ប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង សម រង្ស៊ី លោក សុន ឆ័យ បានឲ្យវិទ្យុអាស៊ីសេរីដឹងនៅថ្ងៃអង្គារ ទី២១ ខែធ្នូថា គណបក្សលោកនឹងផ្ញើរបាយការណ៍អំពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម នៅក្នុងខេត្តកំពង់ចាម ទៅស្ថាប័នកំពូលៗរបស់ប្រទេសកម្ពុជា ដើម្បីសុំឲ្យមានការឆ្លើយពន្យល់អំពីការបាត់បង់ដីធ្លីកម្ពុជា ទៅខាងភាគីវៀតណាម នៅសប្ដាហ៍ខាងមុខនេះ។
លោក សុន ឆ័យ មានប្រសាសន៍បញ្ជាក់ឲ្យដឹងបន្ថែមដូច្នេះ ៖ «របាយការណ៍ដែលសរសេរហ្នឹងប្រហែលជាបីបួនថ្ងៃទៀត ដើម្បីឲ្យបច្ចេកទេសគេយកចំណុចដែលយើងយកបានមក GPS ទៅដាក់ក្នុងផែនទី ដូច្នេះត្រូវការមួយសប្ដាហ៍អីទៀតបានចេញជារបាយការណ៍ ហើយរបាយការណ៍យើងនឹងជូនទៅរដ្ឋាភិបាល ផ្ញើទៅរដ្ឋសភា ថ្វាយទៅព្រះមហាក្សត្រ អតីតព្រះមហាក្សត្រ ព្រឹទ្ធសភា ហើយយើងដាក់សំណួរជាផ្លូវការអំពីរឿងបាត់ភូមិបាត់អីហ្នឹង»។
លោកបន្តថា របាយការណ៍នោះធ្វើឡើងដោយមានការស្រាវជ្រាវតាមបច្ចេកទេសជាមូលដ្ឋាន និងការប្រកាសរបស់ប្រជាពលរដ្ឋនៅទីនោះ បានប្រកាសពីការបាត់បង់ដីស្រែចម្ការ ដែលផ្ទុយពីថ្នាក់ដឹកនាំកម្ពុជា ដែលតែងតែអះអាងថា មិនមានបាត់បង់ដីខាងកម្ពុជា នៅទីនោះទេ។
ជាមួយគ្នានោះដែរ អ្នកតំណាងរាស្ត្របក្សប្រឆាំង ក៏សូមឲ្យរដ្ឋាភិបាលកម្ពុជា ប្រើតួនាទីរបស់ខ្លួនជាជាតិឯករាជ្យមួយ ធ្វើការតវ៉ាជាមួយភាគីប្រទេសវៀតណាម ក្នុងការដែលកងទ័ពវៀតណាម នាំគ្នាមករំលោភលើទឹកដីកម្ពុជា ហើយថែមទាំងបានគំរាមកំហែងលើអ្នកតំណាងរាស្ត្រ ដែលតំណាងឲ្យប្រជាជាតិកម្ពុជា នៅទីនោះទៀត។
លោក សុន ឆ័យ បន្ថែម ៖ «ជាការងារមួយដែលយើងជួបផ្ទាល់ហ្នឹង យើងយល់ថា ជាភារកិច្ចរបស់រដ្ឋាភិបាលដែលតំណាងឲ្យប្រជាជាតិ បើរដ្ឋាភិបាលមិនធ្វើក្នុងការដែលយើងបង្ហាញនូវភស្តុតាងច្បាស់លាស់ អាហ្នឹងជាការងារមួយដែលប្រឈមនឹងមតិសាធារណៈ»។
កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១០ កងកម្លាំងការពារព្រំដែននៃប្រទេសវៀតណាម បានរារាំងតំណាងរាស្ត្រគណបក្ស សម រង្ស៊ី ចំនួន ១៩រូប និងមន្ត្រីមួយចំនួនទៀត ខណៈដែលអ្នកតំណាងរាស្ត្រ និងមន្ត្រីទាំងនោះប៉ុនប៉ងទៅពិនិត្យតម្រុយបង្គោលព្រំដែនលេខ១០៣ ក្នុងស្រុកមេមត់ ខេត្តកំពង់ចាម។
ការរារាំងត្រូវបានធ្វើឡើងនៅចន្លោះទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែនដូនរ័ត្ន និងតម្រុយបង្គោលព្រំដែនលេខ ១០៣ ស្ថិតក្នុងភូមិដូនរ័ត្ន ឃុំរូង ស្រុកមេមត់ អស់រយៈពេលប្រមាណ ៣០នាទី។
ប៉ុន្តែនៅក្នុងសន្និសីទប្រកាសពីលទ្ធផលនៃការដាក់ឲ្យដេញថ្លៃបោះពុម្ពផែនទីរវាងកម្ពុជា-វៀតណាម កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១០ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការព្រំដែន និងជាអនុប្រធានក្រសួងការបរទេសវៀតណាម លោក ង្វៀន ហុងថាវ (Nguyen Hong Thao) បានមានប្រសាសន៍ច្រានចោលចំពោះការចោទប្រកាន់របស់តំណាងរាស្ត្រគណបក្ស សម រង្ស៊ី ខាងលើនេះ ដោយបញ្ជាក់ថា បច្ចុប្បន្ននេះប្រទេសទាំងពីរ កម្ពុជា-វៀតណាម កំពុងតែដំណើរការបោះបង្គោលព្រំដែន ដូច្នេះនៅពេលដែលយើងមិនទាន់មានព្រំដែនផ្លូវការ យើងមិនអាចនិយាយបានថា ភាគីវៀតណាម ឈ្លានពានកម្ពុជា ឬក៏កម្ពុជា ឈ្លានពានវៀតណាមនោះ។
លោក ង្វៀន ហុងថាវ បន្តថា ៖ "ជាក់ស្តែង បច្ចុប្បន្ននេះ តំបន់ដីដែលគណៈប្រតិភូនៃភាគីកម្ពុជា បានចុះទៅនោះ គឺកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់វៀតណាម នេះបើយោងតាមសេចក្ដីសម្រេចប្រកាសព័ត៌មានរួមឆ្នាំ១៩៩៥ ដែលបានចុះហត្ថលេខារវាងនាយករដ្ឋមន្ត្រីទាំងពីរ គឺវៀតណាម និងកម្ពុជា"។
ស្របពេលគ្នានោះដែរ លោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការចម្រុះទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា បានមានប្រសាសន៍ទទួលស្គាល់ការបកស្រាយលោក ង្វៀន ហុងថាវ និងបានមានប្រសាសន៍បញ្ជាក់ប្រហាក់ប្រហែលគ្នាដែរថា តំណាងរាស្រ្តបក្សប្រឆាំងមានការយល់ច្រឡំ គឺថ្ងៃដែលកើតហេតុ ត្រង់កន្លែងដែលតំណាងរាស្ត្របានឈរនោះ គឺច្រកសុតី ហើយពីសុតីនេះទៅដល់កន្លែងបោះតម្រុយបង្គោលព្រំដែននោះ មានចម្ងាយប្រហែល ១០០ម៉ែត្រទៀត គឺជាតំបន់ដែលប្រទេសវៀតណាម ធ្លាប់គ្រប់គ្រង។
ទាក់ទិននឹងការបកស្រាយនេះ អ្នកតំណាងរាស្ត្របក្សប្រឆាំង លោក សុន ឆ័យ មានប្រសាសន៍ថា លោកមិនចង់ឆ្លងឆ្លើយនិយាយយកតែឈ្នះនោះទេ ប៉ុន្តែលោកសូមឲ្យមានការបញ្ជាក់ជាលាយលក្ខណ៍អក្សរ និងបង្ហាញនូវភស្តុតាងជាក់ស្ដែង។
ខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម មានប្រវែងប្រមាណ ១.២៧០គីឡូម៉ែត្រ ដែលគេគ្រោងបោះបង្គោលព្រំដែនទាំងអស់មានចំនួន ៣៧៥បង្គោល។ ចាប់តាំងពីឆ្នាំ២០០៦ មកដល់ចុងឆ្នាំ២០១០នេះ ភាគីទាំងពីរបានសម្រេចបោះបង្គោលព្រំដែនបានចំនួន ២០៩បង្គោលហើយ៕
