៈ​ហើយ​ថា រដ្ឋាភិបាល​នឹង​មិន​សុំ​ការ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ​ឲ្យ​លោក សម រង្ស៊ី បើ​ទោះ​បី​ជា​លោក សម រង្ស៊ី សរសេរ​សំបុត្រ​ទៅ​លោក​ដើម្បី​សុំ​ឲ្យ​មាន​ការ​លើកលែង​ទោស។

លោក សម រង្ស៊ី ធ្លាប់​បាន​សម្ដែង​ក្ដី​សង្ឃឹម​ថា ការ​វិល​ត្រឡប់​របស់​លោក​នឹង​កើត​ឡើង​នៅ​ពេល​ដែល​កម្ពុជា មាន​បដិវត្តន៍​ផ្លាស់ប្ដូរ​រដ្ឋាភិបាល។ ក្ដី​សង្ឃឹម​របស់​លោក សម រង្ស៊ី ត្រូវ​បាន​លោក ហ៊ុន សែន ទាត់ចោល និង​គំរាម​ថា បដិវត្តន៍​បែប​ពិភព​អារ៉ាប​នឹង​មិន​អាច​កើត​មាន​ឡើង​នៅ​កម្ពុជា​នោះ​ទេ។

លោក ហ៊ុន សែន បាន​គំរាម​ថា នឹង​ប្រើប្រាស់​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បង្ក្រាប​ការ​ទាមទារ​ទម្លាក់​លោក​ចេញ​ពី​តំណែង៕